គ្មានជីវិតលើលោកនេះណាដែលអមតៈឡើយ ហើយគ្មាននរណាគេអាចគេចបានដែរពោលគឺមុន ឬក្រោយប៉ុណ្ណោះ។  មនុស្សយើងអាចរស់បានរហូតដល់ ១០០ឆ្នាំ ជារឿងមួយដ៏អស្ចារ្យ។ ជាមួយនឹងភាពរីកចម្រើនយ៉ាងខ្លាំងនៃផ្នែកវេជ្ជសាស្ត្រ បានធ្វើឲ្យសុខុមាលភាពប្រជាជនទូទាំងពិភពលោកកាន់តែប្រសើរឡើង និងអាចព្យាបាលស្ទើរតែគ្រប់ជំងឺភាគច្រើនទៅហើយ។

ល្បឿនរីកចម្រើននៃវិស័យសុខាភិបាលជាមួយបច្ចេកវិទ្យាពុំទាន់អាចឲ្យមនុស្សស្វែងរកវិធីសាស្ត្រជាក់លាក់ណាមួយចៀសពីមរណៈភាពនៅឡើយទេ បើទោះបីជា ការសិក្សាជាច្រើនអាចកំណត់បានមូលហេតុដែលបណ្តាលឲ្យមនុស្សវិវឌ្ឍទៅរកភាពចាស់បានក៏ដោយ។

ហេតុផលមួយចំនួន ដែលបណ្តាលឲ្យខ្លួនប្រាណយើងធ្វើការវិវឌ្ឍន៍ទៅជាជ្រីវជ្រួញ និងទ្រុឌទ្រោមមានដូចជា៖

១. មេកានិចក្នុងការជួសជុសកោសិកា ឬការសំយោគកោសិកាថ្មីត្រូវបានបញ្ឈប់ដោយខ្លួនឯងនៅពេលយើងអាយុកាន់តែច្រើន។ ទោះបីជាយ៉ាងណាគេពុំទាន់យល់ច្បាស់ហេតុអ្វីបានជាមេកានិចដ៏សំខាន់ទាំងនោះត្រូវបានបញ្ឈប់ឡើយ។

ហេតុនេះហើយវាបានធ្វើឲ្យជាលិកាយើងខូចខាតបន្តិចៗម្តង ដោយសារគ្មានកោសិកាថ្មីមកជំនួស ទើបបណ្តាលឲ្យសរីរាង្គទាំងឡាយនៃរាងកាយចាប់ផ្តើមបាត់បង់នូវដំណើរការ និងខូចទ្រង់ទ្រាយ។

២. នៅពេលយើងមានអាយុកាន់តែច្រើនទៅ រោងចក្រផលិតថាមពលរបស់កោសិកា ដែលបំលែងអុកស៊ីសែននិងសារធាតុចិញ្ចឹមទៅជាកម្លាំងថាមពលនោះ ក៏ចាប់ផ្តើមមានដំណើរការមិនប្រក្រតី ដោយគេសិក្សាឃើញថាវាផលិតទម្រង់ពុលនៃឧស្ម័នអុកស៊ីសែន(ឬហៅថា សារធាតុអុកស៊ីតកម្ម) ដែលអាចបំផ្លាញទៅដល់DNAឬ សែន របស់កោសិកា។

កាលណាព័ត៌មានសេនេទិច(DNA)ត្រូវទទួលរងខូចខាត វាអាចបណ្តាលឲ្យរចនាសម្ព័ន្ធកោសិកាមានលក្ខណៈខុសប្រក្រតី ជាពិសេសកោសិកាពុំអាចធ្វើ់ការសំយោគនូវកោសិកាថ្មីបានឡើយ ព្រោះDNA ជាព័ត៌មានតែមួយគត់ ដែលកោសិកាយើងប្រើប្រាស់សម្រាប់មេកានិចសាងសង់កោសិកាមួយដែថ្មី និងមានលក្ខណៈដូចគ្នាបេះបិទ។

ដូច្នេះភាពខូចខាតនៃរោងចក្រផលិតថាមពលកោសិកា នឹងនាំនូវផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ច្រវ៉ាក់DNA ដែលមិនត្រឹមតែធ្វើឲ្យកោសិកាខូចខាត លើសពីនេះមិនអាចបង្កើតថ្មីបានទៀតផង។

៣. ការបាត់បង់សមត្ថភាពរាងកាយយើងក្នុងការកំចាត់ចោលប្រូតេអ៊ីននៅក្នុងកោសិកាទាំងឡាយដែលខូចខាត  ជាហេតុបណ្តាលឲ្យកើតមានកោសិកាពុល និងផ្តល់ផលប៉ះពាល់ទៅដល់កោសិកាល្អដែលនៅជិតៗគ្នា។ បន្ថែមពីលើនេះវាក៏ជាមូលហេតុនៃការវិវឌ្ឍន៍នៃជំងឺមហារីកនៅពេលចូលដល់វ័យចំណាស់ផងដែរ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]