វីតាមីនD ជាប្រភេទសារធាតុចិញ្ចឹមម៉្យាង ដែលខ្លួនប្រាណយើងត្រូវការជាប្រចាំ ព្រោះ វាមាននូវសារៈសំខាន់ក្នុងការរក្សាលំនឹងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

ស្បែករបស់យើងអាចផលិតវីតាមីនDបានយ៉ាងច្រើនដោយខ្លួនឯងផ្តល់សម្រាប់រាងកាយ តាមរយៈការប៉ះជាមួយនឹងកាំរស្មីព្រះអាទិត្យព្រឹកព្រលឹម។ ក្រៅពីនេះរបបអាហារមួយចំនួនក៏ជាប្រភពដ៏សំបូរបែបនៃវីតាមីនDផងដែរ។

ការសិក្សាកន្លងមកជាច្រើន បានផ្តោតទៅលើអត្ថប្រយោជន៍របស់វីតាមីនដ៏សំខាន់មួយនេះ ហើយបច្ចុប្បន្នក៏មានរបកគំហើញថ្មីមួយទៀត ទាក់ទងនឹងកង្វះនៃវីតាមីនD ជាមួយនឹងហានិភ័យនៃជំងឺមហារីកមួយចំនួនទៀតផង។

ជាក់ស្តែង វីតាមីនD ត្រូវបានគេសិក្សាឃើញថា ជាសារធាតុមួយដែលមានតួនាទីយ៉ាងចំបងក្នុងការភ្ញោចឲ្យកោសិកាឆ្អឹងចាប់យកកាល់ស្យូមដែលជាសារធាតុរ៉ែដ៏ចាំបាច់សម្រាប់ពង្រឹងនិងលូតលាស់ជាលិកាឆ្អឹង ជាពិសេសប្រឆាំងនឹងជំងឺពុកឆ្អឹងតែម្តង។

ចំណែកឯការសិក្សាផ្សេងៗទៀត បានបង្ហាញនូវអត្ថប្រយោជន៍របស់វីតាមីនD ក្នុងការបង្ការនិងប្រឆាំងជំងឺទូទៅមួយចំនួនមានដូចជា ជំងឺបេះដូង  ជំងឺទឹកនោមផ្អែម  ជំងឺរលាកផ្លូវដង្ហើម  ជំងឺសេនេទិច  ជំងឺប្រព័ន្ធប្រសាទ  និងបញ្ហាជ្រុះសក់ ជាដើម។

តាមរយៈការសិក្សាស្រាវជ្រាវក្នុងពេលបច្ចុប្បន្ន គេបានសន្និដ្ឋានថា កង្វះនៃវិតាមីនD អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ និងជំងឺមហារីកពោះវៀនធំ

ថ្មីៗនេះវិញក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ Sao Paulo នៃប្រទេសប្រេស៊ីល បានធ្វើការសិក្សាទៅលើសំណាកស្រ្តីចំនួន ៦២៧នាក់ (អាយុពី ៤៥ ទៅ៧៥ឆ្នាំ) ដែលសុទ្ធតែជាវ័យស្ត្រីអស់រដូវ។ គេបានសង្កេតឃើញក្រុមស្ត្រីមានជំងឺមហារីកសុដន់មានកម្រិតវីតាមីន D ក្នុងឈាមទាបខ្លាំងជាងស្ត្រីសុខភាពធម្មតា។ លោកវេជ្ជបណ្ឌិត ជូអេន ភីនគិតសិន ប្រធានដឹកនាំការស្រាវជ្រាវមួយនេះបានឲ្យដឹងថា "វីតាមីនD ទំនងជាមានតួនាទីប្រឆាំង និងមានឥទ្ធិពលក្នុងការបញ្ឈប់ការលូតលាស់កោសិកាមហារីក"។ នេះសរបញ្ជាក់ឲ្យឃើញទំនាក់ទំនងគួរឲ្យកត់សម្គាល់ រវាងបរិមាណវីតាមីនD ជាមួយហានិភ័យនៃជំងឺមហារីកសុដន់។

រីឯការសិក្សាទៅលើទំនាក់ទំនងរវាងជំងឺមហារីកពោះវៀនធំជាមួយនឹងកង្វះនៃវីតាមីនDវិញ បានបង្ហាញឲ្យឃើញថាបុគ្គលដែលមាននូវកម្រិតវីតាមីនD ទាបជាងបរិមាណណែនាំនោះមានហានិភ័យនៃជំងឺមហារីកកើនឡើងដល់៣១%។

ដូច្នេះមិនថាបុរសឬស្ត្រីឡើយការផ្តល់ឲ្យរាងកាយយើងនូវវីតាមីនDជារៀងរាល់ថ្ងៃ តាមរយៈកំដៅថ្ងៃពេលព្រឹកព្រលឹម ល្ងាច  និងរបបអាហារ  ជាការអនុវត្តមួយដ៏សំខាន់ខ្លាំងដើម្បីសុខភាពរឹងមាំចៀសឆ្ងាយពីជំងឺទាំងឡាយ៕

ការទទួលយកកំដៅថ្ងៃជារៀងរាល់ព្រឹក១៥ទៅ៣០នាទី ដើម្បីស្បែកធ្វើការផលិតVitaminD
ចំណីអាហារ សំបូរទៅដោយវីតាមីនD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]