ចិន៖ អាចចាត់ទុកបានថា ជារឿងដ៏គួរឲ្យហួសចិត្តជាទីបំផុត ដែលនារីជាកូនស្រីវ័យក្មេងជនជាតិចិនម្នាក់ កោតហ៊ានប្រើម្តាយឲ្យជូតជើង រួមនឹងស្បែកជើងឲ្យខ្លួន ទាំងនៅចិញ្ចើមផ្លូវ មិនខ្វល់ពីភ្នែកអ្នកដទៃ និងអ្វីដែលពិសេស ថែមទាំងស្តីថាឲ្យម្តាយមុខគេមុខឯង កំពុងតែក្លាយជាប្រធានក្តៅគគុកលើបណ្តាញសង្គម និងទទួលរងពាក្យរិះគន់យ៉ាងចាស់ដៃ។

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ បានរាយការណ៍ឲ្យដឹងថា ហេតុការណ៍នេះត្រូវបានគេប្រទះឃើញ នៅទីសាធារណៈនៃដងផ្លូវ Pu’an ក្បែរមជ្ឈមណ្ឌលផ្សារទំនើប Shanghai Plaza ក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

ស្រ្តីជាម្តាយត្រូវកូនស្រីប្រើឲ្យជូតជើងឲ្យនាង

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេថតបាន និងបង្ហោះចែកចាយនៅលើបណ្តាញសង្គមនេះ បានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់ស្រ្តីជាម្តាយម្នាក់ ត្រូវបានកូនស្រីខ្លួនឯង ប្រើឲ្យជូតជើង និងស្បែកជើងឲ្យនាង ទាំងនៅចិញ្ចើមផ្លូវ ព្រោះតែជើងរបស់នាងប្រឡាក់ភក់ ដោយសារតែត្រូវទឹកភ្លៀង។

ចំណែកឯ កូនស្រីវ័យខ្ទង់ ២០ឆ្នាំ ដ៏សែនកតញ្ញូហ៊ានប្រើម្តាយជូតជើងឲ្យនោះវិញ ត្រូវបានគេមើលឃើញថា ឈរទទូលឆត្រធ្វើរំភើយ ហើយថែមទាំងស្តីបន្ទោសថាឲ្យម្តាយខ្លាំងៗ ជូតមិនជ្រះ ជូតស្អាត នៅមុខគេមុខឯងថែមទៀតផង។

ប្រភពដដែលបន្តថា ក្រោយជូតសម្អាតរួចរាល់ហើយ ស្រ្តីជាម្តាយខាងលើ បានចោលក្រដាសជូតមាត់នៅចិញ្ចើមផ្លូវ រួចចាកចេញពីទីនោះ បន្តដំណើរជាមួយកូនស្រីទៅមុខទៀតផងដែរ។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយដោយម្ចាស់ប្លុកមួយ «Jiliang in Shanghai» នៅលើបណ្តាញសង្គម Weibo របស់ចិន និងក្រោយមក ក៏ត្រូវបានខាងបណ្តាញសារព័ត៌មានរបស់ចិនជាច្រើន យកទៅបង្ហោះចែកចាយបន្ត ដើម្បីជាសារក្រើនរម្លឹកដល់កូនៗគ្រប់រូប ចៀសវាងធ្វើទង្វើបែបនេះ ដល់ឪពុកម្តាយដែលជាអ្នកមានគុណរបស់ខ្លួន។

ជុំវិញនឹងករណីខាងលើនេះទៀតសោត ក៏ត្រូវបានមហាជនជាច្រើន សម្ដែងការរិះគន់ខឹងសម្បាយ៉ាងខ្លាំង ចំពោះទង្វើកូនស្រីរូបនោះ ដោយលើកឡើងថា អ្វីដែលនាងធ្វើនោះ គឺពិតជាជ្រុលខ្លាំង និងមិនសមហេតុផលឡើយ។ ព្រោះថាគាត់គឺជាម្តាយដ៏មានគុណរបស់យើង មិនគួរណាហ៊ានប្រើគាត់ឲ្យធ្វើរឿងបែបនេះនោះទេ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]