បរទេស៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបដែលហៅកាត់ថា UEFA បានសម្រេចបើកការសុើបអង្កេតជុំវិញករណីដែលខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo ទទួលបានកាតក្រហមនិងត្រូវបណ្តេញចេញពីទីលានប្រកួតភ្លាមៗឮ ប៉ុន្តែលទ្ធផលទៅជាយ៉ាងណានោះគឺនឹងត្រូវប្រកាសនៅក្នុងសប្តាហ៍ក្រោយ។

Cristiano Ronaldo

ម្ចាស់ពានរង្វាន់ Ballon d'Or  ៥សម័យកាលនេះ គ្រោងនឹងវិលត្រលប់ទៅកាន់ទឹកដី Old Trafford វិញ ដើម្បីត្រៀមជំនួបជាមួយអតីតក្លិបចាស់របស់គេគឺក្រុមបិសាចក្រហម Manchester United ក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នៅក្នុងសប្តាហ៍ទី ៣ ប៉ុន្តែរូបគេបែរជាត្រូវទទួលបានកាតក្រហមទាំងមិនអស់ចិត្តទៅវិញ សម្រាប់ជំនួបក្នុងទឹកដីរបស់ក្រុម Valencia ក្រោយប៉ះទង្គិចជាមួយខ្សែការពារ Jeison Murillo ។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្កាល់នេះ ត្រូវបានអាជ្ញាកណ្តាលជនជាតិអាឡឺម៉ង់លោក Felix Byrch ឲ្យកាតក្រហមភ្លាមៗ ក្រោយពីលោកបានទៅពិភាក្សាជាមួយជំនួយការអាជ្ញាកណ្តាលរួចក៏សម្រេចបណ្តេញអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជសរូបនេះឲ្យចេញពីការប្រកួតតែម្តង ដោយលោកអាចនឹងសង្ស័យថាកីឡាករនេះបានទៅទាញសក់របស់កីឡាករ Murillo នៅក្នុងប្រអប់គ្រោះថ្នាក់របស់ក្រុម Valencia ។

នៅក្រោមច្បាប់របស់ UEFA ប្រសិនបើកីឡាករណាម្នាក់ដែលទទួលបានកាតក្រហមនៅក្នុងពេលប្រកួត នោះគេនឹងត្រូវទទួលពិន័យមិនចូលទីលានប្រកួតយ៉ាងតិចក៏ ១ប្រកួតដោយស្វ័យប្រវត្តិដែរ ដោយផ្អែកលើការសុើបអង្កើតយ៉ាងល្អិតល្អន់ពីសំណាក់គណៈកម្មាធិការគ្រប់គ្រងវិន័យរបស់សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ដែលនឹងត្រូវពិនិត្យទៅលើភស្តុតាងនិងទោសកំហុសដែលកីឡាកររូបនោះបានប្រព្រឹត្តិ។

Cristiano Ronaldo

បើការពិន័យរកឃើញថា រូបគេពិតជាមានកំហុសមែននោះ វានឹងធ្វើឱ្យរូបគេមិនអាចលេងក្នុងការប្រកួតជម្រុះជាលើកទី៣ នៅពេលដែល Juventus ទៅលេងនៅ Manchester United នៅថ្ងៃទី២៣ ខែតុលានេះទេ ប៉ុន្ដែបើរូបគេត្រូវបានគេរកឃើញថា មិនមានកំហុសនោះ វានឹងក្លាយជាលើកទី២ ដែលគេបានលេងនៅទឹកដី Old Trafford ចាប់តាំងពីគេចាកចេញទៅកាន់ក្លឹប Real Madrid ក្នុងឆ្នាំ២០០៩ ។

សូមបញ្ជាក់ថា ចំពោះការពិន័យកាតក្រហមទៅលើខ្សែប្រយុទ្ធ Cristiano Ronaldo នេះគណៈកម្មាធិការវិន័យរបស់ UEFA នឹងបើកកិច្ចប្រជុំពិសេសមួយដែលស្ថិតនៅទីស្នាក់ការកណ្តាលរបស់ UEFA ក្នុងទីក្រុង Nyon យ៉ាងយូរបំផុតគឺអាចនឹងថ្ងៃ ព្រហស្បតិ៍ សប្តាហ៍ក្រាយ៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]