អាមេរិក៖ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់និងធ្លាប់បានទាញយកកម្មវីធីនេះទៅលេងផងមិនដឹង ដែលវាមានឈ្មោះថា Instagram ដែលជាកម្មវិធីបណ្តាញសង្គមដ៏ល្បីល្បាញមួយបន្ទាប់ពី FacebookInstagram មានភាពល្បីល្បាញដោយសារតែកម្មវិធីនេះអាចឲ្យមនុស្សទូទៅនៅជុំវិញពិភពលោកផុសរូបភាពផ្សេងៗតាមចំណង់ចំណូលចិត្តរបស់ពួកគេបានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត វាក៏ជាកម្មវិធីដ៏ល្អមួយសម្រាប់ឲ្យអ្នកលក់ផលិតផលអនឡាញផ្សព្វផ្សាយរបស់របរដែលពួកគេមានឲ្យទៅមនុស្សម្នាផ្សេងទៀតមើលនិងទិញវាទៅតាមតម្រូវការរបស់ពួកគេរៀងៗខ្លួន។

ប៉ុន្តែថ្មីៗនេះបើយោងតាមសារព័ត៌មានរបស់សហរដ្ឋអាមេរិកមួយដែលមានឈ្មោះថា Business Insider បានឲ្យដឹងថា "សហស្ថាបនិកពីររូបដែលបានបង្កើតកម្មវិធី Instagram នេះឡើងបានសម្រចចិត្តលាលែងពីតំណែងរបស់ពួកគេដោយសារការ មិនចុះសម្រុងគ្នារវាងអ្នកទាំងពីរជាមួយស្ថាបនិករបស់ Facebook ដែលមានលោក Mark Zuckerberg ជានាយកប្រតិបត្តិ"។

សហស្ថាបនិកពីរនាក់ដែលបង្កើត Instagram

តាមប្រភពព័ត៌មានដដែលនេះបានឲ្យដឹងថា នាយប់ថ្ងៃច័ន្ទនេះ លោក Kevin Systrom ដែលសព្វថ្ងៃលោកបានកាន់តំណែងជានាយកប្រតិបត្តិ និងលោក Mike Krieger ដែលជាមិត្តភក្តិរបស់គាត់ បានសម្រចចិត្តចាកចេញពីតំណែងរបស់ពួកគេរៀងៗខ្លួនដោយបានប្រកាសជាសាធារណៈ ពីការខ្វែងគំនិតគ្នារវាងពួកគាត់ទាំងពីរនឹងលោកMark Zuckerberg ដែលជានាយកប្រតិបត្តិការទូទៅនៃក្រុមហ៊ុនហ្វេសប៊ុកជុំវិញគោលការណ៍ក្នុងការផ្សព្វផ្យាយផលិតផលរបស់ហ្វេសប៊ុក។

គួរបញ្ជាក់ថា"លោក Krieger និង Systrom ទាំងពីរនាក់នេះបានរួមដៃគ្នាបង្កើតកម្មវិធីមួយដែលមានឈ្មោះថា Instargram ក្នុងឆ្នាំ២០១០។ ប៉ុន្តែពួកគេបានលក់កម្មវិធី ចែកចាយរូបភាពដ៏ល្បីដែលពួកគេទាំងពីរខំបង្កើតនោះឲ្យទៅក្រុមហ៊ុនយក្សហ្វេសប៊ុកក្នុងតម្លៃ១ពាន់លានដុល្លារក្នុងឆ្នាំ២០១២"។ 

គួររម្លឹកផងដែរថា នាយកប្រតិបត្តិហ្វេសប៊ុកក៏ធ្លាប់មានការខ្វែងគំនិតជាមួយលោក Jan Koum ដែលជាសហស្ថាបនិកដែលបានបង្កើតនូវកម្មវីធីឆាតមួយដ៏ពេញនិយមដែលមនុស្សម្នាស្គាល់វាថា “ Whatapp” ដែលហ្វេសប៊ុកបានសុំទិញវាពីលោក Jan Koum ក្នុងឆ្នាំ២០១៤ជាមួយនឹងតម្លៃ១៩ពាន់លានដុល្លារអាមេរិក ។ លើសពីនេះទៅទៀត បន្ទាប់ពីការមិនចុះសម្រុងគ្នាម្តងហើយម្តងទៀតរវាងអ្នកទាំងពីរក៏បណ្តាលឲ្យលោក Jan Koum ប្រកាសចុះចេញពីតំណែងនាខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះដែរ។

រីឯលោក Mark Zuckerberg ក្រោយពីទទួលដំណឹងផ្លូវការពីការលាលែងពីតំណែងរបស់លោក Krieger និងលោក Systrom ដែលធ្លាប់ជាដៃគូសហការនឹងគ្នា ក៏បានថ្លែងប្រាប់សារព័ត៌មានថា “លោក Kevin និង Mike គឺជាមេដឹកនាំដ៏អស្ចារ្យក្នុងការគ្រប់គ្រងផលិតផល និងជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់។ ខ្ញុំបានរៀនសូត្រមេរៀនជាច្រើនពីពួកគាត់ទាំងពីរ ហើយក៏បានធ្វើការជាមួយពួកគេអស់រយៈពេល៦ឆ្នាំដែរ មែនហើយខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានធ្វើការជាមួយពួកគេ។ តែជាចុងក្រោយខ្ញុំសូមជូនពរឲ្យពួកគេទាំងពីរទទួលបានក្តីសុខនៅថ្ងៃមុខ ហើយខ្ញុំនឹងទន្ទឹងរង់ចាំនូវអ្វីៗដែលថ្មីនៅថ្ងៃអនាគតដែលពួកគេគ្រោងនឹងផលិត"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]