ការសិក្សាស្រាវជ្រាវថ្មីមួយនៅប្រទេសប្រេស៊ីល បានបង្ហាញនូវទំនាក់ទំនងរវាងកង្វះនៃវិតាមីន D រវាងស្ត្រីអស់រដូវជាមួយហានិភ័យនៃជំងឺមហារីកសុដន់។

ទូទាំងពិភពលោក ជំងឺមហារីកសុដន់ជាជំងឺមហារីកដែលស្តី្រកើតច្រើនជាងគេបំផុត ក្នុងចំណោមជំងឺមហារីកដទៃទៀត។ ជាក់ស្តែងបើយោងទៅតាមវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងជំងឺមហារីកនៅប្រទេសប្រេស៊ីលបានឲ្យដឹងថា ក្នុងចំណោមស្ត្រី១០០នាក់ មាន១២នាក់ទៅហើយដែលត្រូវប្រឈមមុខនឹងជំងឺមហារីកសុដន់។

ជំងឺមហារីកសុដន់បានក្លាយជាក្តីបារម្ភយ៉ាងខ្លាំងមិនត្រឹមចំពោះស្ត្រីផ្ទាល់នោះទេ ប៉ុន្តែទាំងវិស័យសុខាភិបាលទូទាំងពិភពលោក។ កត្តាចំបងៗជាច្រើនក្នុងការបង្កជំងឺមហារីកសុដន់មានដូចជា អរម៉ូន អាយុ និងបញ្ហាធាត់លើសទម្ងន់បន្ទាប់ពីអស់រដូវ។

បើទោះបីជាយ៉ាងណាក៏ដោយ ធ្លាប់មានការសិក្សាមួយចំនួនកន្លងមកដែរទៅលើ កត្តានៃកង្វះវីតាមីន D ចំពោះហានិភ័យនៃជំងឺមហារីកនេះ។ ជាក់ស្តែងការស្រាវជ្រាវមួយនៅប្រទេសជប៉ុនបានសិក្សាទៅលើសំណាក (អ្នកចូលរួមពិសោធន៍) ជាច្រើន បានសន្និដ្ឋានថា ស្ត្រីមួយក្រុមដែលមានកម្រិតវីតាមីនDច្រើន មានហានិភ័យនៃការវិវឌ្ឍន៍កោសិកាមហារីកទាបខ្លាំងជាងស្រ្តីមួយក្រុមផ្សេងទៀត ដែលមានបរិមាណវីតាមីនDទាប។

ថ្មីៗនេះវិញក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ Sao Paulo នៃប្រទេសប្រេស៊ីល បានធ្វើការសន្និដ្ឋានដូចគ្នាដែរ ដោយបានសិក្សាសំណាកស្រ្តីចំនួន ៦២៧នាក់ (អាយុពី ៤៥ ទៅ៧៥ឆ្នាំ) ដែលសុទ្ធតែជាវ័យស្ត្រីបានអស់រដូវ។ គេបានសង្កេតឃើញក្រុមស្ត្រីមានជំងឺមហារីកសុដន់មានកម្រិតវីតាមីនDក្នុងឈាមទាបខ្លាំងជាងស្ត្រីសុខភាពធម្មតា។ លោកវេជ្ជបណ្ឌិត ជូអេន ភីនគិតសិន ប្រធានដឹកនាំការស្រាវជ្រាវមួយនេះបានឲ្យដឹងថា "វីតាមីនD ទំនងជាមានតួនាទីប្រឆាំង និងមានឥទ្ធិពលក្នុងការបញ្ឈប់ការលូតលាស់កោសិកាមហារីក"។

ទាំងនេះសរបញ្ជាក់ឲ្យឃើញទំនាក់ទំនងគួរឲ្យកត់សម្គាល់ រវាងបរិមាណវីតាមីនD ជាមួយហានិភ័យនៃជំងឺមហារីកសុដន់។

ដូច្នេះការបំពេញបន្ថែមនូវវីតាមីនD ជារៀងរាល់ថ្ងៃ មិនត្រឹមសម្រាប់ស្ត្រីអស់រដូវប៉ុណ្ណោះទេ ជាពិសេសចំពោះស្ត្រីនៅក្នុងវ័យពរពោះ ជាកត្តាមួយដ៏សំខាន់សម្រាប់ប្រឆាំងនឹងការវិវឌ្ឍន៍នៃជំងឺមហារីកសុដន់។

ការរួមបញ្ចូលរបបអាហារដូចជាបន្លែ ផ្លែឈើ ដែលសំបូរទៅដោយវីតាមីនD និង ការប៉ះកំដៅថ្ងៃជារៀងរាល់ព្រឹកឲ្យបានពី ១៥ ទៅ ៣០នាទី ជាវិធីសាស្ត្រដ៏ចំបងក្នុងការទទួលបាន និងរក្សាកម្រិតវីតាមីនD ក្នុងបរិមាណមួយធម្មតា៕

អាហារសំបូរទៅដោយវិតាមីនD
ទទួលពន្លឺព្រះអាទិត្យ ជារៀងរាល់ព្រឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]