មនុស្សភាគច្រើនតែងយល់ឃើញថាផ្លែក្រូចថ្លុងជាផ្លែឈើល្អខ្លាំងសម្រាប់ពង្រឹងប្រព័ន្ធភាពសុំា និងជួយដល់ការសម្រកទម្ងន់។  តែលោកអ្នកដឹងទេថា ផ្លែឈើមួយប្រភេទនេះជាឱសថធម្មជាតិប្រឆាំងនឹងការឡើងសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព។

បញ្ហាលើសឈាមបានក្លាយជាទុក្ខកង្វល់យ៉ាងខ្លាំងសម្រាប់ប្រជាជនខ្មែរ ដែលចាប់ផ្តើមឈានចូលដល់វ័យកណ្តាល។  របបអាហារនិងរបៀបរបបរស់នៅសុទ្ធតែជាកត្តាចំបងចូលរួមចំណែកបង្កអាការលើសឈាម ដែលជាជំងឺមួយប្រភេទអាចប៉ះពាល់ទៅដល់សុខភាពប្រព័ន្ធរបត់ឈាមយើងយ៉ាងខ្លាំង ហើយនឹងមាននូវឥទ្ធិពលអវិជ្ជមានចំពោះសរីរាង្គផ្សេងៗទៀតផង។

បើទោះបីជាបច្ចុប្បន្នមានថ្នាំប្រើប្រាស់សម្រាប់ព្យាបាលនូវអាការលើសឈាមនេះក៏ដោយ ការជ្រើសរើសរកវិធីសាស្ត្រការពារប្រសើរជាងព្យាបាលទើបជាការកាន់តែប្រសើរ។

ដូច្នេះខាងក្រោមជាអត្ថប្រយោជន៍មួយចំនួនសម្រាប់ប្រព័ន្ធរបត់ឈាមដែលទទួលបានពីការហូបផ្លែក្រូចថ្លុង៖

១. រក្សាសម្ពាធឈាម

ផ្លែក្រូចថ្លុងមិនត្រឹមជាប្រភពនៃវីតាមីនC ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ប្រព័ន្ធភាពសុំាទេ វាក៏សំបូរទៅដោយសារធាតុប៉ូតាស្យូម ដែលត្រូវបានគេសិក្សាឃើញថាជាសារធាតុរ៉ែមួយប្រភេទចូលរួមចំណែកយ៉ាងចំបងក្នុងការរក្សាសម្ពាធឈាមដែលលើសឲ្យមកធម្មតាវិញ។ កត្តានេះនឹងជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍ជំងឺលើសឈាម។

ផ្លែក្រូចថ្លុង

២. សម្រួលដល់លំហូរនៃចរន្តឈាម

ក្រូចថ្លុង ជាផ្លែឈើដ៏ល្អបំផុតក្នុងការរក្សាលំនឹងសារធាតុកូលេស្តេរ៉ុលមិនល្អ ដែលមាននៅតាមបណ្តោយជញ្ជាំងសរសៃឈាម និងជាកត្តាចំបងបង្កជំងឺបេះដូង។ ដូច្នេះ បរិមាណកូលេស្តេរ៉ុលក្នុងកម្រិតមួយធម្មតានឹងជួយឲ្យលំហូរនៃចរន្តឈាមមានភាពរលូន  ងាយស្រួល  និងមិនប៉ះពាល់ទៅដល់កម្រិតសម្ពាធឈាមឡើយ។

ផ្លែក្រូចថ្លុង

៣. ប្រភពនៃសារធាតុសរសៃដ៏សំខាន់

ក្រូចថ្លុងក៏ជាប្រភពនៃសារធាតុសរសៃ ដែលរាងកាយយើងត្រូវការជាប្រចាំនិងពុំអាចខ្វះបានដែរ ព្រោះវាមិនត្រឹមជាភ្នាក់ងារដ៏សំខាន់ក្នុងការជួយដំណើរការរបស់ប្រព័ន្ធរំលាយអាហារនោះទេ វាជំនួយសុខភាពនៃសរីរាង្គបេះដូងទៀតផង។ កត្តាទាំងពីរនេះ សុទ្ធតែចូលរួមចំណែករក្សាសម្ពាធឈាម និងកម្រិតកូលេស្តេរ៉ុលក្នុងចរន្តឈាម។

ផ្លែក្រូចថ្លុង

សន្និដ្ឋាន៖

ការទទួលទានផ្លែក្រូចថ្លុង ២ទៅ៣ដងក្នុងមួយសប្តាហ៍ នឹងជួយពង្រឹងសុខភាពបេះដូងរបស់លោកអ្នក បង្ការពីជំងឺគ្រោះថ្នាក់មួយចំនួនដូចជាជំងឺគាំងបេះដូង ឬ ជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ទាំងអស់នេះ ក៏ដោយសារអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែក្រុចថ្លុងក្នុងការកាត់បន្ថយសារធាតុកូលេស្តេរ៉ុលក្នុងឈាម និងរក្សាសម្ពាធឈាម៕

ផ្លែក្រូចថ្លុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]