ភ្នំពេញ ៖ ស្ដ្រីវ័យក្មេង អតីតជាអ្នកបម្រើ នៅភោជនីយដ្ឋាន កាដូ នៅព្រែកលៀប បានសម្រេចដាក់ពាក្យបណ្ដឹង ទៅ កាន់សមត្ថកិច្ច ដើម្បីឱ្យជួយរកយុត្ដិធម៌ ខណៈ ដែលបុរសជាព្រាននារីម្នាក់ ក្រោយពីលួងលោមបានខ្លួនបានប្រាណ រូបនាង រហូតដល់មានផ្ទៃពោះ ដល់ទៅ ២ដងហើយ បែរជាបោះបង់នាងចោល ដើម្បីទៅស្រវា ស្រីថ្មី រៀបការជា ភរិយា ផ្គាប់ចិត្ដឪពុកម្ដាយបងប្អូន ដែលគ្រួសារខាងប្រុសខាងលើនេះ គឺជាអ្នកមានជីវភាពថ្កុំថ្កើង ហើយមិនចង់ ឱ្យយកស្ដ្រីក្រីក្រ ជាអ្នកបម្រើនៅ តាមភោជនីយដ្ឋាន មកធ្វើជាភរិយា រស់នៅលើទ្រនំខ្ពស់នោះឡើយ។

ស្ដ្រីដែលអះអាងថា ខ្លួនជាជនរងគ្រោះ ចាញ់បោកប្រុសព្រាន ហើយទូរស័ព្ទមកប្ដឹងដើមអម្ពិល ដើម្បីសុំឱ្យជួយ ចុះផ្សាយរកយុត្ដិធម៌ និងរកការអន្ដរាគមន៍ ពីអាជ្ញាធរ សមត្ថកិច្ច និងអង្គការជួយស្ដ្រីមានវិបត្ដិនោះ បានអះអាងថា ខ្លួនឈ្មោះ ធារី អាយុ ២៣ឆ្នាំ មានស្រុកកំណើត នៅស្រុកកោះធំ ខេត្ដកណ្ដាល បច្ចុប្បន្នស្នាក់នៅ ជាមួយ បង មានទីលំនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ។

ដោយឡែកបុរសដែលនាងចាត់ទុកថា គឺជាព្រាន នារី ធ្វើការឆបោក លួងលោមស្ដ្រីទន់ខ្សោយដូចជា រូបនាង  យកទៅបម្រើកាមគុណ រួចហើយបោះបង់ចោល ដោយមិនទទួលខុសត្រូវខាងលើនេះ ត្រូវបាននាងអះអាងថា មានឈ្មោះ រិទ្ធ មានមុខរបរជាអគ្គនាយក ក្រុមហ៊ុន មួយ ដែលរកស៊ីខាងផ្នែកនាំពលករ ចេញទៅធ្វើការនៅប្រទេសថៃ មានអាយុប្រមាណ ជិត ៤០ឆ្នាំ មានទីលំនៅ តាមបណ្ដោយផ្លូវជាតិលេខ ៦អា ក្នុង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ដូចគ្នា ។

ពាក់ព័ន្ធដល់រឿងរ៉ាវ ដែលនាំឱ្យរូបនាងលង់ខ្លួន បង់ប្រាណ ដោយសារប្រុសព្រាន ប្រើសម្ដីផ្អែម និងសម្ភារនិយម រួមទាំងទឹកលុយ មកអូសទាញរូបនាង ថាយកទៅធ្វើ ជាគូអនាគតខាងលើនេះ ត្រូវបានរូបនាងរៀបរាប់ឱ្យដឹងថា ដើមឡើយ ដោយសារតែជីវភាពក្រខ្សត់ នៅស្រុកកំណើតគ្មានការងារធ្វើ រូបនាងក៏សម្រេចធ្វើដំណើរមក កាន់ ទីក្រុងសំបុកភ្លើងពណ៌ ស្វែងរកការងារធ្វើ ក្រែងលោមានវាសនា មានជីវភាពធូរធារ ជាជាងនៅស្រុកកំណើត ។

ពេលមកដល់ដី ក្រុង ដោយសារគ្មានចំណេះវិជ្ជា និងដើមទុនរកស៊ីនឹងគេ ស្របពេលមានអ្នកស្គាល់ បបួលចូលធ្វើការជាអ្នករត់តុ នាងក៏បានសម្រេចទៅរត់តុ នៅភោជនីយដ្ឋានកាដូ ដែលមានទីតាំងនៅតាម បណ្ដោយផ្លូវជាតិលេខ៦អា ។

ជាស្ដ្រីជនបទ ដែលធ្លាប់តែមុជទឹកទន្លេ ទឹកអណ្ដូង លុះបានទឹកម៉ាស៊ីន រស់នៅទីក្រុង ដែលពោរពេញទៅដោយការ ប្រកួតប្រជែង ខាងសម្រស់ បានធ្វើឱ្យរូបនាង ដែលធ្លាប់តែគេហៅជាក្ដាមស្រែ បានប្រែពណ៌ទៅជាសេកសោមមួយ ដួង មានរូបឆោម សាច់ឈាមភ្លឺថ្លា មិនចាញ់ក្រមុំទីក្រុងប៉ុន្មាន នោះឡើយ ទោះបីនាង មានវាសនាត្រឹមតែជានារីរត់តុ នៅតាមភោជនីយដ្ឋានក៏ដោយ។ ការឡើងសាច់ឡើងឈាម បានធ្វើឱ្យកន្លង់ជាច្រើនដែលមើលឃើញ ចោមរោម ចង់គួចប្រតិព័ទ្ធ ក្រេបលម្អងផ្កា ដែលទើបតែមករីកនៅទីក្រុង។

ក្រោមភ្នែកកន្លង់ជាច្រើន ដែលតែងតែចូលចិត្ដ ចូលទៅក្រឡឹងហ្វូងបុបា្ផ នៅតាម ភោជនីយដ្ឋាននានានោះ ចៃដន្យមាន កន្លង់ក្បាលខ្មៅមួយ ដែលឧស្សាហ៍មកហូបចុក នៅក្នុងភោជនីយដ្ឋានកាដូជាញឹកញាប់នោះ បានប្រើប្រាស់វោហា រួមទាំងសម្ភារ និងលុយកាក់អូសទាញរូបនាង រហូត ដល់លង់ខ្លួនលង់ប្រាណ ក្រោមពាក្យលួងលោម បើអូនស្រឡាញ់បង បងនឹង យកអូនធ្វើជាគូអនាគត មិនបោះបង់អូនចោល ឬក៏ទុកអូនឱ្យវេទនានោះឡើយ។

ក្រោមពាក្យលួងលោមផ្អែមល្ហែម និងប្រើសម្ដីមាសពេជ្រ របស់កំលោះទីក្រុង បានធ្វើឱ្យក្រមុំជនបទរូបនេះទន់ចិត្ដ ទន់កាយ ព្រោះសង្ឃឹមថា វាសនារបស់ខ្លួនអាចនឹង មានភាពថ្កុំថ្កើង ។ បន្ទាប់ពីលាឈប់ពីការងារ ហើយទៅរស់នៅលើផ្ទះបុរស ដែលសង្ឃឹម ថា អនាគតគឺជាប្ដីរៀបការពេញច្បាប់នោះ មិនបានប៉ុន្មានខែផង នាងក៏ចាប់ ផ្ដើមមានផ្ទៃពោះ តែក្រោយពីគូ កំណាន់របស់ខ្លួនដឹង ក៏បានលួងលោមផង បង្ខំផង ដើម្បីឱ្យនាងយកកូនចេញ ព្រោះមិនចង់ឱ្យនាងទុកកូន នៅពេលមិនទាន់រៀបការ ពេញច្បាប់ ។

ដោយសារល្បិចលួងលោម ដ៏ប៉ិនប្រសប់ នាងក៏ជឿនិងធ្វើតាម លុះប៉ុន្មាន ខែក្រោយមក នាងក៏ចាប់ផ្ដើមមានផ្ទៃពោះជាលើកទី២ ដោយលើកនេះក៏បានដឹងដល់ឪពុកម្ដាយ និងបងប្អូនរបស់ បុរសខាងលើ ស្រាប់តែពួកគេចាប់ផ្ដើមធ្វើទុក្ខបុកម្នេញ  ដោយបង្ខំឱ្យយកកូនចេញជាលើកទី២ទៀត រួមទាំងបង ប្អូន ឪពុកម្ដាយ ចាប់ផ្ដើមរករឿង ភាគីខាងប្រុសមិនឱ្យយករូបនាង ធ្វើជាគូអនាគត ដោយសំអាងថា ជាស្ដ្រីក្រីក្រ គ្មានឈ្មោះបោះសំឡេង មិនសមមកយកកូនប្រុសរបស់គេ ដែលជាអគ្គនាយកក្រុមហ៊ុនមួយរូប មានមុខមាត់នៅ ក្នុងសង្គមនោះឡើយ។

មិនតែប៉ុណ្ណោះ ឪពុកម្ដាយខាងប្រុស ក៏បានណែនាំ និងដណ្ដឹងស្ដ្រីម្នាក់ ដែលជាអ្នកមានមុខ មានមាត់ មានទីលំនៅម្ដុំវិមានឯករាជ្យ សម្រាប់ធ្វើជាគូអនាគត ឱ្យកូនប្រុសរបស់ខ្លួនផងដែរ ។ តាំងពីបុរសដែល ខ្លួនស្រឡាញ់ ត្រូវបានឪពុកម្ដាយផ្ចុងផ្ដើម ឱ្យមានគូដណ្ដឹង និងត្រៀមចូលរោងការ នៅពេលខាងមុខកាលណាមក ក្រុមគ្រួសារខាងប្រុស ចាប់ផ្ដើមរករឿងមកលើរូបនាងយ៉ាងខ្លាំង ហើយចុងក្រោយក៏បណ្ដេញនាងចេញពីផ្ទះ ហើយបុរសដែលជាគូកំណាន់ ក៏មិនបានអាណិតអាសូរ មកលើរូបនាង ដែលធ្លាប់ស្រឡាញ់ឱបនឹងដើមទ្រូងនោះ ដែរ ដោយសារតែគេជឿ តាមឪពុកម្ដាយ និងបងប្អូនរបស់គេ។

រឿងដែលគួរឱ្យឈឺចុកចាប់ និងមិនអាចទ្រាំបាន បើទោះបីជានាងបានចាកចេញពីផ្ទះ មករស់នៅជាមួយបងស្រី ជាបន្ដបណ្ដោះអាសន្នហើយក៏ដោយ តែបន្ទាប់ពីខាង ប្រុសដឹងថា នាងចុះចេញពីផ្ទះរបស់គេ ដោយស្ពាយទាំងកូនក្នុងផ្ទៃ ៥ខែ ទៅជាមួយផងដែរនោះ បានធ្វើឱ្យក្រុមគ្រួសារខាងប្រុស រស់មិនស្រួល នៅមិនសុខ ដោយ សារតែគេ យល់ថា មិនចង់ឱ្យឈាមមួយតក់ស្រក់អនាថា និងនាំជាប់ជំពាក់វាក់វិនវែងឆ្ងាយនោះ គឺក្រុមគ្រួសារខាងប្រុស តែងតែទូរស័ព្ទមកគំរាមកំហែង ឱ្យរូប នាងយកកូនចេញជាញឹកញាប់ រហូតដល់យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ ក្រុមគ្រួសារខាងប្រុស ដែលមានគ្នាសរុបចំនួន ៥នាក់ បានជិះរថយន្ដមក កាន់ផ្ទះបងស្រី ដែលខ្លួន កំពុងស្នាក់នៅ រួចហើយធ្វើការជេរបញ្ចោគំរាមកំហែង មិនឱ្យទាក់ទងជាមួយកូនប្រុសរបស់គេតទៅទៀត រួមទាំងគំរាមឱ្យនាងយកកូនចេញ រហូតដល់ប្រើអំពើហិង្សា ធាក់មកលើពោះរបស់នាង បង្កការភ្ញាក់ផ្អើលមនុស្ស ចោមរោមមើលទៀតផង។

មិនអស់ចិត្ដ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ ថែមទាំងបានទូរស័ព្ទ មកគំរាមរូប នាងបន្ថែមទៀត ។ ដោយសារតែមិនអាចទ្រាំទ្រ នូវអំពើគំរាមកំហែងខាងលើនេះបាន ទើបរូបនាង សម្រេចដាក់ ពាក្យបណ្ដឹងទៅ កាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំឱ្យជួយរកយុត្ដិធម៌។ ប៉ុន្ដែខណៈដែលនាង យកពាក្យបណ្ដឹងទៅ ដាក់នៅនគរបាលប៉ុស្ដិ៍ព្រែកលៀប នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ ២០១៣ តែមិនត្រូវបាននគរបាល នៅទីនោះ ទទួលយកពាក្យបណ្ដឹងរបស់នាងនោះឡើយ ដោយគេអះអាងថា រូបនាងមិនមានទីលំនៅពិតប្រាកដ នៅក្នុងសង្កាត់ព្រែកលៀបរបស់គេ  គឺគ្មានឈ្មោះក្នុងសៀវភៅស្នាក់នៅ។

ពាក់ព័ន្ធទៅនឹងការដាក់ពាក្យបណ្ដឹងខាងលើនេះ នៅល្ងាចថ្ងៃទី២ ខែមករា លោក មៀច សេរី មេប៉ុស្ដិ៍ ព្រែកលៀប បានប្រាប់ដើមអម្ពិល តាមទូរស័ព្ទ ឱ្យដឹងថា រូបលោកមិនបានដឹង ពីការដាក់ពាក្យបណ្ដឹងរបស់ ស្ដ្រីរងគ្រោះខាងលើនេះនោះឡើយ ព្រោះលោកជាប់រវល់ប្រជុំ ហើយលោកនឹងធ្វើការសួរនាំ ទៅកាន់ មន្ដ្រីរបស់ លោក ពាក់ព័ន្ធទៅនឹងរឿងពាក្យបណ្ដឹងខាងលើនេះ ជាបន្ដទៀត។

ដោយឡែកស្ដ្រីរងគ្រោះ ក្រោយពីនគរបាល មូលដ្ឋាន មិនទទួលយកពាក្យបណ្ដឹង ក៏បានធ្វើការអំពាវនាវ សូមឱ្យសមត្ថកិច្ច និងអង្គការជួយស្ដ្រីមានវិបត្ដិ មេត្ដាជួយអន្ដរាគមន៍ និងរកយុត្ដិធម៌ដល់រូបនាងផង ។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះ ដើមអម្ពិល មិនអាចធ្វើការទាក់ទង ដើម្បីសុំការបកស្រាយ  ពីភាគីខាងប្រុស បានឡើយ ដូចនេះហើយ ទើបដើមអម្ពិល សុំមិន ធ្វើការបញ្ចេញពីអត្ដសញ្ញាណ នៃភាគីខាងប្រុស ហើយដើមអម្ពិល រង់ចាំធ្វើការស្រាយបំភ្លឺជានិច្ច នៅពេលណាដែលភាគីខាងប្រុស ចង់ធ្វើការបកស្រាយ ពាក់ព័ន្ធ ទៅនឹងរឿងរ៉ាវចោទប្រកាន់ ពីភាគីគូកំណាន់របស់ខ្លួនខាងលើនេះ៕

www.dap-news.com

 

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]