កំពង់ធំ ៖ អំពើឃាតកម្ម ដែលផ្ដើមចេញ ពីការរំលោភសេពសន្ថវៈ ហើយឈានទៅ ដល់ការសម្លាប់នារី រងគ្រោះតាំង ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ តំបន់ចំការតាសៀន ខាងត្បូងភូមិបន្ទាយចាស់ ភូមិត្នោត ជុំ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ឥឡូវនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានម្នាក់ ដែលជាអនីតិជន បន្ទាប់ពីធ្វើការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ដោយផ្អែកលើភស្ដុ តាងនិងសាក្សីមួយចំនួននោះ ។

អធិការរងនគរបាលទទួលផែនព្រំដែន របស់ស្រុកបារាយណ៍ លោកអនុសេនីយ៍ឯក ស្រី ច័ន្ទស៊ីណា បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល តាមទូរស័ព្ទឱ្យដឹងថា កម្លាំង សមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនជនសង្ស័យ ក្នុងអំពើរំលោភហើយសម្លាប់ខាងលើនេះ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវ ខណៈជនសង្ស័យ កំពុងធ្វើដំណើរ ដែលការចាប់ខ្លួននេះបានធ្វើ ឡើងក្រោយពីមានការស៊ើបអង្កេតនិងស្រាវ ជ្រាវអស់រយៈពេលជាយូរមកហើយនោះ។

លោកស្រី ច័ន្ទស៊ីណា បានបញ្ជាក់នៅក្នុង របាយការណ៍ដែលរាយការណ៍ដោយសមត្ថ កិច្ចមូលដ្ឋានថា នារីរងគ្រោះឈ្មោះឆុំ ស៊ាន់ អាយុ២៤ឆ្នាំ រស់នៅភូមិបន្ទាយ ចាស់ ឃុំត្នោត ជ្រុំ ស្រុកបារាយណ៍ ត្រូវបានអ្នកភូមិប្រទះ ឃើញដេកស្លាប់ផ្កាប់មុខ កណ្ដាលថ្លុកក្របី ដោយខ្លួនទទេ កាលពីវេលាម៉ោង១០និង៣០ នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ បន្ទាប់ ពីមានជនសង្ស័យចាប់រំលោភ រួចសម្លាប់ ចោល ខណៈដែលជនរងគ្រោះត្រូវបានក្រុម គ្រួសារនិងអ្នកភូមិបានស្វែងរកតាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ។

នៅក្នុងរបាយការណ៍ខាងលើបានបញ្ជាក់ ថា សពជនរងគ្រោះមានស្នាមរបួសជាំលើ ក ផ្នែកខាងមុខ និងលើខ្លួនប្រាណផ្សេងទៀត ដែលត្រូវឃាតកវាយសម្លាប់ មុនពេលរត់គេច ខ្លួន ។

លោកហៀង ខុម អាយុ៤៧ឆ្នាំ ឪពុក បង្កើតនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៦និង៣០នាទី គាត់បានប្រើកូន ស្រីនិងកូនប្រុសម្នាក់ទៀត ឈ្មោះឆុំ វណ្ណី អាយុ១៩ឆ្នាំ ឱ្យទៅច្រូតស្រូវ រីឯគាត់ទៅ មើលសន្ទូង ។ លុះពេលត្រឡប់មកផ្ទះវិញ មិនឃើញកូនស្រី ហើយក៏នាំ គ្នាជាមួយអ្នក ភូមិដើររកកូនស្រី ក៏ប្រទះឃើញសពដោយ ស្លាប់យ៉ាងវេទនា នៅក្នុងថ្លុកក្របី នាព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២។

លោកស៊ីម ចក់ អាយុ៣៦ឆ្នាំ បាននិយាយ ថា គាត់ត្រូវបានឪពុកនារីរងគ្រោះជួយពឹង ឱ្យដើររកកូនស្រីជាមួយប្រជាពលរដ្ឋនៅក្នុង ភូមិ៣-៤នាក់ផ្សេងទៀត ដោយចែកជាពីរ ក្រុម លុះធ្វើដំណើរដល់ចំណុចកើតហេតុក៏ ប្រទះឃើញសពនារីរងគ្រោះតែម្ដងទៅ។

ដោយឡែកលោក ឌឹម ខាន់ អាយុ៣៩ឆ្នាំ បាននិយាយថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១២ គាត់បានឃើញ យុវជន តាំង ចាន់នី អាយុ១៧ឆ្នាំ រស់នៅក្នុង ភូមិ ឃុំ កើតហេតុ ដើរចេញពីទិសខាងត្បូង ដោយស្លៀកលីអូខ្មៅ និងដៃកាន់កញ្ចប់បារី ប្រឡាក់ភក់ពេញខ្លួន ។ លុះពេលសួរនាំយុវ ជនរូបនេះ ឆ្លើយទាំងរដាក់រដុបនិងកុហក់ថា មកពីបាចត្រី ប៉ុន្ដែមិនឃើញត្រីនោះឡើយ។ ដោយឡែកអ្នកស្រីហង្ស ម៉ៅ អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ បានប្រាប់សមត្ថ កិច្ចថា នៅវេលាម៉ោង៩ជាង ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ដដែលនោះ ខណៈកំពុង រៀបចំទៅច្រូតស្រូវ អ្នកស្រីបានឃើញឈ្មោះ តាំង ចាន់នី ស្លៀកលីអូនិងប្រឡាក់សុទ្ធតែ ភក់ ហើយក៏បានសួរនាំ ប៉ុន្ដែមិនបានចាប់ អារម្មណ៍នោះ លុះព្រឹកឡើង ទើបមានការ ភ្ញាក់ផ្អើលនិងឆោឡោពីប្រជាពលរដ្ឋថា បាន ប្រទះឃើញសពនារីរងគ្រោះនៅក្នុងថ្លុកក្របី តែម្ដងទៅ ។

អធិការរងនគរបាលរូបនេះបានបន្ដថា បន្ទាប់ពីមានការអះអាងពីសាក្សីមួយចំនួន និងផ្អែកតាមវត្ថុតាង ដែលបន្សល់ទុកនៅ កន្លែងកើតហេតុ ទើបលោកបានសុំគោល ការណ៍ពីលោកស្នងការ និងមានការឯកភាព ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដកំពង់ធំ បើកការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ហើយឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ រូបនេះតែម្ដងទៅ ។

លោកស្រី ច័ន្ទស៊ីណា បានបញ្ជាក់ទៀត ថា ជនសង្ស័យតាំង ចាន់នី អាយុ១៧ឆ្នាំ រស់ នៅក្នុងភូមិកើតហេតុ មានមុខរបរមិនពិត ប្រាកដ ត្រូវបានសមត្ថកិច្ចរបស់លោកកសាង សំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាម នីតិវិធី ពីចាប់រំលោភហើយសម្លាប់៕

www.dap-news.com

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]