ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរា​ចរណ៍​​ដ៏​រន្ធត់​មួយ​កើតឡើង ខណៈ​តា​យាយ​ចំណាស់​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​កើតហេតុ ដោយសារ​រថយន្ត​បុក​ពីក្រោយ​ពេល​កំពុង​ជិះ​ម៉ូតូ តែ​ចៅស្រី​អាយុ​៨​ខែ​រួច​ផុត​ជីវិត​នៅ​ដេក​ឱប​សព​ជីដូន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ លើ​ដងផ្លូវ​ជាតិ​លេខ​258D ស្ថិត​ក្នុងភូមិ​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សៀ​ក សេ ភេទ​ប្រុស អាយុ​57​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ចៀប ឡេ​ង អាយុ​65​ឆ្នាំ ចំណែក​ចៅស្រី​ដែល​រួច​ជីវិត​ឈ្មោះ ម៉ី​លី ឌៀ អាយុ​8​ខែ​។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​អ្នកស្រុក​និយាយ​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះជា​ប្តី​បាន​បើក​ម៉ូតូ​ម៉ាក​សង់​សេ​125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2003 ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 1H.3170 ដឹក​ប្រពន្ធ និង​​ចៅ​គ្រោង​ទៅ​រក​ទិញ​ថ្នាំពេទ្យ​នៅ​ផ្សារ​អូរ​បី​ជាន់ ឲ្យ​ចៅ​លេប ប៉ុន្តែ​ជា​អកុសល​ជិះ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​មួយ​គ្រឿង​បើក​ស្រប​ទិស​ពី​ត្បូង​ទៅ​ជើង​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​តា និង​យាយ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​យាយ​ដាច់​ជា​២​កំណាត់​។

ហើយ​អ្វី​ដែល​គួរ​ឲ្យ​ស​ង្វែ​គ​ទៀត​នោះ​អ្នកស្រុក​ថា ឃើញ​ក្មេង​ស្រី​ជា​ចៅ​បាន​ដេក​ឱប​លើ​ទ្រូង​ជីដូន​ដែល​ស្លាប់ ប៉ុន្តែ​សំណាងល្អ ចៅស្រី​ដ៏​កំសត់​នោះ​មិន​បាន​រង​របួសធ្ងន់​នោះ​ទេ ត្រឹមតែ​រង​របួស​ជើង​តិចតួច​ប៉ុណ្ណោះ​។

ក្រោយ​កើតហេតុ​រថយន្ត​បង្ក​នោះ​បើករ​ត់ទៅ​ទិស​ខាងជើង​ដល់​ចំណុច​ភូមិ​ចំកា​គរ ឃុំ​ស្វាយចេក ទើប​ចត​រថយន្ត​ចោល រួច​គេចខ្លួន​បាត់ តែ​ត្រូវ​សមត្ថកិច្ច​តាម​រក​ឃើញ និង​កំពុង​នាំ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ ដើម្បី​បន្ត​នីតិវិធី​។​ចំណែក​សព​ជន​រង​គ្រោះ​ទាំង​២​ត្រូវ​សាច់ញាតិ​នាំ​យក​ទៅ​តម្កល់​នៅ​វត្ត​សាមគ្គី​វ័ន្ត ហៅ​ស្នួល​ត្រេ​ត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]