យោងតាមការបញ្ជាក់របស់លោក ព្រាប សុវត្ថិ នៅមុនចេញដំណើរកាលពីយប់ថ្ងៃទី២២ កញ្ញា  បានបញ្ជាក់ថា គម្រោងដែលលោកបានចេញទៅកាន់ប្រទេសកូរ៉េ គឺមិនមែនគ្រាន់តែទៅដើម្បីសម្ដែងលើឆាកឱ្យបងប្អូនខ្មែរបានសប្បាយប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺលោកនឹងទៅឧទ្ទេសនាមពីទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពលករខ្មែរនៅទីនោះ។ យ៉ាងណាមិញ លោកថាខ្លួនមិនខ្វល់រឿងបានផល ឬទាក់ទាញការចាប់អារម្មណ៍ពីពលករខ្មែរនៅទីនោះប៉ុន្មាននោះទេ ដោយលោកបង្ហើបថាខ្លួនគ្រាន់តែឧទេ្ទសនាម ប៉ុន្តែបើគ្មានការចាប់អារម្មណ៍ក៏មិនថ្វី។

ទិដ្ឋភាពមុនចេញដំណើរទៅកូរ៉េ

លោកព្រាប សុវត្ថិ និយាយថា លោកចាកចេញទៅកាន់ប្រទេសកូរ៉េ ជាលើកដំបូងនេះ មិនមែនគ្រាន់តែទៅសម្ដែងការប្រគំតន្ត្រីនៅអំឡុងរដូវក្ដៅនៅក្នុងប្រទេសនោះ នៅក្រុងស៊េអូល និងក្រុងក្វាងជូ នៅថ្ងៃទី២៤ និង២៥ កញ្ញានេះប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺលោកនឹងដើរតួយ៉ាងសំខាន់ជាមួយដៃគូគឺលោក ឡេង ណាវ៉ាត្រា ធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍ក្នុងការទិញដីទុកចំណេញ ដើម្បីអោយពលករខ្មែរធ្វើការនៅទីនោះ មានទ្រព្យប្រចាំខ្លួនក្រោយពេលត្រលប់មកវិញ។ លោកថាបងប្អូនខ្មែរភាគច្រើនដែលបម្រើនៅទីនោះមួយចំនួន ចង់យកប្រាក់ដែលខ្លួនសន្សំបានទុកធ្វើអ្វីមួយដើម្បីជាផលប្រយោជន៍ទៅថ្ងៃក្រោយណាស់ ប៉ុន្តែអាចថាមិនទុកចិត្តសាច់ញាតិ ឬមិនទុកចិត្តគម្រោងលក់ដីផ្សេងៗ ទើបមិនហ៊ានបោះទុន។ អ៊ីចឹងហើយទើបលោកយល់ថាបើលោកក្នុងនាមតារាចម្រៀង ដែលមានគម្រោងលក់ដីស្រាប់ទៅផ្សព្វផ្សាយ គឺអាចនឹងធ្វើអោយមានទំនុកចិត្តខ្ពស់ ហើយក៏មានន័យថាបានជួយអោយបងប្អូនពលករខ្មែរនៅទីនោះ បានទិញដីទុកជាប្រយោជន៍ក្រោយពេលត្រលប់មកវិញផងដែរ។ លោកថាខ្លួនគឺជាតារាម្នាក់ មិនលក់ឈ្មោះ មិនលក់តម្លៃព្រោះតែលក់ដីមិនប្រាកដប្រជានោះទេ ដោយលោករំពឹងថានឹងអាចមានពលករខ្មែរច្រើន ហ៊ានបោះទុនទិញលើគម្រោងរបស់លោក និងលោក ឡេង ណាវ៉ាត្រា ដោយសារតែការវិនិយោគលើគម្រោងដីឡូតិ៍ គឺមិនភ័យរឿងខាត ហើយក៏មិនភ័យរឿងបាត់លុយដុំ នៅពេលចង់លក់។ យ៉ាងណាមិញ លោកថា បើលោកពន្យល់ពីការវិនិយោគលើគម្រោងដីធ្លីនៅក្នុងប្រទេសកម្ពុជាសព្វគ្រប់អស់ហើយ នៅតែមានបងប្អូនជាពលកររស់នៅទីនោះ មិនចាប់អារម្មណ៍ ក៏លោកអត់មានបញ្ហានោះដែរ ដោយសារតែគម្រោងដីឡូតិ៍របស់លោក ក៏មានសន្ទុះគ្រប់គ្រាន់ចាប់តាំងពីបានបើកលក់នៅម្ដុំផ្សារព្រៃទទឹង នៅតាមផ្លូវជាតិលេខ៣។ លោកបានទាំំងយល់ថាការផ្សព្វផ្សាយពីបញ្ហាដីធ្លីរបស់ខ្លួន គឺជារួមចំណែកជួយអោយក្រុមពលករកូរ៉េនឹងមានជីវភាពប្រសើរឡើង ក្រោយពេលបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េនោះផង។

លោកព្រាប សុវត្ថិ និងដៃគូ

បន្ថែមពីគម្រោងផ្សព្វផ្សាយពីបញ្ហាដីធ្លី លោកព្រាប សុវត្ថិ ក៏ប្រកាសសម្ដែងជាមួយកូនប្រុសទាំង៣ នៅក្នុងប្រទេសកូរ៉េ ដោយគ្រោងនឹងច្រើនទាំងបទល្បីពីជំនាន់ដើម និងបទសម័យពីរោះៗអោយកក្រើកផងដែរ ដោយសារតែការចេញសម្ដែងលើកនេះ គឺលោកបាននាំក្រុមរាំរហូតដល់៧នាក់ ទៅរាំអម ដែលធ្វើអោយការសម្ដែងរបស់លោកពិតជាមានការចាប់អារម្មណ៍។ លោកថាខ្លួននឹងច្រើនបទ ហើយអាចសម្ដែងជាមួយកូនប្រុសច្រើនបទ ប៉ុន្តែត្រង់ថាការសម្ដែងនោះនឹងកំណត់ប៉ុន្មានបទគឺអាស្រ័យលើភាពជាក់ស្ដែង។

លោក ឡេង ណាវ៉ាត្រា ដែលជាអ្នកធានាចេញ និងជាបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីធំមួយនេះ រំពឹងយ៉ាងខ្លាំងថាវត្តមានលោកព្រាប សុវត្ថិ និងកូនប្រុស ព្រមទាំងតារាចម្រៀង តារាកំប្លែង និងពិធីករល្បីៗដែលបានរួមដំណើរ នឹងធ្វើអោយកក្រើកនៅក្នុងប្រទេសកូរ៉េ ខណៈដែលគម្រោងធ្វើបទឧទ្ទេសនាមរបស់លោកជុំវិញបញ្ហាដីធ្លី ក៏មានលោកព្រាប សុវត្ថិ ដែលមានបទពិសោធន៍លើជំនួញនេះ ក៏ចូលរួមធ្វើបទឧទ្ទេសនាមជាមួយដែរ៕

កូនទាំងបីរបស់លោក ព្រាប សុវត្ថិ
លោក ឡេង ណាវ៉ាត្រា
លោកប៉ែន ចំរ៉ុង និងកញ្ញា រ៉ាប៊ី
ទិដ្ឋភាពមុនចេញដំណើរទៅកូរ៉េ
លោកព្រាប សុវត្ថិ និងដៃគូ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ