សៀងហៃ៖ យោងតាមការផុសរូបវិក័យប័ត្រមួយទៅក្នុងបណ្តាញសង្គមចិន Weibo ដែលបានធ្វើឲ្យមហាជនចិនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញនូវតម្លៃដែលបានដាក់លើមុខម្ហូបនីមួយៗក្នុងវិក័យប័ត្រខាងលើនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គេបានឃើញពីតម្លៃដ៏ថ្លៃដូចមាសសម្រាប់ម្ហូប២០មុខ ដែលចុងភៅបានចម្អិនទៅឲ្យភ្ញៀវ៨នាក់ក្នុងតម្លៃ៤០ម៉ឺនយ័នដែលស្មីើនឹង ៥៨,៣៧៨ដុល្លារ ស្ថិតក្នុងហាងមួយនាទីក្រុងសៀងហៃ។

អាហារដែលមានតម្លៃថ្លៃបំផុតនោះគឺជាស៊ុបកន្ទុយក្រពើដែលវាមានតម្លៃប្រមាណ ១៦៨០០យ័ន ដែលចំនួននោះស្មើនឹង ២ ៤៥៤ដុល្លារអាមេរិក។ លើសពីនេះទៅទៀត ហាងចិននោះក៏បានរួមបញ្ចូលថ្លៃសេវាផងដែរប្រមាណ ៦ពាន់ដុល្លារ។

តម្លៃប្រហែល៦ម៉ឺនដុល្លារលើមុខម្ហូប២០ចាន

អ្វីដែលមិនគួរឲ្យជឿនោះគឺ អ្នកគិតលុយក្នុងហាងចិននោះបានថតវិក័យប័ត្រមុខម្ហូបបង្ហោះវាចូលបណ្តាញសង្គមចិន បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ លើសពីនេះទៅទៀតអ្នកផុសរូបបានបញ្ចូលរូបភាពនៃមុខម្ហូបទាំងអស់នោះដែរ តែមិនដឹងមូលហេតុគាត់ក៏បានលុបការបង្ហោះរបស់គាត់ចេញពីបណ្តាញសង្គមវិញ។

នេះគឺជារូបភាពមុខម្ហូបពិសេសៗទាំងនោះ

បន្ទាប់ពីព័ត៌មានល្បីពេញផ្ទៃប្រទេសចិន ក៏មានសារព័ត៌មានចិនជាច្រើនបានទៅសាកសួរនៅហាងផ្ទាល់តែម្តង។ បុគ្គលិកនៅក្នុងហាងបាននិយាយប្រាប់ទៅសារព័ត៌មានចិនមួយថា វិក័យប័ត្រដែលត្រូវបានគេបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Weibo នោះគឺជាវិក័យប័ត្រក្លែងក្លាយទេ។ តែផ្ទុយទៅវិញលោក Sun Zhaoguo ដែលជាថៅកែហាងផ្ទាល់តែម្តងបានចេញមុខនិយាយថា "រឿងដែលលោកលក់ម្ហូបទាំង២០ចាន ទៅឲ្យភ្ញៀវ៨នាក់ ក្នុងតម្លៃជិត៦ម៉ឺនដុល្លារនោះគឺជាការពិត"។ លោក Sun បន្តថាដោយសារភ្ញៀវទាំង៨នាក់នោះសុទ្ធតែជាជនជាតិអារ៉ាប់ដែលមកពីទីក្រុងឌូបៃហើយពួកគេចង់ធ្វើឲ្យយប់នោះកាន់តែពិសេសជាមួយនឹងការហៅម្ហូបអាហារថ្លៃៗប្រចាំហាងមកហូបដើម្បីជាការបង្កើនចំណងមិត្តភាពរបស់ពួកគេ ហើយវាជារឿងធម្មតាទេសម្រាប់ប្រជាជនអារ៉ាប់ជាមួយម្ហូបអាហារក្នុងតម្លៃនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]