ចាំបានច្បាស់ណាស់នៅខេត្តសៀមរាបអ្វីដែលមិនចង់មើលរំលងនោះ គឺទៅម៉ាស្សាប្រអប់ជើង ក្នុងអាងចិញ្ចឹមត្រីល្អិតតូចៗ ដើម្បីសម្រួលអារម្មណ៍និងលំហែកាយក្រោយពីអស់កម្លាំង។ ត្រីតូចៗទាំងនេះអាចជួយខាំសម្អាតកោសិកាស្បែកដែលងាប់ៗចេញ។ បើទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យបារម្ភនោះគឺថាមិនដឹងមានមេរោគ ឬ សារធាតុកង្វក់អី្វខ្លះក្នុងអាងចិញ្ចឹមត្រីនោះទេ។

បើមើលទៅតាមសេចក្តីរាយការណ៍ព័ត៌មានខ្លះកន្លងមក យើងឃើញមានករណីនៃអ្នកឆ្លងរោគដោយគេសង្ស័យថាមកពីអាងត្រីម៉ាស្សា។ ឆ្នាំ២០១០ នៅប្រទេសថៃ ស្ត្រីម្នាក់បន្ទាប់ពីបានទៅម៉ាស្សាបាតជើងក្នុងអាងត្រីរួច ប៉ុន្មានថ្ងៃក្រោយមកចាប់ផ្តើមមានអារម្មណ៍ក្តៅខ្លួន និងធ្លាក់ខ្លួនឈឺ។  គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺរលាកឆ្អឹងធ្ងន់ធ្ងរនៅម្រាមជើងរបស់គាត់ ជាលទ្ធផលត្រូវកាត់ម្រាមទាំងអស់ចេញ។ គ្រូពេទ្យបានធ្វើការសន្និដ្ឋានថា នេះអាចបណ្តាលមកពីមេរោគដែលអាចមានវត្តមាននៅក្នុងទឹកអាងនោះ ជ្រាបចូលតាមមុខរបួសចាស់របស់គាត់កាលពីពេលមុន។

ករណីផ្សេងមួយទៀត នៃអតិថិជនម៉ាស្សាជើងក្នុងអាងចិញ្ចឹមត្រីចាប់ផ្តើមវិវឌ្ឍនូវអាការម៉្យាងដែលផ្នែកខ្លះនៃក្រចកជើង ដុះដាច់ចេញពីកោសិកាស្បែក បន្ទាប់ពីរយៈពេល៦ខែក្រោយ។ គាត់បាននិយាយឲ្យដឹងថាគាត់ពុំដែលធ្លាប់មានរោគសញ្ញា ឬ ស្ថានភាពសុខភាពមិនល្អពីមុនមកទេ។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានសុខភាពជាតិនៅចក្រភពអង់គ្លេសបានឲ្យដឹងថា ហានិភ័យនៃការឆ្លងមេរោគវីរុសបង្កជំងឺថ្លើមក៏មានខ្លះដែរជាពិសេសនៅក្នុងអាងទឹកតូចមួយដែលមនុស្សរាប់រយនាក់ប្រើប្រាស់។ តែភាគរយតិចតួចប៉ុណ្ណោះ។

បើទោះបីជាករណីទាំង៣នេះស្តាប់ទៅមាននៅចំណុចលំអៀង និងមានកត្តាជាច្រើនផ្សេងទៀតដែលអាចបង្កនូវករណីជំងឺទាំងនោះក្តី ប៉ុន្តែលោកអ្នកគួរតែប្រុងប្រយ័ត្ន ព្រោះហានិភ័យដែលយើងមើលមិនដឹង គិតមិនដល់អាចជាលោកអ្នក។ 

### ដូច្នេះ បើលោកអ្នកគិតថាជើងមានរបួស ឬ ស្នាមមុខសូមកុំប្រើប្រាស់អាងម៉ាស្សាត្រីនេះឡើយ ព្រោះមេរោគអាចឆ្លងតាមមុខរបួសនោះបាន៕

ការម៉ាស្សាប្រអប់ជើងដោយត្រីតូចៗ
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]