ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដោយ មានអាការៈស្រវឹង បានបើករថយន្ដដឹកស្រី ស្នេហ៍វ័យក្មេងរបស់ខ្លួន ស្រាប់តែរេចង្កូតទៅ បុកដើមក្ងោកនៅ លើចិញ្ចើមផ្លូវសហព័ន្ធរុស្សី រួចហើយបានជ្រុលទៅបុករថយន្ដម៉ាកតូយូតា ហ៊ីលុច្សមួយគ្រឿងទៀត ដែលកំពុងចត ស្ងៀម ហើយបន្ដទៅគៀបជាប់នឹងបង្គោល ភ្លើងទៅមុខលែងរួច បណ្ដាលឱ្យរថយន្ដបង្ក រងការខូចខាត។ ប៉ុន្ដែអ្នកបើករថយន្ដនិងស្រី ស្នេហ៍ មិនរងរបួសនោះឡើយតែពួកគេទាំងពីរនាក់ មិនព្រម ចុះពីលើរថយន្ដ រហូតធ្វើឱ្យកម្លាំងនគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ស្ទូចយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ដើម្បី ចាត់ការនិងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ។

មន្ដ្រីនគរបាលចរាចរណ៍ជើងគោក បាន ថ្លែងឱ្យដឹងថា គ្រោះថ្នាក់ចរាចរដែលបណ្ដាល មកពីគ្រឿងស្រវឹងខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅមុខផ្ទះលេខអា៧៧ មហាវិថីសហព័ន្ធ រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិចិនឈ្មោះ Wang Long Cong អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងភូមិត្រញំងស្លា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បើករថយន្ដម៉ាកលុច្ស ស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2N-0859 តាមបណ្ដោយផ្លូវណតព្រីត ក្នុងទិសដៅពីត្បូងទៅជើង ។ លុះដល់ចំណុច ភ្លើងស្ដុបណតព្រីត បានបត់ស្ដាំចូលមហាវិថី សហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត លុះ បើកបានបន្ដិច ក៏រេចង្កូតទៅបុកដើមក្ងោក មួយដើមនៅលើចិញ្ចើមផ្លូវ ។

ប៉ុន្ដែដោយ មិនទាន់អស់ល្បឿន រថយន្ដបង្កបានបន្ដទៅ បុករថយន្ដម៉ាកតូយូតាហ៊ីលុច្ស ពណ៌ស ពាក់ ស្លាកលេខរដ្ឋ ២៨-២-០០២៩ ជាកម្មសិទ្ធ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់ រួចហើយរថយន្ដបង្កបានទៅកៀប ជាប់នឹងបង្គោលភ្លើង ទើបទៅមុខលែងរួច ។
មន្ដ្រីនគរបាលចរាចរណ៍ជើងគោកបាន បញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះ បានបណ្ដាល ឱ្យបាក់ដើមក្ងោកមួយដើម រថយន្ដបង្ករង ការខូចខាតធ្ងន់ធ្ងរ រថយន្ដហ៊ីលុច្សរងការខូច ខាតស្រាល រីឯបង្គោលភ្លើងរងការខូចខាត បន្ដិចបន្ដួច ។

បើតាមសមត្ថកិច្ច មូលហេតុដែលនាំឱ្យ មានគ្រោះថ្នាក់ចរាចរខាងលើនេះកើត ឡើង ព្រោះតែគ្រឿងស្រវឹង ហើយនៅពេល សមត្ថកិច្ចពិនិត្យជាតិអាកុល បុរសជនជាតិ ចិនរូបនេះ បានបង្ហាញថា មានជាតិអាកុល ក្នុងខ្លួន ០,៧៣មីលីក្រាម ក្នុងមួយលីត្រ ខ្យល់ ។

យោងតាមសេចក្ដ្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា នៅពេលបង្កគ្រោះ ថ្នាក់ចរាចរខាងលើនេះ អ្នកបើករថយន្ដនិង ស្រីកំណាន់វ័យក្មេង ដែលគេមិនស្គាល់អត្ដ សញ្ញាណ មិនព្រមចុះពីលើរថយន្ដនោះឡើយ រហូតដល់សមត្ថកិច្ចចរាចរស្ទូចរថយន្ដយក ទៅរក្សាទុកនៅការិយាល័យចរាចរ ដើម្បី ចាត់ការតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ចចរាចរណ៍ អ្នក បើករថយន្ដបង្កហេតុរូបនេះ បានសារភាព ថា មុនពេលកើតហេតុុ ខ្លួនបានបើករថយន្ដ ចេញពីក្រុមហ៊ុនទឹកបរិសុទ្ធមួយកន្លែង ស្ថិត នៅតាមបណ្ដោយផ្លូវវ៉េងស្រេង រួចហើយ បង្ហួសទៅដឹកស្រីស្នេហ៍ ដែលធ្វើការនៅហាង ខារ៉ាអូខេញូស្ដារ និងមិត្ដភក្ដិផ្សេងទៀត ហើយបន្ដទៅផឹកស៊ីនៅមាត់ទន្លេ ។
អ្នកបើករថយន្ដរូបនេះ បានបន្ដថា ក្រោយ ពីបានផឹកស៊ីរាំច្រៀងរួចហើយនោះ រូបគេ បានបើករថយន្ដជូនមិត្ដភក្ដិ ទៅម្ដុំក្រុមហ៊ុន ទឹកបរិសុទ្ធវិញ រួចក៏ដឹកស្រីស្នេហ៍ជូន ត្រឡប់ទៅផ្ទះរបស់នាង នៅម្ដុំផ្សារសំណង់ ១២ លុះមកដល់ចំណុចកើតហេតុក៏ជួបគ្រោះ ថ្នាក់ចរាចរនេះតែម្ដងទៅ។

ទាក់ទិនគ្រោះថ្នាក់ចរាចរខាងលើនេះ នាយរងការិយាល័យចរាចរណ៍ជើងគោក លោកវរសេនីយ៍ត្រី ប៉ែន ឃុន បានឱ្យដឹង តាមទូរស័ព្ទថា សមត្ថកិច្ចរបស់លោកបាននឹង កសាងសំណុំរឿងបញ្ជូនអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរខាងលើនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិ វិធី ។

ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរ ដែលកំពុងតែមានការកើនឡើង នាពេលបច្ចុប្បន្ន នេះ ជាពិសេសគ្រោះថ្នាក់ចរាចរ នៅក្នុង រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ ដែលមួយចំណែកបណ្ដាលមកពី គ្រឿងស្រវឹងនោះ  ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ផ្ដាយ៣ ជួន សុវណ្ណ បានបញ្ជា ឱ្យសមត្ថកិច្ចតាមខណ្ឌទាំង៩ រួមទាំងកម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវរឹតបន្ដឹងចំពោះការត្រួត ពិនិត្យជាតិអាកុល ហើយលោកស្នងការបានបញ្ជាយ៉ាងដាច់ខាត សមត្ថកិច្ចត្រូវបញ្ជូនជនទាំងឡាយណា ដែលហូបគ្រឿងស្រវឹង មានជាតិអាកុលខ្ពស់ ទៅកាន់តុលាការ ។

ប្រតិបត្ដិការត្រូវបានធ្វើឡើង ជាបន្ដបន្ទាប់ នៅពេលយប់ក្នុងខណ្ឌទាំង៩ ពីសំណាក់កម្លាំងនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ សហការ ជា មួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង៩ ចំពោះការត្រួតពិនិត្យជាតិអាកុលទៅលើអ្នកដំណើរ ពោល ត្រូវបង្កើនការអប់រំចំពោះពួកគាត់ ឱ្យយល់ដឹងពីអត្រាគ្រោះថ្នាក់ចរាចរ ដែលកំពុងតែកើនឡើងនាពេល បច្ចុប្បន្ននេះ និងមួយផ្នែកបណ្ដាលមកពីអ្នកបើកបរទាំងនោះ មានអាការស្រវឹង ខ្លាំង ។

ទាក់ទិននឹង ចំណាត់ការ និងបទបញ្ជាថ្មីខាងលើនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ថា លោកបានដាក់បទបញ្ជា ឱ្យអធិការនគរបាលខណ្ឌទាំង៩ និងកម្លាំង នគរបាលចរាចរណ៍ ត្រូវត្រួត ពិនិត្យជាតិអាកុល ចំពោះអ្នកដំណើរតាមផ្លូវ ដោយលោកយល់ថា គ្រោះថ្នាក់ចរាចរ ដែលបាននិងកំពុង កើនឡើងនេះ មួយផ្នែកបណ្ដាលមកពីគ្រឿងស្រវឹងតែម្ដង។

លោកស្នងការ ជួន សុវណ្ណ បានបញ្ជាក់ថា លោកក៏បានបញ្ជា ឱ្យសមត្ថកិច្ចបញ្ជូនខ្លួនជនណា ដែលមានជាតិអាកុលខ្លាំង នៅក្នុងខ្លួនទៅតុលាការផង ដែរ ដើម្បីអនុវត្ដទៅតាមច្បាប់ ក៏ដូចជាការព្រមានទៅកាន់ជនដទៃទៀត ។

សមត្ថកិច្ចជំនាញ បានឱ្យដឹងថា កម្រិតដែលត្រូវផាកពិន័យ ចំពោះជនណាដែលមានជាតិអាកុលក្នុងខ្លួន ចាប់ពី០,៤០ឡើង ទៅ ហើយច្បាប់តម្រូវឱ្យ ផាកពិន័យ ពី ២ម៉ឺន៥ពាន់រៀល ទៅ ១លានរៀល ហើយត្រូវជាប់ពន្ធនាគារ ពី ៦ថ្ងៃ ទៅ ៦ខែ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]