-ចោរចូលគាស់ ផ្ទះមន្រ្តីទ័ពអាកាស ពាក់ផ្កាយ១ យកលុយ អស់មួយចំនួន

-មន្រ្តីនគរបាល ការពារនៅ គោលដៅ ស្ពានជ្រោយចង្វារ ត្រូវចោរកាត់ក ម៉ូតូយកទៅបាត់

-វង់ល្បែងដុះស្លែរបស់ឈ្មោះ ពៅ សមត្ថកិច្ចមូលដ្ឋាន ទៅយកលុយរាល់ថ្ងៃ

ភ្នំពេញ៖ ប្រជាពលរដ្ឋ រស់នៅក្នុង ប្លុកកូលាបទី១ ស្ថិតនៅក្នុងភូមិទី១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាច្រើនគ្រួសារ កំពុងតែមានការ ព្រួយបារម្មណ៍ និងភ័យខ្លាច យ៉ាងខ្លាំង ដោយសារតែតំបន់ ដែលពួកគាត់រស់នៅ ឥឡូវនេះ សកម្មភាពចោរគាស់ផ្ទះ និងចូលលួចទ្រព្យសម្បត្តិ មានការកើនឡើង យ៉ាងខ្លាំង មិនថា ពេលថ្ងៃ ឫមួយពេល យប់នោះទេ។

ដោយឡែក ជនសង្ស័យ ដែលធ្វើសកម្មភាពទាំងនេះ កំពុងមានសេរីភាព នៅឡើយ ពោលគ្មានការចាប់ខ្លួននោះទេ ខណៈសមត្ថកិច្ចហាក់បី ដូចជា មិនបង្កើនការស្រាវជ្រាវ និងស៊ើបអង្កេត ព្រមទាំងពង្រឹងការ ការពារ នៅតំបន់នោះ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅ ប្លុកកូលាបទី១ ក្រោយក្រសួង កិច្ចការនារី និងនៅជាប់ របងវត្តចិនដំដែក បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ មានករណីចោរ គាស់ផ្ទះប្រជាពលរដ្ឋ មួយកន្លែងដែលមានទីតាំង នៅជិតរបង វត្តចិនដំដែក យកប្រាក់ ខ្ទង់ពាន់ដុល្លារ ខណៈម្ចាស់ផ្ទះមិននៅផ្ទះ ប្រហែលទៅផ្សារ ហើយជនសង្ស័យបាន ធ្វើសកម្មភាពចូលតាមដំបូល ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានបន្តថា ម្ចាស់ផ្ទះត្រូវគេដឹងថា មានឈ្មោះ ប៉ូ ជាមន្រ្តីយោធា នៅកងទ័ពអាកាស ពាក់ផ្តាយ១ ទៀតផង ប៉ុន្តែព័ត៌មាននេះ ហាក់បីដូចជា ស្ងាត់ឲ្យឈឹងមិនរាយការណ៍ ជូនថ្នាក់លើឡើយ។

បើតាម ប្រជាពលរដ្ឋ ខណៈម្ចាស់ផ្ទះ ទៅធ្វើការ និងទៅផ្សារ ស្រាប់តែនៅ ម៉ោងកើតហេតុ ជនសង្ស័យបាន ឡើងតាមដំបូល ហើយចូលយកលុយ និងទ្រព្យសម្បត្តិ ប្រហែល៣០០០ដុល្លារ ប៉ុន្តែសាច់លុយនេះ មិនត្រូវបានម្ចាស់ផ្ទះ ប្រាប់ជាផ្លូវការនោះឡើយ។

ក្រោយពីមាន សកម្មភាព ចោរចូលលួច ទ្រព្យសម្បត្តិ និងលុយកាក់ខាងលើនេះ ស្រាប់តែនៅ ថ្ងៃដដែល ប៉ុន្តែនៅពេលយប់ មន្រ្តីនគរបាលម្នាក់ ប្រចាំការនៅគោលដៅ ស្ពានជ្រោយចង្វារ បានបាត់ម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ដោយសារ តែចោកាច់ក ខណៈម្ចាស់ម៉ូតូចូលទៅក្នុងផ្ទះ តែមួយភ្លែត។

ប្រជាពលរដ្ឋ ដែលដឹងសាច់រឿងនេះ បាននិយាយថា នៅយប់ថ្ងៃកើតនោះ មន្រ្តីនគរបាលម្នាក់ បានទុកម៉ូតូនៅ ខាងក្រៅផ្ទះ ហើយដើរចូល ក្នុងផ្ទះមួយភ្លែត សំអាងថា មិនមានរឿងអ្វីកើតឡើង រួចសុំជិះទៅ យាមនៅគោលដៅ ស្ពានជ្រោយចង្វារ ប៉ុន្តែត្រឹមមួយ ពព្រិចភ្នែក ស្រាប់តែ បាត់ម៉ូតូតែម្តង បង្កឲ្យមានការ ភ្ញាក់ផ្អើល ខណៈជនសង្ស័យមិនដឹងជា ជិះទៅដល់ណានោះ។

ជាមួយគ្នានេះ រយៈពេល២ទៅ៣ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងប្លុកកូលាបទី១ ដដែល បានបាត់ទូរស័ព្ទដៃ និងទ្រព្យសម្បត្តិ មួយចំនួន ខណៈម្ចាស់ផ្ទះ បានចូលទៅក្នុងផ្ទះ ដោយភ្លេចបិទទ្វារមួយភ្លែត ហើយត្រូវបានជនសង្ស័យ ចូលទៅក្នុងផ្ទះ។

ដូច្នេះ ប្រជាពលរដ្ឋ សូមអំពាវដល់ សមត្ថកិច្ចមូលដ្ឋាន មេត្តាធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ព្រមទាំង ពង្រឹងសន្តិសុខ ឲ្យបានខ្លាំងនៅ ក្នុងប្លុកកូលាបទី១ ក្នុងភូមិទី១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីឲ្យប្រជាពលរដ្ឋ រស់នៅដោយ មិនមានការព្រួយបារម្មណ៍ ក្នុងខ្លួនចំពោះ ទ្រព្យសម្បត្តិរបស់ខ្លួន។

ប្រជាពលរដ្ឋជឿថា បើសមត្ថកិច្ចប្រើជំនាញ របស់ខ្លួន ក្នុងការស្រាវជ្រាវនោះ ច្បាស់ជា ចាប់បានជនសង្ស័យជាក់ជាមិនខាន ប៉ុន្តែមិនមាន វិធានការ៍ទាល់តែសោះ ហើយបើប្រជាពលរដ្ឋ ជួបនូវបញ្ហានេះ រួចទៅសុំ អន្តរាគមន៍នោះ ជួនកាលត្រូវមាត់ សមត្ថកិច្ចទៀតផងថា មិនប្រយ័ត្នខ្លួនឯង។

កាលពីចុង ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅ មានសកម្មភាព ចោរចូលរើកកាយ យកទ្រព្យសម្បត្តិម្តងហើយ ខណៈម្ចាស់ ផ្ទះ ទាំងប្តីប្រពន្ធ និងកូនស្រី របស់ខ្លួនទៅ ចូលរួមបុណ្យសព បងប្អូន នៅខេត្តស្វាយរៀង ដោយក្រុមចោរ យកអស់ កុំព្យួរទ័រ មួយគ្រឿង និងទ្រព្យសម្បត្តិ មួយចំនួនទៀត។

ប្រជាពលរដ្ឋ សង្ឃឹមថា គោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព នឹងកើតមានឡើង នៅប្លុកកូលាបទី១ ជាក់ជាមិនខាននៅ ពេលខាងមុខដ៏ខ្លី។

ជាមួយគ្នានេះ នៅក្នុងប្លុកកូលាបទី១នេះដែរ មានវង់ល្បែងដុះស្លែមួយកន្លែង បានបើកលេង ជារៀងរាល់ថ្ងៃ នៅផ្ទះរបស់ឈ្មោះ ពៅ ដែលមានប្តី ជាមន្រ្តី អាវុធហត្ថ លើផ្ទៃប្រទេសទៀតផង ហើយមន្រ្តីនគរបាលមូលដ្ឋានជាបុគ្គល បានទៅយកលុយរាល់ថ្ងៃ ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា វង់ល្បែងបៀរ ខាងលើនេះ មិនមានបង្ក្រាបនោះទេ ហើយមន្រ្តីនគរបាល ម្នាក់នៅជិតផ្ទះល្បែងខាងលើនេះ ក៏ចូលលេងជារៀងរាល់ថ្ងៃផងដែរ ។

ទីតាំងខាងលើនេះ នៅជាប់ផ្លូវចូលក្នុងប្លុកកូលាបតែម្តង និងមានដើមឈើមួយដើមនៅចំពីខាងមុខ។ សូមលោក ហ៊ុន សុធី អធិការនគរបាល ខណ្ឌដូនពេញ ជួយទៅពិនិត្យមើលផង៕

www.dap-news.com

www.dap-news.com

ទិដ្ឋភាព ផ្ទះរបស់ប្រជាពលរដ្ឋ នៅក្នុងប្លុកកូលាបទី១

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សកម្មភាពចោរ ចូលគាស់ផ្ទះប្រជាពលរដ្ឋ កាលពីចុង ខែវិច្ឆិកា ឆ្នាំ២០១២

DAP-News

DAP-News

នេះជាវង់ល្បែងដុះស្លែ ដែលបើកលេងបៀរជារៀងរាល់ថ្ងៃ

ដោយ៖ ដើមអម្ពិល

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]