ភ្នំពេញ ៖ អ្នកបើកម៉ូតូសង់កូរ៉េម្នាក់រង របួសធ្ងន់ បន្ទាប់ពីអ្នកបើក រថយន្ដមែកសឺ ដេសមួយគ្រឿង បើកបុកពេញទំហឹង កាល ពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវ ព្រះនរោត្ដម កែងផ្លូវលេខ១៥៤ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ប៉ុន្ដែអ្នកបើក រថយន្ដបង្កហេតុ មិនបានឈប់ ដើម្បីដោះ ស្រាយជាមួយភាគីម៉ូតូនោះទេ ដោយបន្ដ បើក រត់រហូតដល់ក្រោយមន្ទីរពេទ្យ កុមារជាតិ ក៏ត្រូវកម្លាំងនគរបាលចរាចរជើង គោករាជធានីភ្នំពេញ និងកម្លាំងសមត្ថ កិច្ចមូលដ្ឋាន ចាប់រថយន្ដបាន ។

មន្ដ្រីនគរបាលចរាចរជើងគោករាជធានី ភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង កើត ហេតុខាងលើនេះ មានរថយន្ដមែកសឺ ដេស មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A-7478 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្ដសញ្ញាណ ក្នុងទិសដៅពីត្បូង ទៅ ជើង រួចបត់ឆ្វេងឆ្ពោះទៅផ្លូវលេខ១៥៤ ក៏បុកម៉ូតូសង់កូរ៉េ ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AI-8301 ជិះតែ ម្នាក់ឯង បណ្ដាលឱ្យរងរបួសធ្ងន់។

បើយោងតាមមន្ដ្រីនគរបាលចរាចរណ៍ ក្រោយបង្កគ្រោះថ្នាក់ចរាចរហើយ បណ្ដាលឱ្យលោកគឹម ឡេង រងរបួសធ្ងន់នោះ អ្នកបើករថយន្ដមែកសឺដេស បានបើក រត់រហូតដល់ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក (ក្រោយពេទ្យកុមារជាតិ) ក៏ត្រូវបានសមត្ថកិច្ចឃាត់រថយន្ដបានតែម្ដង ខណៈអ្នកបើក រថយន្ដបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

យ៉ាងណាក៏ដោយ នៅពេលកម្លាំងនគរ បាលចរាចរណ៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចាប់រថយន្ដនៅក្រោយមន្ទីរពេទ្យកុមារជាតិនោះ ស្រាប់តែមានមនុស្ស ចំនួន៣នាក់ បាន ចេញមករារាំង រួចហើយមានមនុស្ស៥-៦នាក់ថែមទៀតបានមកឃាត់ មិនឱ្យកម្លាំងនគរបាលចរាចរណ៍និងកម្លាំងសមត្ថកិច្ចយករថយន្ដទៅរក្សាទុក ហើយ បានយកកាមេរ៉ា ថតមកសមត្ថកិច្ចទៀតផង។

យ៉ាងណាក៏ដោយ បើទោះបីមានការ រារាំងយ៉ាងដូច្នេះ ពីក្រុមខាងលើ ដើម្បីមិនចង់ឱ្យសមត្ថកិច្ចស្ទូចយករថយន្ដទៅរក្សាទុកនោះ ក៏សមត្ថកិច្ចចរាចរ ត្រូវតែស្ទូច ដាក់លើរថយន្ដយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកទាំងយប់ផងដែរ ។

មន្ដ្រីនគរបាលចរាចរបានឱ្យដឹងថា សមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី បើទោះបីអ្នកបើក រថយន្ដបានរត់គេចខ្លួនក៏ដោយនោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]