បេះដូងជាសរីរាង្គមួយដ៏សំខាន់សម្រាប់ច្របាច់ឈាម ដែលឈាមសំបូរទៅដោយសារធាតុចិញ្ចឹម និងអុកស៊ីសែន ដើម្បីផ្តល់ទៅឲ្យកោសិកាទាំងឡាយនៃរាងកាយធ្វើការលូតលាស់ និងដំណើរការធម្មតារៀងរាល់វិនាទី។ ចង្វាក់ដើរមិនប្រក្រតី របស់បេះដូងក្នុងការច្របាច់ឈាមមិនត្រឹមជាសញ្ញានៃបញ្ហាបេះដូងនោះទេ ជាពិសេសវាអាចប៉ះពាល់ទៅដល់តម្រូវការនៃឈាមសម្រាប់ចិញ្ចឹមសរីរាង្គផ្សេងៗទៀតនៃរាងកាយ។  អ្នកដឹងទេថាទម្លាប់រស់នៅប្រចាំរបស់យើងអាចជាឬសគល់នៃបញ្ហាសុខភាពបេះដូងដោយពុំដឹងខ្លួន។

ខាងក្រោមជាទម្លាប់អាក្រក់ទាំង៤យ៉ាង លោកអ្នកគួរចាប់ផ្តើមកាត់បន្ថយ៖

១. ភាពអសកម្មនៃរាងកាយយូរម៉ោង

បុគ្គលដែលពុំសូវមានភាពសកម្មដូចជាហាត់ប្រាណ លេងកីឡា នឹងងាយវិវឌ្ឍទៅរកបញ្ហាលើសឈាម។ ការមិនធ្វើចលនារាងកាយយូរៗទៅបណ្តាលឲ្យបេះដូង ប្រឹងកន្រ្តាក់ច្របាច់ឈាម ដើម្បីផ្គត់ផ្គង់កោសិកា ហើយនេះអាចបណ្តាលឲ្យសម្ពាធឈាមមានការកើនឡើងបន្តិចម្តងៗ។ បញ្ហាលើសឈាមក៏ជាបញ្ហាមួយនៃសុខភាពបេះដូងដ៏ធ្ងន់ធ្ងរផងដែរ ព្រោះភាគច្រើនវាពុំមានរោគសញ្ញា ឬរោគសញ្ញាមិនគួរឲ្យចាប់អារម្មណ៍។ ទាំងនេះហើយដែលធ្វើឲ្យបុគ្គលមួយចំនួនគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលភ្លាមៗមួយរំពេច។

ដូច្នេះការបង្កើនភាពសកម្មនៃរាងកាយតាមរយៈការហាត់ប្រាណសាមញ្ញៗដូចជា ការដើរ ការរត់ ការជិះកង់ជាដើម និងការលេងកីឡា យ៉ាងតិចណាស់៣ដងក្នុងមួយសប្តាហ៍ ជាកត្តាមួយដ៏ចំបងក្នុងការកាត់បន្ថយហានិភ័យ និងបង្ការលោកអ្នកពីជំងឺលើសឈាម។ 

រូបតំណាង

២. ទម្លាប់បរិភោគអាហារសំបូរជាតិប្រៃ

កាលណាកំហាប់អំបិល (សូលុយស្យុងសូដ្យូម) កើនឡើង សរីរាង្គពិសេសម៉្យាងនៅខួរក្បាលនឹងភ្ញោចឲ្យតម្រងនោមធ្វើការស្រូបទឹកចូលក្នុងខ្លួនវិញ។ ជាលទ្ធផលវាធ្វើឲ្យបរិមាណជាតិទឹកកើនឡើងក្នុងសរសៃឈាម ដែលបង្កឲ្យសម្ពាធឈាមកើនឡើង។ យូរៗទៅវាអាចមានផលប៉ះពាល់អវិជ្ជមានចំពោះប្រព័ន្ធរបត់ឈាម ដែលបង្កជាជំងឺក្រិនរឹងសរសៃឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។បើយោងទៅតាមស្ថិតិនៃបញ្ហានេះ ច្រើនកើតជាញឹកញាប់ទៅលើវ័យកណ្តាលនិងវ័យចំណាស់ដែលអាចបង្កហានិភ័យដល់អាយុជីវិតបាន។

ដូច្នេះការព្យាយាមកាត់បន្ថយរបបអាហារសំបូរជាតិប្រៃ (កាត់បន្ថយអាហារកំប៉ុង អាហារវិចខ្ចប់ពីរោងចក្រជាដើម) ជាកត្តាដ៏សំខាន់ក្នុងការប្រឆាំងទប់ទល់នឹងបញ្ហាលើសឈាម។

រូបតំណាង

៣. ការប្រើប្រាស់ថ្នាំជក់

ជាការពិតមិនអាចប្រកែកបាន បុគ្គលដែលប្រើប្រាស់ថ្នាំជក់ដូចជាបារី ភាគច្រើនជួបនូវបញ្ហាលើសឈាម ពីព្រោះការប្រើប្រាស់បារីនិយាយឲ្យសាមញ្ញអាចធ្វើឲ្យសម្ពាធឈាមយើងឡើងភ្លាមៗមួយរំពេច។ ជាពិសេសសារធាតុគីមីនៃផ្សែងបារី កាលណាវាឆ្លងពីកោសិកាសួតចូលក្នុងចរន្តឈាម  វាអាចទៅប៉ះពាល់ទៅដល់ជញ្ជាំងនៃសរសៃឈាមដូចជា ស្ទះសរសៃឈាម ធ្វើឲ្យសរសៃឈាមបាត់បង់ភាពបត់បែនជាដើម។

កត្តាទាំងអស់នេះ សុទ្ធតែចូលរួមចំណែកយ៉ាងចំបង ក្នុងការបង្កនូវជំងឺបេះដូងទាំងឡាយ រាប់តាំងពីជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និង បញ្ហាចង្វាក់បេះដូងដើរមិនប្រក្រតីជាដើម។ 

រូបតំណាង

៤. កើតស្ត្រេសញឹកញាប់

នេះជាកត្តាមួយដ៏សំខាន់ពីព្រោះពេលយើងស្ត្រេសញឹកញាប់ វាមិនត្រឹមធ្វើឲ្យចង្វាក់បេះដូងដើរញាប់ សម្ពាធឈាមកើនឡើងនោះទេ វាថែមទាំងប៉ះពាល់យ៉ាងខ្លាំងទៅដល់សរីរាង្គដទៃទៀតនៃរាងកាយយើង រាប់តាំងពីខួរក្បាល ក្រពះ និងតម្រងនោម ជាដើម។

ដូច្នេះបើអាចលោកអ្នកគប្បីព្យាយាមរកពេលវេលាសម្រាកលំហែកាយ និងសម្រាកខួរក្បាលពីកិច្ចការបន្ទុកប្រចាំថ្ងៃខ្លះផង។ ការតាំងសមាធិដោយប្រើប្រាស់ដង្ហើមត្រឹមតែ៥នាទីជារៀងរាល់ព្រឹក ក៏អាចជួយលោកអ្នកគ្រប់គ្រងនូវសតិអារម្មណ៍ និងបន្ធូរភាពតានតឹងបានផងដែរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]