រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិ​ល្បៈ​ ​បាន​សម្រេច​ចេញ​លិខិត​ដាក់​បំរាម​​ជា​ផ្លូវការ តារា​សម្តែង​នាង សេង សូ​ណា ហាក់​ឡាំ​ប៉ា​មិន​សុខចិត្ត និង​បាន​ចាត់​ទុក​បំរាម​​របស់​ក្រសួង​ នា​ពេល​នេះ​ហាក់​មិន​មាន​តម្លាភាព​ក្នុង​នាម​ជា​អ្នក​សិ​ល្បៈ​​ដូច​គ្នា ​។

ការ​កើត​ទុក​មិន​សុខចិត្ត​ពី​តារា​សម្តែង ​ដែល​ហ៊ាន​សម្ញែង​ភាព​សិច​​ស៊ី​ ដោយ​មិន​អៀន​ខ្មាស់​រូប​នេះ ​បាន​កើត​ឡើង បន្ទាប់​ពី​ក្រសួង​បាន​សម្រេច​ដាក់​ពិន័យ​ចំពោះ​នាង ដោយ​មិន​អនុញ្ញាត​ឱ្យ​​ប្រឡូក​ក្នុង​សិ​ល្បៈ​គ្រប់​រូប​ភាពរយៈពេល​​មួយ​​ឆ្នាំ​ពេញ ក្នុង​ពេល​ដែល​នាង​ជាតា​រា​មួយ​ដួង​ ក្នុង​ចំណោម​តារា​៤​ដួង​​ផ្សេង​ទៀត​ ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ ខណៈ​​ពេល​ដែល​តារា​ផ្សេង​ទៀត​ ត្រឹម​រង​ការ​ព្រមាន​ប៉ុណ្ណោះ​ ។

តារា​សម្តែង​ដែល​មាន​ដើម​កំណើត​ពី​ខេត្តតាកែវ​ នាង សេង សូ​ណា បាន​អះអាង​ប្រាប់​កោះសន្តិភាព​ តាម​សារ​​អេ​ឡិច​ត្រូ​និ​ច​​ថា «នាង​មិន​យល់ នៅ​ពេល​ដែល​ក្រសួង​បាន​ចេញ​ក្រដាសពិន័យ​នេះ​ឡើង ដោយ​មិន​បាន​កោះហៅ​នាង ឱ្យ​​មក​ជួប​ទល់មុខ​គ្នា​នោះ« ។ នាង​បញ្ជាក់​ថា «ខ្ញុំ​មិន​សុខចិត្ត​ទេ ហើយ​ខ្ញុំ​ចង់បាន​យុត្តិធម៌​ពី​ភាគី​​ពាក់ព័ន្ធ ព្រោះ​ទាំង​សមាគម​សិ​ល្បៈ និង​ក្រសួង ​គួ​រ​តែ​ហៅ​តារា​ណា​ ដែល​ថត​ស្រាត​ឬ​សិច​​ស៊ី​ផ្សេង​ទៀត យក​មក​ណែនាំ​ទាំងអស់​ដែរ ។

ជា​ឧ​ទា​ហរ​ណ៍ ​បងស្រី​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​សិ​ល្ប​​ករ​ខ្មែរ និង​តារា​មួយ​ចំនួន​ទៀត​កន្លង​មក​ ក៏​​ពួក​គាត់​ធ្លាប់​ថត​បែប​សិច​​ស៊ី​នេះ​ដែរ ហើយ​ទាំង​អស់នេះ​ ត្រូវ​លើក​ឡើង​ទាំងអស់ មិន​ត្រូវ​តែ​ខ្ញុំ​ត្រឹម​ស្លៀក​ឈុត​ប៊ី​គី​នី​ហែល​ទឹក​ក្នុង​រឿង​នោះ​ទេ​។

បើ​តាម សេង សូ​ណា បើ​ទោះបីជា​បំរាម​មួយ​នេះ ​មិន​បាន​ប៉ះពាល់​ដល់​មុខរបរ​កែស​ម្ជ​ស្ស​ដែល​នាង​បើក​រក​ស៊ី​រៀងរាល់ថ្ងៃ​នេះ​​មែន តែអ្វី​ដែល​នាង​ចង់បាន​យុត្តិធម៌​នោះ​ គឺ​ការ​សម្រេច​នេះ​ធ្វើ​ឡើង​ទាំង​នាង​មិនដឹង​ខ្លួន ហើយ​ចង់​ដាក់​ពិន័យ​ពាក់ព័ន្ធ​នឹង​រូបភាព​នាង​តាំងពី​ឆ្នាំ​២០១០-២០១១​នោះ​ គឺ​នាង​មិន​អាច​ទទួលយក​បាន​ឡើយ​។

នាង​​និយាយ​ថា ខ្ញុំ​ដឹង​ក្រសួង​គ្រោង​កោះហៅ​ខ្ញុំ​ទៅ​ណែនាំ​ពាក់ព័ន្ធ​បញ្ហាសិច​ស៊ី ហើយ​ខ្ញុំ​រង់​ចាំ​ការ​កោះហៅ​នេះ​ដែរ ដើម្បី​បកស្រាយ​ឱ្យ​ដឹង​ច្បាស់ ប៉ុន្តែ​មិន​មាន​ឃើញ​ការ​ហៅ​សោះ តែ​ស្ងាត់​ៗ​ចេញ​លិខិត​នេះ​មក ខ្ញុំ​ដេក​តែ​ឆ្ងល់​។ ទោះជា​យ៉ាងណា​ នាងបាន​ស្នើ​សុំ​ឲ្យ​ក្រសួង​ ក៏​ដូច​ជា​សមាគម​សិ​ល្បករ​ខ្មែរ គួ​រ​ហៅ​តួ​ទាំង​ឡាយ​​ណា​ ដែល​ធ្លាប់​បាន​ថត​បែប​សិច​​ស៊ី​ទាំងអស់​ឱ្យ​មក​ជួបជុំ​គ្នា ហើយ​ណែនាំ​កុំ​ឱ្យ​​តារា​ខ្មែរ​ទាំងអស់​ កុំ​ធ្វើ​បែប​នេះ​តទៀត នោះ​ទើប​មាន​យុត្តិធម៌​សម្រាប់​នាង ​។​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង សូណា