ទោះបីជាសម័យបច្ចុប្បន្នកំពុងជឿនលឿននិងទទួលរងឥទ្ធិលពលពីខាងក្រៅក៏ពិតមែន ក៏ទំនៀមទម្លាប់ប្រពៃណីខ្មែរបុរាណត្រូវបានគេថែរក្សាការពារកុំឱ្យបាត់បង់ផងដែរ។ ថ្ងៃនេះយើងសូមលើកយកប្រធានបទនំខ្មែរមួយចំនួនដូចជានំបត់ នំគម និងនំអន្សម ដើម្បីឱ្យកូនខ្មែរគ្រប់រូបបានយល់ដឹងនិងចូលរួមថែរក្សាទាំងអស់គ្នា។

ស្របពេលពិធីបុណ្យខែមន្តសន្តរដូវភ្ជុំបិណ្ឌខ្មែរកំពុងខិតជិតមកដល់ ក្រុមការងារគេហទំព័រ Khmerload បានចុះទៅសម្ភាសនិងសាកសួរអ៊ំៗនៅភូមិស្ដុកប្រីយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ  ដើម្បីស្វែងយល់អំពីប្រវត្តិនិងរបៀបវេចនំអន្សមខ្មែរដើម្បីជម្រាបជូនមិត្តអ្នកអានជាទីមេត្រី។ តាមដានខាងក្រោមទាំងអស់គ្នា!

នំអន្សមខ្មែរ

# ប្រវត្តិនៃនំអន្សមខ្មែរ

នំអន្សមខ្មែរគេឃើញមានប្រវត្តិយូរលង់ណាស់មកហើយ ពោលគឺអាចថាតាំងពីសម័យមហានគរមកម្ល៉េះ។ សម័យនោះកាន់ព្រហ្មញ្ញសាសនា គេយកនំអន្សមសម្រាប់តំណាងឱ្យលិង្គព្រះឥសូរ និងនំគមជាយោនីនៃព្រះនាងឧមា ដែលជាមហេសីព្រះឥសូរ ដែលទ្រង់ទាំងពីរព្រះអង្គគឺជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់របស់ប្រជានុរាស្ត្រនិងមនុស្សនាសម័យនោះ។

លុះដល់ពេលប្រទេសខ្មែរយើងងាកមកកាន់ព្រះពុទ្ធសាសនាវិញ ព្រហ្មញ្ញសាសនាក៏នៅតែបន្តដក់ជាប់ក្នុងសង្គមយើង ទើបយើងបន្តធ្វើនំអន្សមនិងនំគមជាចង្ហាន់ប្រគេនព្រះសង្ឃដោយចង់ឱ្យសាសនាទាំងពីរវេញបញ្ចូលគ្នា។

ប្រជាជនខ្មែរធ្វើការវេចនំអន្សមក្នុងពិធីបុណ្យទាន និងកម្មវិធីសាសនាធំៗមួយចំនួនដូចជា៖ ពិធីបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍ និងបុណ្យសាសនាជាច្រើនផ្សេងទៀតដែលមិនអាចចោលបាន។

# ប្រភេទនៃនំអន្សមខ្មែរ

យោងតាមវចនានុក្រមព្រះសង្ឃរាជជួនណាតបានពន្យល់ថា «អន្សម» គឺជាឈ្មោះនំមួយប្រភេទដែលធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ តាមធម្មតាភាគច្រើនគឺប្រើស្លឹកចេក មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏បានតាមចំណូលចិត្ត។ ហើយអន្សមខ្មែរយើងមានច្រើនប្រភេទដូចជា៖

- អន្សមចេក ៖ ធ្វើពីអង្ករដំណើបដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នូលនៅចំកណ្តាល។

- អន្សមជ្រូក៖ ធ្វើពីអង្ករដំណើបដូចគ្នាតែដាក់សណ្តែកលឿង ឬសណ្តែកបាយ និងសាច់ជ្រូកជាស្នូលនៅកណ្តាលវិញ។

- អន្សមដូង ៖ ដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសលាយជាមួយនឹងអង្ករដំណើបផង។

- អន្សមអាំង៖ គឺជាអន្សមដែលចម្អិនដោយការអាំង ។ល។

នំអន្សមខ្មែរ

ភាគច្រើននៅពេលបច្ចុប្បន្ននេះ ដើម្បីបង្កើនឱរសជាតិអន្សមកាន់តែឆ្ងាញ់ពិសា អ្នកភូមិស្រុកមួយចំនួនតែងប្រើប្រាស់អង្ករដំណើបលាយគ្រឿងផ្សំដូចជាអំបិលនិងស្ករបន្តិចបន្តួច ដោយលាយបន្ថែមនឹងកាកដូង ខ្ទិះដូង ឬសាច់ដូងស្រស់ ដើម្បីវេចនំអន្សមចេក និងអន្សមជ្រូក។

# របៀបវេចអន្សមខ្មែរ

ដើម្បីធ្វើការវេចអន្សម ជាដំបូងអ្វីដែលយើងត្រូវត្រៀមរួមមាន៖

- ស្លឹកចេកកាត់យកមកហាលថ្ងៃឱ្យទន់ស្រពាប់ល្មមងាយស្រួលវេច

ការកាត់ស្លឹកចេក

- អង្ករដំណើបត្រូវត្រាំឱ្យបាន ២ទៅ៣ម៉ោងទន់ល្មមសិន (ឬត្រាំទុកចោលមួយយប់) សឹមស្រង់យកមកលាយស្ករបន្តិច អំបិលបន្តិច ឬអាចបន្ថែមជាមួយនឹងកាកដូង ខ្ទិះដូង ឬសាច់ដូងបន្ថែមក៏បានតាមចំណូលចិត្ត។

អង្ករដំណើបដែលត្រាំ និងលាយគ្រឿងរួច

- សណ្តែកបាយ ឬសណ្តែកលឿងដែលបកសម្បករួចស្រេចយកមកត្រាំទឹក ១ ទៅ២ម៉ោងឱ្យទន់ល្អដូចគ្នា។

សណ្តែកដែលត្រាំទឹករួច

- សាច់ជ្រូកសុទ្ធ ឬ យកសាច់៣ជាន់ ហាន់ជាបន្ទះវែងៗល្មម ហើយលាយជាមួយស្ករ អំបិល ប៊ីចេង ខ្ទឹម.ស និងម្រេចឱ្យល្មមតាមរសជាតិដែលចូលចិត្ត។

សា់ជ្រូកសុទ្ធ ​ឬសាច់ជ្រូក៣ជាន់ដែលលាយគ្រឿងរួច

# ការវេចអន្សម

- ជាដំបូងយកស្លឹកចេកដែលហាលឱ្យទន់ល្អហើយនោះមកកាត់ជាបន្ទះទំហំធំល្មមមួយសម្រាប់វេចនំ រួចយកស្លឹកចេក៣ ឬ៤បន្ទះនោះដាក់ជាន់ផ្ទាប់លើគ្នា។

- បន្ទាប់មកយកអង្ករដំណើបប៉ាតលើស្លឹកចេកឱ្យក្រាស់ល្មម រួចដាក់សណ្តែកមួយជាន់ពីលើទៀត សឹមដាក់សាច់ជ្រូក៣ជាន់ ហើយធ្វើការវេចខ្ចប់តែម្តង។

ការវេចអន្សម
ការវេចអន្សម

- ចំពោះការវេចទៀតសោត ត្រូវតែខ្ចប់ឱ្យណែនហាប់ល្អដើម្បីការពារកុំឱ្យវារសាត់ ឬទឹកចូលពេលស្ងោរនំ ដោយជាដំបូងត្រូវចងចំណងខ្សែធ្វើពីដើមកំប្លោកស្ងួតក៏បាន ឬក៏ធាងចេកស្ងួតក៏បានឱ្យមាំចំកណ្តាលជាមុនសិន សឹមយកចំណងខ្សែធ្វើពីស្លឹកកំប្លោក ឬធាងចេកមកចងឱ្យជាប់ជា ៤កង់ជាការស្រេច។ សម្រាប់បច្ចុប្បន្នដើម្បីងាយស្រួល និងចងចំណងនំឱ្យជាប់ល្អអ្នកស្រុកមួយចំនួនប្រើខ្សែជ័រក៏មាន។

ការវេចអន្សម
ការវេចអន្សម
ការចងនំអន្សម

- សម្រាប់អន្សមចេកវិញរបៀបវេចខ្ចប់ក៏មិនខុសគ្នាប៉ុន្មានដែរ គ្រាន់តែគេប្រើប្រាស់ត្រឹមតែអង្ករដំណើបដោយកាយគ្រឿងផ្សំដូចអង្ករដំណើបវេចអន្សមជ្រូកដែរ ហើយវេចជាមួយនឹងចេកទុំតែម្តងយកតែប៉ុណ្ណោះ។

ការវេចអន្សមចេក
ការវេចអន្សមចេក

- ជាចុងក្រោយ យើងយកនំដែលវេចរួចយកទៅស្ងោរឱ្យបាន ៥ ទៅ៦ម៉ោង សម្រាប់អន្សមជ្រូក និងរយៈពេល ២ ទៅ៣ម៉ោងសម្រាប់អន្សមចេក ឬរយៈពេលនៃការស្ងោរអាចនឹងប្រែប្រួលយូរ ឬឆាប់ជាងនេះអាស្រ័យទៅតាមទំហំអន្សមដែលយើងវេចនោះ។

អន្សមដែលវេចរួច
ការស្ងោរអន្សម
អន្សមដែលឆ្អិន

នៅក្នុងនោះដែរ ដើម្បីទុកអន្សមបរិភោគបានយូរ យើងមានវិធីសាស្រ្ត២របៀប៖

- វិធីទី១៖ សម្រាប់រក្សាអន្សមកុំឱ្យខូច ឬផ្អូមក្នុងរយៈពេល ២ ទៅ៣ថ្ងៃ អ្នកអាចយកអន្សមទៅស្ងោរក្នុងទឹកឱ្យពុះម្តងទៀតទាំងចំណង។

- វិធីទី២៖ ដើម្បីរក្សាអន្សមទុកបរិភោគបានលើសពី១អាទិត្យ យើងត្រូវតែស្រាយចំណងអន្សម រួចយកទៅអាំង ឬឆ្អើរនឹងភ្លើង។

ចំណាំ៖ គួរឱ្យដឹងផងដែរ ការវេចខ្ចប់ និងការលាយគ្រឿងផ្សំនំអន្សមអាចនឹងមានភាពខុសគ្នាបន្តិចបន្តួច ទៅតាមភូមិស្រុក ឬទំនៀមទម្លាប់របស់ខេត្តក្រុងមួយចំនួន។

ការវេចអន្សម
ការវេចអន្សម

ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមតាមដានពីរបៀបនៃការវេចអន្សមដែលចុះថតផ្ទាល់ដោយក្រុមការងារខ្មែរឡូត ដូចតទៅ៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]