(ភ្នំពេញ)៖ មួយរយៈចុងក្រោយមកនេះ តារាប្រុសស្រីជាច្រើនបានសម្តែងនូវការហួសចិត្ត ខណៈឃើញរូបភាព ដែលត្រូវបានគេចែករំលែកតៗគ្នា បង្ហាញពីឆ្នេរសមុទ្រដ៏មានសក្តានុពលនៅខេត្តព្រះសីហនុ ពោរពេញដោយសំរាម។ ប៉ុន្តែ គេមិនបានដឹងនោះទេថា រូបភាពទាំងនោះ ជាការពិត ឬគ្រាន់តែជារូបភាពប្រឌិត កែច្នៃដោយបច្ចេកទេសកាត់។

ទន្ទឹមគ្នា នឹងរឿងនេះកំពុងតែក្លាយជាប្រធានបទក្តៅសម្រាប់អ្នកលេងបណ្តាញសង្គមនោះ ស្រាប់តែតារាសម្តែងប្រុស លោក ជា វណ្ណរិទ្ធ បញ្ចេញមតិភ្លាមៗ ក្នុងន័យព្រួយបារម្ភ ចំពោះឆ្នេរសមុទ្រកម្ពុជានាថ្ងៃអនាគត។

ការបញ្ចេញនូវមតិព្រួយបារម្ភពីសំណាក់ តារាប្រុសមានកូនពីរក្នុងបន្ទុកនេះ ធ្វើឡើង ខណៈដែលលោកទៅដល់ខេត្តព្រះសីហនុផ្ទាល់ ហើយបានបង្ហោះសារដោយមានអត្ថន័យយ៉ាងដូច្នេះថា៖

«ពេលដែលសមុទ្រស្ងប់ស្ងាត់ មិនសូវមានមនុស្សទៅលេងដូចមុន ហាងមួយចំនួនធំត្រូវបានសេង និងជួលឱ្យថៅកែចិនបន្ត តាមឆ្នេរលែងសូវមានអ្នកអើពើក្នុងការសំអាត មាត់ឆ្នេរចាប់ផ្តើមគរសំរាមបន្តរសាត់អណ្តែតតាមទឹករាលដាលដល់ឆ្នេរផ្សេងទៀត។ ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី ថ្ងៃមុខនឹងទៅជាយ៉ាងណា?»

ការបង្ហាញទស្សនៈខាងលើពីលោក ជា វណ្ណរិទ្ធ ពេលនេះបានធ្វើឱ្យទស្សនិកជនកាន់តែព្រួយបារម្ភបន្ថែមហើយមានអ្នកខ្លះក៏បានសម្ដែងការសោកស្តាយ និងបញ្ចេញប្រតិកម្មរិះគន់មិនសំចៃមាត់ ដោយពួកគេបានអះអាងថា ខេត្តព្រះសីហនុដែលជាទីរមណីយដ្ឋានដ៏ផូរផង់របស់កម្ពុជា ត្រូវបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង បន្ទាប់ពីប្រជាជនចិនចាប់ផ្តើមចូលមករស់នៅច្រើនឡើងៗស្ទើររាលថ្ងៃ។

តែយ៉ាងណា នេះគ្រាន់តែជាការនិយាយតៗគ្នា ដោយមិនបានទៅមើលពីស្ថានភាពជាក់ស្តែងតែប៉ុណ្ណោះ ខណៈឆ្នេរសមុទ្រកម្ពុជា បច្ចុប្បន្ននៅតែមានទេសភាពស្រស់ស្អាត មានភ្ញៀវទេសចរណ៍ទៅដើរលេងកំសាន្តជាធម្មតា ដូចសព្វមួយដង។ ប្រសិនបើឆ្នេរសមុទ្រកម្ពុជា មានសំរាមដូចដែរអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលើកឡើង សួរថា តើអភិបាលខេត្ត និងអ្នកគ្រប់គ្រងកំពុងធ្វើអ្វី? ផ្ទុយទៅវិញ អ្នកគ្រប់គ្រងខេត្ត កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការថែរក្សា និងអភិវឌ្ឍឆ្នេរសមុទ្រមួយនេះកាន់តែទាក់ទាញបន្ថែមទៀត៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ