(ពោធិ៍សាត់​)៖ បុរសម្នាក់បានភ្ញាក់ផ្អើល និងភ័យរន្ធត់យ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសត្វក្រពើ ដ៏ធំមួយក្បាលជាប់មងរបស់គាត់ ដែលបានដាក់យកត្រី​ក្នុងស្ទឹងមេទឹក​ ទាំងព្រឹកព្រលឹម​ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅក្នុងស្ទឹងមេទឹក​ ដែនជម្រកសត្វព្រៃភ្នំសំកុស​ ក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​។

ប្រជាពលរដ្ឋដែលបានដាក់មងយកត្រីនៅស្ទឹកមេទឹក ឈ្មោះ មឿន​ មីន​ បានថ្លែងឱ្យដឹងថា​ កាលពីល្ងាចម្សិលមិញ​ រូបគាត់បានទៅរាយមងរកត្រី​ នៅចំណុចកើតហេតុខាងលើ​ រួចក៏ទៅសម្រាកនៅផ្ទះបាត់​ លុះពេលព្រឹកឡើង ​រូបគាត់ក៏ភ្ញាក់ពីដេកទៅដោះមង​ ភ្លាមនោះ​ ក៏ប្រទះឃើញមងជាប់សត្វម៉្យាងដែលមានសភាពរើបម្រាស់ខ្លាំង​ ក៏លើកទាញឡើងប្រទះឃើញជាប់សត្វក្រពើដ៏ធំមួយក្បាល​ ទម្ងន់ប្រហែលជាង១០០គីឡូតែម្តង ភ្លាមៗនោះរូបគាត់បានរាយការណ៍ទៅសមត្ថកិច្ច​ឱ្យជួយអន្តរាគមន៍​ លើកក្រពើរមួយក្បាលនោះមក។

បុរសរូបនោះ បានឱ្យដឹងទៀតថា​ តាំងពីលោកប្រកបរបរដាក់មងរកត្រី​នៅចំណុចស្ទឹងខាងលើ​ មិនដែលបានប្រទះឃើញសត្វក្រពើនោះឡើយ​ តែធ្លាប់តែលឺតៗគ្នាថា​ ស្ទឹងមេទឹកនេះ មានធនធានជីវចម្រុះជាច្រើន​ រាប់ទាំងសត្វក្រពើ ត្រី​ កន្ធាយ...ផងដែរ។

បច្ចុប្បន្ន​សត្វក្រពើនេះ​ ត្រូវបានដឹកយកទៅរក្សាទុក​នៅទីបញ្ជាការវរការពារព្រំដែនគោកលេខ៨២៥​ រង់ចាំបញ្ជាពីថ្នាក់លើ ហើយពុំទាន់មានការសន្និដ្ឋានឱ្យដឹងនៅឡើយទេថា​ សត្វក្រពើនេះ​ ជាសត្វក្រពើធម្មជាតិ​រស់នៅក្នុងស្ទឹងនោះ​ឬក៏រួចមកពីណាទេ តែបើតាមមន្រ្តីសាលាខេត្តពោធិ៍សាត់ បានឲ្យដឹងថា ខាងដែនជម្រកបានទំនាក់ទំនងជាមួយអង្គការ Wildife Allinane ដើម្បីឲ្យមកទទួលយកនៅថ្ងៃស្អែកនេះ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]