កវីនិពន្ធ វ័យក្មេង កញ្ញា សែត ហត្ថា បានបង្ហាញស្នាដៃនៃរឿងរ៉ាវជីវិតផ្ទាល់ខ្លួន ដែលមាន ចំណងជើងសៀវភៅឈ្មោះថា “វិញ្ញាសាជីវិត” នាចុងឆ្នាំ ២០១៧។ ហើយ តាមរយៈ ស្នាដៃតែងនិពន្ធមួយនេះ កញ្ញា ក៏កំពុងតែទទួលបានការកោតសរសើរ យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន គ្រប់ទិសទី ជាពិសេសសម្រាប់យុវវ័យ ដែលកំពុងតែមាន បញ្ហាអស់សង្ឃឹមក្នុងជីវិត ផងដែរ។

យ៉ាងណាមិញ ស្របពេលជាមួយភាពល្បីល្បាញទាំងអស់នេះ ក៏មានរឿងរ៉ាវជាច្រើន នៅពីក្រោយខ្នងអាថ៌កំបាំងរបស់កញ្ញា ដែលធ្វើឲ្យអ្នកគាំទ្រ មានការចង់ដឹងចង់លឺ ជាខ្លាំង ពីកវីនិពន្ធ វ័យក្មេងរូបនេះ ថែមទៀតដែរ។

អាស្រ័យហេតុនេះ សម្រាប់ថ្ងៃនេះ ក្រុមការងារ ខ្មែរ ឡូត ក៏សូមធ្វើការបើកកកាយពីបញ្ហា និងដើមចងមួយចំនួន ដែលនាំឲ្យកញ្ញា មានទឹកចិត្តក្នុងការតាក់តែងនិពន្ធ នៅសៀវភៅមួយ ក្បាលនេះ ឡើយមក ផងដែរ។

ដូច្នោះ ខាងក្រោមនេះ ជាជីវប្រវត្តិរូបសង្ខេប និងបញ្ហាមួយចំនួនរបស់កញ្ញា នាពេលតាក់តែងនិពន្ធ សៀវភៅ: 

សៀវភៅដែលជាស្នាដៃរបស់កវីនិពន្ធ វ័យក្មេង កញ្ញា សែត ហត្ថា

+ ជីវប្រវត្តិសង្ខេប

កញ្ញា សែត ហត្ថា ដែលមានឈ្មោះខាងក្រៅថា “កូន ចាបមាស” មានទីកន្លែងកំណើត នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ហើយ កញ្ញា ក៏ធ្លាប់ជាអតីត សិស្សនៃអនុវិទ្យាល័យ ឈ្មោះថា ស្នាអន្សារ និងសាលាវិទ្យាល័យ ហ៊ុន សែន ១០ មករា បឹងកន្ទួត ផងដែរ។ ក្នុងនោះដែរ កញ្ញា ក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែកព័ត៌មានវិទ្យា នៅឯសាលា Passerelles Numeriques Cambodia (PNC) ក្នុងនាម ជានិស្សិតអាហារូបករណ៍ ពីរឆ្នាំ ចាប់ពីដើមឆ្នាំ ២០១៣ ទៅ ២០១៥ ថែមទៀតផង។ 

កវីនិពន្ធ វ័យក្មេង កញ្ញា សែត ហត្ថា

+ មូលហេតុ ឬ ដើមចងនៃការតាក់តែងនិពន្ធសៀវភៅ “វិញ្ញាសាជីវិត“

យោងទៅតាមការបកស្រាយរបស់កវីនិពន្ធ វ័យក្មេង សែត ហត្ថា បានបង្ហាញឲ្យឃើញថា មូលហេតុដែលនាំឲ្យកញ្ញាមានទឹកចិត្ត ក្នុងការតាក់តែងនិពន្ធសៀវភៅមួយក្បាលនេះ ឲ្យចេញមកជារូបរាង ដូចនាពេលសព្វថ្ងៃ ក៏ព្រោះតែ វាបានកើតចេញពី ទឹកចិត្តស្រលាញ់ ក្នុងការចង់ចែករំលែក នូវរាល់ចំណេះដឹងនានារបស់កញ្ញា ដែលបានធ្វើការសិក្សារៀនសូត្រ ជាប្រចាំ មិនថា ក្នុង ឬក្រៅសាលា ជូនទៅកាន់មនុស្សគ្រប់ៗគ្នា។

ម្យ៉ាងទៀត កញ្ញា ក៏បានបន្ថែមទៀតថា ថ្វីបើ កញ្ញាមានទឹកចិត្តក្នុងការចែករំលែក ជូនទៅកាន់មហាជនគ្រប់គ្នា ក៏ពិតមែន ប៉ុន្តែ កញ្ញា ក៏មិនអាចចំណាយពេលវេលា ទៅអង្គុយ ជជែក ឬនិយាយទៅកាន់មនុស្សគ្រប់ៗគ្នា ម្តងម្នាក់ៗ បាននោះឡើយ។

ហេតុដូច្នោះហើយ ការតាក់តែងនិពន្ធសៀវភៅ គឺជាផ្នែកមួយយ៉ាងចាំបាច់ ដែលអាចធ្វើ ឲ្យកញ្ញា បានពេលវេលាគ្រប់គ្រាន់ ក្នុងការបញ្ចេញជាមតិយោបល់ ព្រមទាំងចំណេះដឹង ទាំងឡាយ ធ្វើការចែកជូនទៅកាន់មនុស្សគ្រប់វ័យ ក្នុងការចូលរួមគិតពិចារណា ទាំងអស់គ្នា។  

សៀវភៅដែលជាស្នាដៃរបស់កវីនិពន្ធ វ័យក្មេង កញ្ញា សែត ហត្ថា

+ តើកញ្ញាធ្លាប់បានឆ្លងកាត់រឿងរ៉ាវពិបាកៗ ឬការទាល់គំនិតអ្វីខ្លះ ក្នុងអំឡុងពេល តាក់តែងនិពន្ធម្តងៗ?

ជាមួយនឹងការជជែកខាងលើនេះ កញ្ញាក៏បានបន្ថែមទៀតថា គ្រប់ភារកិច្ចទាំងអស់ រមែង តែងតែជួបផលលំបាកខុសៗគ្នា ក៏ប៉ុន្តែ រាល់កិច្ចការងារលំបាកទាំងអស់នោះ យើងអាច នឹងឆ្លងកាត់វាបានសម្រេច ប្រសិនបើ យើងបានខិតខំប្រឹងប្រែងធ្វើវា ដោយការប្រើប្រាស់ ទឹកចិត្តស្រលាញ់របស់ខ្លួនយើង ជានិច្ច។

លើសតែពីនោះទៅទៀត កញ្ញាក៏បានបន្តទៀតថា នៅពេលដែលមនុស្សយើង ជួបទុក្ខ លំបាកអ្វីមួយ រឿងដែលងាយស្រួលជាងគេបំផុត ក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ គឺ “ការបោះបង់ចោល”។ ប៉ុន្តែ ប្រសិនបើ យើងដាក់ចិត្តស្រលាញ់អ្វីមួយឲ្យពិតប្រាកដនោះ មិនថា យើងស្ថិតក្នុងកាលៈទេសៈបែបណាឡើយ យើងក៏គង់តែព្យាយាមខិតខំប្រឹងប្រែង ស្វែងរកដំណោះស្រាយ ក្នុងការដោះស្រាយវាឲ្យចេញ ដើម្បីឲ្យគ្រប់យ៉ាង ដែលយើងពេញចិត្ត អាចបន្តដំណើរទៅមុខទៀត។  

កវីនិពន្ធ វ័យក្មេង កញ្ញា សែត ហត្ថា

+ ដើម្បីទទួលបានភាពជោគជ័យទាំងវ័យក្មេងបែបនេះ ថាតើកញ្ញាបាន ប្រើប្រាស់វិធីសាស្រ្តអ្វីខ្លះ ក្នុងការទាក់ទាញទឹកចិត្តអ្នកអាន ឲ្យមានការចូលចិត្ត សៀវភៅរបស់កញ្ញា?

ឆ្លើយតបនឹងសំណួរខាងលើនេះ សម្រាប់កញ្ញាផ្ទាល់ គិតថា នេះមិនទាល់ ជាភាពជោគជ័យ នៅឡើយនោះទេ ក្នុងជីវិតរបស់កញ្ញា ព្រោះថា ទាំងអស់នេះ គ្រាន់តែជាលទ្ធផលនៃការខិតខំ ប្រឹងប្រែង ចេញមកពីអ្វី ដែលកញ្ញាស្រលាញ់ពេញចិត្ត តែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ កញ្ញាក៏បានបន្ថែមទៀតថា គ្មានវិធីណាមួយ នាំឲ្យយើងទទួលបាន ភាពជោគជ័យ ក្រៅពីការអនុវត្តនោះទេ ពោលគឺត្រូវការចំណាយពេលវេលា ក្នុងការធ្វើវា ឲ្យបានល្អបំផុត តាមដែលអាចទៅរួច។

ដូចគ្នានេះដែរ កញ្ញាក៏បាននិយាយទៀតថា ការរំពឹងទុកទៅលើភាពជោគជ័យខ្លាំងពេក នៃរឿងរ៉ាវណាមួយ ក៏អាចជាមូលហេតុដែលនាំឲ្យមនុស្សយើង ឬអ្នកនិពន្ធមួយចំនួន មានការកើតឡើងនូវជម្ងឺធ្លាក់ទឹកចិត្តក្នុងខ្លួន ផងដែរ។ ដោយហេតុថា ប្រសិនបើ ការរំពឹងទុកនៃភាពជោគជ័យអស់ទាំងនោះ មិនបានសមស្រប តាមក្តីប្រាថ្នាចង់បាន របស់ពួកគេ។

ដូច្នោះហើយ យើងគួរតែព្យាយាមយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា និងឲ្យអស់ពីលទ្ធភាព ទៅលើអ្វីដែលយើងចង់ធ្វើ ប្រកបទៅដោយសេចក្តីស្រលាញ់ពិតៗ ទើបប្រសើរ។ ព្រោះថា គោលបំណងរបស់អ្នកនិពន្ធ មិនមែនតាក់តែងសៀវភៅណាមួយមក ដើម្បីលក់ឲ្យដាច់ ឬទទួលបានភាពល្បីល្បាញ នោះទេ។  

សៀវភៅដែលជាស្នាដៃរបស់កវីនិពន្ធ វ័យក្មេង កញ្ញា សែត ហត្ថា

+ ពាក្យស្លោកផ្ទាល់ខ្លួន

ក្នុងនោះផងដែរ កញ្ញា ក៏បានបង្ហាញពីពាក្យស្លោកផ្ទាល់ខ្លួនមួយ ដែលរមែងតែងតែផ្តល់ជា កម្លាំងចិត្ត នាពេលបំពេញកិច្ចការងារអ្វីមួយ ថា “ខួរក្បាលមួយ ដួងនេត្រា មួយគូ បេះដូង បរិសុទ្ធមួយ ប៊ិចមួយដើម និងហត្ថា ទាំងទ្វេរបស់ខ្ញុំ គឺជាកាដូ សម្រាប់ពិភពលោក ដ៏ស្រស់ ស្អាតនេះ!!!”

ជាមួយនឹងអត្តន័យបង្កប់ នៅពីក្រោយខ្នងនៃពាក្យស្លោកមួយល្បះនេះ កញ្ញា ក៏បានបញ្ជាក់ថា សម្រាប់កញ្ញាផ្ទាល់ទាំងអស់នេះ ជាកាដូដ៏សែនមានតម្លៃ ដែលកញ្ញាបាន ទទួលវាមក ពីពិភពលោកមួយនេះ ហើយការប្រើប្រាស់កាដូទាំងអស់នេះ ត្រលប់ទៅវិញ តាមរយៈ ការប្រើប្រាស់កែវភ្នែក ដៃ បេះដូង និងខួរក្បាល ក្នុងផ្លូវវិជ្ជមាន ក៏ជាផ្នែកមួយ នៃការជួយទៅដល់ពិភពលោករបស់យើង ឲ្យកាន់តែមានភាពល្អប្រសើរ ផងដែរ។ 

កវីនិពន្ធ វ័យក្មេង កញ្ញា សែត ហត្ថា

+ ជាចុងក្រោយ

កញ្ញាក៏បានធ្វើការផ្តែផ្តាំថា ប្រសិនបើ យើងធ្វើកិច្ចការងារណាមួយ ដែលយើងស្រលាញ់ អស់ពីចិត្ត នោះយើងក៏មិនចាំបាច់រំពឹងទុកថា វានឹងបានផ្តល់លទ្ធផលបែបណាមួយ មកកាន់យើង នោះទេ។

ប៉ុន្តែ ចូលព្យាយាមដាក់ក្តីស្រលាញ់ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន សម្រាប់គ្រប់ ភារកិច្ចដែលយើងកំពុងតែធ្វើ ហើយត្រូវជឿជាក់ថា ថ្ងៃណាមួយ វានឹងបានផ្តល់ផលវិជ្ជមាន មកកាន់យើង ជាក់ជាមិនខាន ព្រោះថា គ្រប់យ៉ាង សុទ្ធសឹងតែត្រូវការពេលវេលារបស់វា ជានិច្ច៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]