យោងតាមគេហទំព័រ japandailypress បានឲ្យដឹងថា ឯកសារមួយចំនួន ដែលទើបតែរកឃើញ នៅក្នុងប្រទេស ញ៊ូហ្សេឡែន កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ប្រទេស ញ៊ូហ្សេឡែន (New Zealand) គឺជាប្រទេស ដែលបានសហការ ជាមួយសហរដ្ឋអាមេរិក ក្នុងការបង្កើត និង ធ្វើតេស្ត៍ លើគ្រាប់បែក ស៊ូណាមិ (tsunami) ដើម្បីបញ្ចប់សង្រ្គាម លោកលើកទី២។

គំរោងការណ៍មួយនេះ សំរាប់ជាអាវុធ ក្នុងការទប់ទល់នឹងប្រទេស ជប៉ុន ក្នុងសម័យសង្រ្គាមនាពេលនោះ ដោយគ្រាប់បែកនេះ មានអានុភាព កំទេច ទីក្រុងនានា ដែលជាប់ឆ្នេរសមុទ្រ របស់ប្រទេសជប៉ុន ហើយគ្រាប់បែកនេះ នឹងត្រូវបានប្រើប្រាស់ ប្រសិនបើ គ្រាប់បែកបរិមាណូ (atomic bomb) មិនអាចធ្វើអោយជប៉ុនចុះចាញ់បានទេនោះ។

អ្នកនិពន្ធ និង អ្នកផលិតខ្សែភាពយន្ត ជនជាតិ New Zealand ម្នាក់ ឈ្មោះ Ray Waru បានរកឃើញឯកសារសម្ងាត់មួយនេះ ក្នុងប្រទេសរបស់ខ្លួន ក្នុងពេលដែលគាត់កំពុងតែ សិក្សាស្រាវជ្រាវលើឯកសារនានា របស់ជាតិ។ គាត់បានប្រាប់ឲ្យដឹងថា គ្រាប់បែកមួយនេះ វាអាចបំផ្ទុះ នៅក្រោមទឹក ហើយជាលទ្ធផល នឹងបង្កអោយមានរលកយក្សដ៏ធំសម្បើម ដែលវាមានឈ្មោះថា tsunami។

គំរោងនេះ ត្រូវបានចាប់ផ្តើម ក្នុងឆ្នាំ ១៩៤៤ តែត្រូវអាមេរិក សំរេចចិត្តឈប់ដំណើរការវិញ ក្នុងឆ្នាំ ១៩៤៥ ប៉ុន្តែ ញ៊ូហ្សេឡែន នៅតែបន្តគំរោងនេះ រហូតដល់ទស្សវត្ស ឆ្នាំ៥០។ ប្រភពពត៌មានបានឲ្យដឹងទៀតថា នៅក្នុងឯកសារដែលត្រូវបានរកឃើញនោះ បង្ហាញថា គំរោងការណ៍មួយនេះ នឹងផលិតគ្រាប់បែកប្រភេទនេះ ចំនួន ៣៧០០ គ្រាប់ ដែលក្នុង១គ្រាប់ អាចបង្កើតកំលាំងបំផ្ទុះបានដល់ទៅ ២២០០ តោន ដោយអាចបង្ករលកយក្ស ដែលមានរយៈចម្ងាយ ៨គីឡូម៉ែត្រ ពីច្រាំង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]