(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលអតីតតារាចម្រៀងស្រីល្បីឈ្មោះ ត្រូវជាប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត គឺ កញ្ញា ខេមរៈ ស្រីពៅ ខណៈដែលថ្មីៗនេះ អតីតតារាចម្រៀងដួងនេះ បានប្រកាសថា ខ្លួននឹងវិលត្រឡប់ចូលក្នុងសិល្បៈជាថ្មី ក្រោយពីបានបាត់មុខ ពីវិថីសិល្បៈចម្រៀងអស់រយៈពេលជាច្រើនឆ្នាំ បង្កឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមគណនីហ្វេសប៊ុក របស់អតីតតារាចម្រៀងស្រី កញ្ញា ខេមរៈ ស្រីពៅ បានសរសេរបង្ហោះថា «បងប្អូន និង Fan ទាំងអស់គ្នាប្រាកដជា នៅរង់ចាំនាងខ្ញុំឲ្យមកចូលសិល្បៈវិញ កុំបារម្ភអីណា នាងខ្ញុំប្រាកដជាចូលសិល្បៈវិញ ចង់និយាយថាស្រឡាញ់ អ្នកទាំងអស់គ្នាណាស់»។ ជាមួយគ្នានេះដែរ ខេមរៈ ស្រីពៅ ក៏បានស្នើឲ្យអ្នកគាំទ្រ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជួយចែករំលែកនូវដំណឹងនេះ ឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួនដទៃទៀត បានជ្រាបផងដែរ។

យ៉ាងណាមិញ តាមរយៈសាររបស់ កញ្ញា ខេមរៈ ស្រីពៅ ថា នឹងវិលចូលសិល្បៈនេះ គេមិនទាន់ដឹងនៅឡើយទេថា នាងអាចនឹងចូលក្នុងទ្រនំចាស់ របស់ខ្លួន គឺផលិតកម្មសាន់ដេ ឬនាងអាចនឹងចូលជ្រក ក្នុងទ្រនំជាមួយបងប្រុសខ្លួន ដែលកំពុងស្ថិតក្នុងផលិតកម្មរស្មីហង្សមាស នៅឡើយនោះទេ ខណៈដែលការប្រកាសបែបនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាង ហាក់សម្ដែងការភ្ញាក់ផ្អើល ហើយគិតថា តើនេះសម្ដីរបស់ ខេមរៈ ស្រីពៅ ពិតប្រាកដ ឬគ្រាន់តែមានអ្នកក្លែងបន្លំឈ្មោះ របស់នាងដើម្បីទាញការចាប់អារម្មណ៍នោះទេ។

គួររំឭកផងដែរថា ខេមរៈ ស្រីពៅ ជាអតីតតារាចម្រៀងស្រីមួយដួង ដែលបានកសាងកេរ្តិ៍ឈ្មោះ ក្នុងទ្រនំសាន់ដេ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង នៅក្នុងសង្គមសិល្បៈ ជាពិសេសនោះ រាល់បទចម្រៀងរបស់ស្រីស្រស់ រូបនេះ សុទ្ធសឹងតែទទួលបានកាគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន៕

ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ