(កំពង់ស្ពឺ)៖ ដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់នាឱកាសរដូវបុណ្យភ្ជុំ ដល់ប្រជាពលរដ្ឋខ្វះខាត តារាសម្តែងស្រី ដេននី ក្វាន់ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ បាននាំយកអំណោយជាអង្ករ សម្ភារៈ និងថវិកាផ្ទាល់ខ្លួនមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋ ៧គ្រួសារ នៅទឹកដីខេត្តកំពង់ស្ពឺ។

អំណោយ និងសម្ភារៈដែលត្រូវបានតារាសម្តែង និងជាថៅកែហាងវ័យក្មេង កញ្ញា ដេននី ក្វាន់ នាំយកទៅចែកជូនប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាទាំង ៧គ្រួសារ មានទីតាំងស្ថិតនៅភូមិថ្មី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នោះរួមមានអង្ករ, មី ,ត្រីខ ,ទឹកត្រី , ទឹកស៊ីអៀវ, ទឹកដោះគោ, សារ៉ុង, ក្រម៉ា និងថវិកាមួយចំនួនទៀត។

តារាស្រីកញ្ញា ដេននី ក្វាន់ បានបង្ហាញអារម្មណ៍របស់ខ្លួនថា «ខ្ញុំពិតជារីករាយក្នុងចិត្តយ៉ាងក្រៃលែង ព្រោះតែឃើញពួកគាត់ដែលបានទទួលយកអំណោយពីនាងខ្ញុំ ទាំងភ្នែកលាយស្នាមញញឹម។ គាត់ប្រាប់ខ្ញុំថា គាត់សប្បាយចិត្តរកពាក្យថ្លែងមិនត្រូវ ព្រោះខែនេះជារដូវបុណ្យភ្ជុំបិណ្ឌ គាត់មិនមានសូម្បីបាយម្ហូប សម្រាប់ធ្វើចង្ហាន់យកទៅវត្ត ដើម្បីកាន់បិណ្ឌដូចគេឡើយ»។

កញ្ញា ដេននី ក្វាន់ បានបន្តទៀតថា «ពួកគាត់បានប្រាប់ទៀតថា តែប៉ុណ្ណេះគឺគាត់អាចមានលុយខ្លះ សម្រាប់រៀបចំបាយម្ហូបយកទៅវត្ត ដូចគេដូចឯងបានហើយ គ្រាន់តែឮពាក្យទាំងនេះ បេះដូងខ្ញុំស្ទើរតែធ្លាក់ដល់ដី ហេតុអ្វីបានជីវិតពួកគាត់ លំបាកយ៉ាងនេះ តែយ៉ាងណាខ្ញុំ ក៏បានជួយសម្រាលទុកលំបាករបស់គាត់ បានមួយគ្រាដែរទោះវាមិនច្រើន តែវាក៏ជាទឹកចិត្តរបស់ខ្ញុំ ដែលមានចំពោះពួកគាត់»។

តារាសម្តែងស្រីសាច់សម៉ដ្ឋរលោង កំពុងជោគជ័យលើមុខជំនួញកញ្ញា ដេននី ក្វាន់ បន្ថែមទៀតថា «អ្វីដែលខ្ញុំធ្វើគឺកើតចេញពីសេចក្តីអាណិត និងស្រឡាញ់ហើយក៏មិនចង់បានការតបស្នងវិញដែរ សូមត្រឹមតែខ្ញុំអាចឲ្យគាត់ទាំងនោះ មានស្នាមញញឹម គឺគ្រប់គ្រាន់ហើយ។ មួយជីវិតនេះ ខ្ញុំជឿជាក់លើការធ្វើល្អ ទោះមិនមានអ្នកមើលឃើញតែខ្លួនខ្ញុំផ្ទាល់ គឺឃើញច្បាស់ណាស់!»។

សូមបញ្ជាក់ថា នេះពុំមែនទើបជាលើកទី១នោះទេ សម្រាប់តារាសម្តែងកញ្ញា ដេននី ក្វាន់ ដែលតែងលេចមុខក្នុងសកម្មភាព មនុស្សធម៌ជួយដល់សង្គម តាមរយៈការចុះចែកអំណោយ និង សម្ភារៈជួយដល់ប្រជាពលរដ្ឋ ជួបការខ្វះខាត ចាស់ជរា និងកុមាននៅតាមសហគមន៍ នៃបណ្តាខេត្តមួយចំនួន។ ទង្វើរនេះ កញ្ញា ដេននី ក្វាន់ កំពុងទទួលបានការគាំទ្រ និងលើកសរសើរពីសំណាក់មហាជនជាច្រើនផងដែរ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់