ការគិតរបស់មនុស្សមា្នក់ៗ គឺតែងតែខុសៗគ្នាអ្នកខ្លះក៏មានគំនិតការគិតបែបផ្សេង រីឯអ្នកខ្លះទៀត ក៏មានការគិតបែបផ្សេងមួយទៀត ក៏ប៉ុន្តែការគិតទាំងនោះពេលខ្លះក៏អាចនាំឲ្យយើងទៅរកនៅភាពជោគជ័យនៅក្នុងជីវិត ឫក៏ការធ្វើអ្វីមួយបានសម្រេច តែបើការគិតនោះដែលពោរពេញដោយភាពឆេវឆាវ មិនចេះរំងាប់អារម្មណ៍ វាក៏អាចធ្វើឲ្យការគិតរបស់យើងទាំងប៉ុន្មានត្រូវធ្លាក់មកកាន់ភាពបរាជ័យ។

មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចធ្វើឲ្យយើងមានការសោកស្តាយ នៅក្នុងចិត្តមិនស្ទើរនោះទេ ដូច្នោះហើយទើបមានសារអប់រំចិត្តខ្លះៗ ដើម្បីឲ្យយើងមានការរំងាប់អារម្មណ៍ និងធ្វើឲ្យយើងមានការតាំងចិត្តឲ្យបាននឹងនរ មុននឹងសម្រេចចង់ធ្វើអ្វីមួយឲ្យបានជោគជ័យ និងមិនមានការសោកស្តាយនៅក្នុងជីវិត។

ដោយឡែក បើសិនជាយើងជាថៅកែ និងជាអ្នកគ្រប់គ្រងការងារអ្វីមួយ យើងមិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងការងារដែលយើងមាននោះទេ យើងក៏ត្រូវមានអត្តចរិតល្អសម្រាប់បុគ្កលិក ដើម្បីឲ្យពួកគេចូលចិត្តធ្វើការជាមួយពួកយើង ធ្វើដូច្នោះហើយក៏អាចឲ្យបុគ្គលិក ឬក៏អ្នកទទួលយកបទពិសោធន៍ពីយើង កាន់តែស្រលាញ់ និងពេញចិត្ត ចំពោះការបញ្ចេញសមត្ថភាពធ្វើការងារ។ 

រូបតំណាង

មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកខ្លះបានក្រឡេក និងគិតទៅមើលអ្នកដទៃ ថាហេតុបានជាម្នាក់នោះមានបានយ៉ាងដូច្នោះ តើពួកគេធ្វើបែបណា? ពួកគេយកប្តីប្រពន្ធអ្នកមាន ឫក៏យ៉ាងណា បានជាឆាប់មានបានដូច្នោះ? តែអ្វីដែលធ្វើឲ្យយើងទទួលបានភាពជោគជ័យ និងមានបាននោះ គឺមិនមែនជាកត្តាទាំងអស់នេះនោះទេ។

អ្វីដែលធ្វើឲ្យយើងមានការគិតល្អ កាន់តែជោគជ័យក្នុងជីវិត គឺដោយសារតែការគិតរបស់យើង ដែលតែងតែបង្កើតឡើងជួយដាស់អារម្មណ៍យើង ឲ្យជៀសឆ្ងាយពីការប្រព្រឹត្តការគិតមិនល្អផ្សេង ដែលជាហេតុធ្វើឲ្យយើងមានការបរាជ័យ មិនអាចដើរទៅមុខបានដូចអ្នកមានជាច្រើន។

ដូច្នោះហើយ ក៏មានវេបសាយបរទេសមួយ បានបង្រៀនមនុស្សឲ្យមានការគិត ក៏ដូចជាឲ្យមនុស្សមួយចំនួនមានការអភិវឌ្ឃន៍ ការគិតរបស់ខ្លួនឯង ឲ្យដូចទៅនឹងមហាសេដ្ឋី ដែលតែងតែទទួលបានជ័យជំនះគ្រប់ពេលបែបនេះ។

ដោយក្នុងនោះមានចំនុចគោលធំៗ ដូចជា៖

១)កុំព្យាយាមកប្រកួតប្រជែងជាមួយនឹងអ្នកដទៃ៖

ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា កាប្រកួតប្រជែងតែងតែមានការចាញ់ និងឈ្នះ ហើយសម្រាប់អ្នកឈ្នះ ក៏ទទួលបាននូវភាពរីករាយ តែចំពោះអ្នកដែលចាញ់វិញ ប្រាកដជាមានការកើតទុក្ខមិនសុខចិត្ត នៅក្នុងចិត្ត រហូតពេលខ្លះក៏បានគិតថានឹងមានការគុំគួននឹងគ្នាទៀតផង។

យ៉ាងណាមិញ ការដែលចង់ឲ្យខ្លួនមានការអភិវឌ្ឍន៍ តាមរយៈការប្រកួតប្រជែងនេះ ក៏អាចធ្វើឲ្យយើងទទួលបាននូវបទពិសោធន៍មួយសម្រាប់បន្តការងារទៅមុខដើម្បីទៅរកភាពជោគជ័យដែរ។ តែយើងត្រូវគិតថា បើសិនជាយើង បង្ខំខ្លួនឯងខ្លាំងពេកក៏មិនអាចធ្វើឲ្យយើងល្អនោះដែរ ព្រោះមនុស្សភាគច្រើនចូលចិត្តគិតថាខ្លួនឯងល្អ មិនគ្រប់គ្រាន់ ដែលធ្វើឲ្យពួកគេធ្វើអ្វីៗ ដើម្បីតែផ្គាប់ចិត្តអ្នកដទៃតែប៉ុណ្ណោះ។

ដូច្នោះហើយ មុននឹងសម្រេចចិត្តចង់ ព្យាយាមប្រកួតប្រជែងជាមួយអ្នកណាខ្លាំង ត្រូវគិតមុននឹងគូ ព្រោះថាវាក៏មិនអាចធ្វើឲ្យយើងល្អបានគ្រប់ពេលដែរ មិនត្រឹមតែប៉ុណ្ណោះ គំនិតមហាសេដ្ឋីភាគច្រើន ក៏មិនយកខ្លួនទៅប្រកួតជាមួយអ្នកផ្សេងដែរ ដោយពួកគេត្រូវរកអ្វីដែលល្អជាងនេះ សម្រាប់បង្ហាញវិញ ទើបជាការល្អ។ 

២) រក្សារនូវភាពសុច្ចរិត៖

ភាពសុច្ចរិត គឺពិតជាសំខាន់ណាស់ចំពោះមនុស្សម្នាក់ៗ ព្រោះថាការដែលយើងធ្វើល្អ និងរក្សានូវភាពស្មោះត្រង់ វាក៏អាចនាំឲ្យយើងមានការចូលចិត្ត និងគោរពស្រលាញ់ ពីអ្នកជុំវិញ ដូចដែលពាក្យសុភាសិតមួយ ដែលគេតែងលើកឡើងថា«អំពើល្អពិតមិនសាបសូន្យនោះទេ»។

មិនត្រឹមតែប៉ុណ្ណោះ ការដែលធ្វើល្អក៏ជាគំនិតរបស់មហាសេដ្ឋីភាគច្រើនបានគិត និងតែងតែអនុវត្តន៍វា ព្រោះថាវាមិនត្រឹមតែឲ្យមនុស្សជាច្រើនបានសរសើរនោះទេ ថែមទាំងធ្វើឲ្យយើងទទួលបានជោគជ័យខ្លាំង នៅក្នុងការ ធ្វើការងារអ្វីមួយ។ លើសពីនេះវាក៏អាចធ្វើឲ្យមហាជនដឹងពីគុណតម្លៃដ៏ធំធេង របស់យើងពេលដែលបានប្រព្រឹត្តអំពើល្អៗ និងទៀងត្រង់។

ដោយឡែក បើសិនជាយើងមិនបានធ្វើនូវ ការត្រង់ត្រាប់តាមចំនុចនេះនោះទេ និងយកពេលវេលាទំនេរទៅរិះគន់ ឬច្រណែនអ្នកដទៃ វាមិនត្រឹមតែធ្វើឲ្យយើងមានភាពបរាជ័យ វាក៏មិនមានប្រយោជន៍សម្រាប់ខ្លួនឯងផងដែរ។ តែបើយើងប្រព្រឹត្តនូវគំនិតសុច្ចរិត នោះវាក៏មិនអាចធ្វើឲ្យយើងទទួលបាន ភាពជោគជ័យនៅក្នុងជីវិតផងដែរ។ ដូច្នោះហើយការដែលធ្វើបែបនេះ វាមិនធ្វើឲ្យយើងខាតនោះទេ វាថែមទាំងជួយឲ្យយើងទទួលនូវការកោតសរសើរពី បណ្តាមនុស្សនៅជុំវិញខ្លួនយើងផងដែរ។ 

រូបតំណាង

៣) ចាប់យកក្តីប្រាថ្នាជាធំ បំភ្លេចចំណង់ចំនូលចិត្ត ៖

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយ ថាគ្រាន់តែជាចំណង់ចំនូលចិត្តធម្មតា និងមួយគ្រាៗ ពិតជាមិនឲ្យយើងសម្រេចនូវភាពជោគជ័យទាំងស្រុងនោះទេ តែបើសិនជាយើងមានក្តីប្រាថ្នាខ្ពស់ លើសពីការរំពឹងទុកនោះ វាពិតជាធ្វើឲ្យយើងទទួលបាននូវភាពជោគជ័យខ្លាំង នៅក្នុងកិច្ចការសំខាន់អ្វីមួយ។

ដូច្នោះហើយ ទើបមហាសេដ្ឋីជាច្រើន បានងាកមកចាប់យកក្តីប្រាថ្នាជាធំវិញ ព្រោះថាការដែលមានក្តីប្រាថ្នាខ្ពស់ធ្វើឲ្យយើង កាន់តែខិតខំប្រឹងប្រែខ្លាំងជាងមុន ពោលគឺតាំងតែពីបាតដៃទទេរ រហូតទទួលបានភាពជោគជ័យ មានកេរ្តិ៍ឈ្មោះល្អ មនុស្សជុំវិញស្គាល់ និងគោរពច្រើន។

ជាពិសេស វាក៏អាចឲ្យធ្វើឲ្យអ្នករីកចម្រើននៃការគិត ឲ្យបានកាន់តែខ្ពង់ខ្ពស់ជាងអ្នកដទៃ តែភាពជោគជ័យទាំងនេះ គឺកើតចេញពីការប្រឹងប្រែង និងតស៊ូសម្រាប់មនុស្សម្នាក់ៗ។ 

រូបតំណាង

៤) រៀនស្គាល់មនុស្ស ដែលគ្មានអ្វីៗដូចអ្នក៖

ជាការពិតណាស់ នៅក្នុងពិភពលោកយើងនេះ មានមនុស្សជាច្រើនដែលសុទ្ធតែមានវាសនាខុសៗគ្នា ដោយទាំងនោះទើបធ្វើឲ្យពួកគេខិតខំប្រឹងប្រែង រហូតទទួលបានជ័យជំនះនៅក្នុងជីវិតមួយដ៏ល្អប្រសើរ។យ៉ាងណាមិញ មហាសេដ្ឋីមិនត្រឹមតែស្វែងរក និងនិយាយជាមួយអ្នកដែលស្រដៀងនឹងពួកគេប៉ុណ្ណោះទេ។ ពួកគេបើកចំហដើម្បីកសាងទំនាក់ទំនងជាមួយមនុស្សគ្រប់ស្រទាប់នៃជីវិត និងគ្រប់វណ្ណៈ។

ទាំងនេះហើយ​ ទើបធ្វើឲ្យចរិតរបស់ពួកគេ ពិតជាទទួលបាននូវបទពិសោធន៍យល់ដឹងជាច្រើន មិនថានៅក្នុងឋានៈបែបនេះ មិនត្រឹមតែប៉ុណ្ណោះទេ បើសិនជាមានកន្លែងណាដែលមិនទាន់មានភាពល្អឥតខ្ចោះ ពួកគេក៏អាចសិក្សា និងធ្វើការស្វែងយល់បន្ថែមទៀត ទើបធ្វើឲ្យការងារ ក៏ដូចជាចរិតមហាសេដ្ឋី ភាគច្រើនតែង ទទួលបាននូវភាពជោគជ័យ។

តែបើសិនជាអ្នករើសអើង និងមិនចូលចិត្តរាប់អានអ្នកឋានៈតូចទាបនោះទេ គឺពិតជាធ្វើឲ្យអ្នកមិនស្គាល់នូវតម្លៃដ៏ល្អមួយ សម្រាប់ជីវិតនោះទេ ជាពិសេសនោះគឺអ្នកហាក់ដូចជារស់នៅ ជាមួយនឹងភពមួយតែងឯងយ៉ាងដូច្នោះ។ 

រូបតំណាង

៥)ដើរទៅជាមួយនឹងចំណងមិត្តភាព និងភាពស្មោះត្រង់៖

ប្រិយមិត្តជាច្រើនប្រាកដជាដឹងខ្លះៗ ពីដំណើរជីវិតជាប្រចាំថ្ងៃថា ការដែលស្គាល់មនុស្សឲ្យបានច្រើនគ្រាន់តែជាចំណែកមួយ ដើម្បីឲ្យយើងចេះអភិវឌ្ឍន៍ខ្លួន តែបើសិនជាយើងបានបង្ហាញនូវភាពសោ្មះត្រង់ រវាងគ្នា ចូលចិត្ត និងបង្ហាញភាពជឿជាក់ វាកាន់តែជារឿងសំខាន់មួយទៀត សម្រាប់ធ្វើឲ្យចំណងមិត្តភាពកាន់តែរលូន និងមានភាពយូរអង្វែង។

តែអ្វីដែលគួរឲ្យចងចាំនោះ គឺពាក្យថា «មនុស្សធ្វើអាជីវកម្ម ជាមួយនឹងមនុស្ស តែក្រុមហ៊ុនមិនធ្វើអាជីវកម្ម ជាមួយនឹងក្រុមហ៊ុននោះទេ » ដូច្នោះហើយទើបគឺត្រូវតែមានការទាក់ទងយ៉ាងល្អ ជាមួយនឹងអ្នកនៅជុំវិញខ្លួន ឲ្យបានច្រើនទើបជាការល្អ។

ក៏ប៉ុន្តែយើងក៏មិនភ្លេចជាមួយ នឹងភាពសោ្មះត្រង់ដែលយើងមាននោះដែរ ព្រោះថានៅពេលដែលយើងមិនបានមានភាពជឿជាក់ទៅកាន់អ្នកនៅជុំវិញនោះទេ គឺធ្វើឲ្យពួកគេមិនជឿទុកចិត្តលើយើង មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែការងារធំៗក៏ត្រូវតែខាតបង់ ដោយសារតែភាពមិនស្មោះត្រង់មួយនេះ។ 

រូបតំណាង

៦) អភិវឌ្ឍជំនាញរបស់អ្នកឲ្យដល់កម្រិតកំពូល៖ 

មនុស្សម្នាក់ៗតែងតែមានជំនាញរបស់ខ្លួនរៀងៗខ្លួន ហើយជំនាញទាំងនោះពិតជាមានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់យើង បើសិនណាជាយើងមិនមានជំនាញច្បាស់លាស់នោះទេ វាពិតជាធ្វើឲ្យយើងមិនទទួលបានភាពជោគជ័យនោះទេ ដូចដែលគេតែងតែនិយាយថា ការដើរផ្លូវខុសយ៉ាងដូច្នោះ។

បើសិនជាយើងមានជំនាញច្បាស់លាស់នោះ វាពិតជាធ្វើឲ្យខ្លួនឯង ទទួលបាននូវជ័យជំនះច្រើន តែបើសិនជាវាពិបាក យើងក៏ត្រូវចំណាយពេលយូរបន្តិចសម្រាប់គោលដល់មួយនោះ តែអ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរទាំងអស់។

តែអ្វីដែលកាន់តែសំខាន់ជាងនេះនោះគឺ ការអភិវឌ្ឍជំនាញរបស់ខ្លួន ទៅកាន់ចំនុចកំពូល នៅពេលដែលយើងបានអភិវឌ្ឍន៍ កាន់តែខ្លាំងឡើង ធ្វើឲ្យខ្លួនឯងផ្ទាល់ងាយនឹងទទួលបានភាពជោគជ័យច្រើនជាងបរាជ័យ មិនត្រឹមតែប៉ុណ្ណោះ ជំនាញរបស់អ្នក ក៏ជាប្រភពមាសប្រភពប្រាក់របស់អ្នកដែរ៕ 

៧) ចេះគ្រប់គ្រងចិត្តរបស់ខ្លួនឯង៖

មនុស្សជាច្រើនតែងតែមានចិត្តខឹង ស្រលាញ់ ស្អប់ជាច្រើន ហើយចរិតរបស់ពួកគេក៏ខុសៗគ្នា ពិបាកនឹងយល់ មិនត្រឹមតែប៉ុណ្ណោះការខឹងរបស់មនុស្សម្នាក់ពេលខ្លះ វាមិនអាចធ្វើឲ្យយើងចំណេញនោះទេ តែវាមានតែធ្វើឲ្យយើងខាត បាត់បង់ពេលវេលា និងមនុស្សល្អនៅជុំវិញខ្លួន ដោយសារតែការអន់ចិត្តនឹងគ្នា។

យ៉ាងណាមិញ បើសិនជាយើងចេះទប់អារម្មណ៍ និងចេះគ្រប់គ្រងការគិតរបស់ខ្លួនឯងនោះ វាពិតជាធ្វើឲ្យយើងសម្រេចនូវភាពជោគជ័យ មានការស្រលាញ់ច្រើន ជាពិសេសមិនទទួលបាននូវភាពមិនសប្បាយចិត្ត ឫរឿងកើតទុក្ខនៅក្នុងខ្លួននោះទេ។

គំនិតមហាសេដ្ឋី ក៏ត្រូវបានគិតគូឡើងតាមរយៈការគ្រប់គ្រងគំនិតនេះដែរ ដោយវាកើតឡើងមិនត្រឹមតែមានចរិតល្អ មានប្រាក់ហូរហៀរ ពូកែរកស៊ីតែមួយមុខនោះទេ។បើសិនជាអ្នកដឹងថា អ្នកជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វីប្លែកៗ និងតែងតែធ្វើតែចិត្ត ដូចនេះបើមានមិត្តដែល មានចរិតបែបនេះដែល អ្នកត្រូវតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបាន ទើបជាការប្រសើរ។ 

៨)ដាក់គំនាប ខ្លួនឯង៖

បើសិនជាយើងដឹងថាខ្លួនឯង មានចំនុចខ្វះខាត និងហាក់ដូចជាអាក្រក់ពិបាកនឹងកែ អ្នកគួរតែគិតគូពីរឿងនេះឲ្យបានច្បាស់ មិនចាំបាច់ឲ្យគេមកស្តីប្រដៅយើងនោះទេ ដូច្នោះយើងអាចនឹងរកវិធីសម្រាប់ខ្លួនឯង ដើម្បីបញ្ឍប់នូវទម្លាប់អាក្រក់របស់ខ្លួនឯងដែលនាំឲ្យវាមានភាពបរាជ័យនៅថ្ងៃមុន។

ជាមួយគ្នានេះដែរ ការដែលដាក់គំនាបទៅលើខ្លួនឯង គឺមិនមែនជាការធ្វើបាបខ្លួនយើងនោះទេ តែវាពិតជាល្អដើម្បីឲ្យទទួលបាននូវលទ្ធផលល្អនៅក្នុងការធ្វើអ្វីមួយ មិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្វើឲ្យយើងមានការអភិវឌ្ឍខ្លួនកាន់តែប្រសើរជាងមុនទៅទៀត។

គួរបញ្ជាក់ផងដែលថា ប៉ុន្មានចំនុចខាងលើនេះ គឺចង់ឲ្យអ្នកដែលគិតថាខ្លួនមានការខ្វះខាត នៅត្រង់ណា ចង់ធ្វើឲ្យខ្លួនកាន់តែមានភាពរីកចម្រើន ការគិតតែងតែល្អ អាចអនុវត្តន៍តាម ប៉ុន្មានចំនុចខាងលើនេះបាន វាក៏អាចអភិវឌ្ឍន៍គំនិត នៃការគិតរបស់យើង កាន់តែមានភាពរីកចម្រើនដូចមហាសេដ្ឋី និងជាអ្វីដែលបានវេបសាយបរទេសបានរៀបរាប់។

ប្រភព៖boldanddetermined & naveen earlytorise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]