អាមេរិក៖ អ្នកដែលចូលចិត្តមើលព័ត៌មានបច្ចេកវិទ្យាទូទៅ ប្រាកដជាស្គាល់ Elon Musk ដែលលោកជាមហាសេដ្ឋីមួយរូបចូលចិត្តគិតអ្វីដែលពិភពលោកនឹកស្មានមិនដល់។ Elon មនុស្សទូទៅស្គាល់ថាជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតឡានអគ្គិសនី Tesla និងក្រុមហ៊ុនផលិតយានអវកាស SpaceX ។

ស្ថាបនិក Musk ដែលគ្រោងនឹងបង្កើតកាំជ្រួច BFR

កាលពីពេលថ្មីៗនេះលោកទើបតែបានប្រកាសជាផ្លូវការអំពីគម្រោងបង្កើតយានអវកាសមួយដែលមានឈ្មោះថា BFR (Big Falcon Rocket)។  Elon បានប្រកាសពីការជ្រើសរើសឣវកាសនិកដែលត្រូវជិះក្នុងយានអវកាស BFR នេះដើម្បីហោះទៅឋានព្រះច័ន្ទក្នុងពេលឆាប់ៗខាងមុខនេះ។

គួរឱ្យដឹងផងដែរ Elon Musk ធ្លាប់បានបង្ហាញមហិច្ឆតាសាកល្បងដឹកគ្រឿងចក្រនិងមុខទំនិញផ្សេងៗទៅភពអង្គារមុនគេដែលគ្រោងនឹងប្រព្រឹត្តិឡើងក្នុងឆ្នាំ២០២២ ខណៈដែលផែនការបន្ទាប់របស់ក្រុមហ៊ុន SpaceX គ្រោងនឹងដឹកជញ្ចូនមនុស្សទៅរស់នៅលើភពដីក្រហមក្នុងឆ្នាំ២០២៤

បំណងប្រាថ្នារបស់លោកគឺចង់ឲ្យមនុស្សមានភព២ក្នុងការរស់នៅ។ មនុស្សជាច្រើនធ្លាប់បាននិយាយថាការស្រមៃរបស់ Elon Musk ជាការស្រមៃដ៏ឆ្កួតលីលាមួយ។

បើយោងទៅតាមប្រសាសន៍លោក Marco Cáceres ដែលជាអ្នកវិភាគយានអវកាសជាន់ខ្ពស់ម្នាក់បាននិយាយថា "បើភពផែនដីដែលយើងរស់នៅប្រចាំថ្ងៃជួបឧបសគ្គនៅថ្ងៃណាមួយយើងនឹងមានជម្រើសផ្សេង"។

វាជាការពិតណាស់ដែលបុគ្គលិករបស់ក្រុមហ៊ុន SpaceX កំពុងមមាញឹកសាងសង់រោងចក្រគំរូមួយសម្រាប់យានអវកាស BFR។  SpaceX បានបញ្ជាក់ថារោងចក្រគំរូនោះត្រូវបានសាងសង់ក្នុងបរិវេណផ្ទៃដីសរុបប្រមាណ ១៨៥៨ម៉ែត្រការ៉េនៅលើជាយក្រុងម្ខាងនៃរដ្ឋ Los Angeles សហរដ្ឋអាមេរិក។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែននោះគឺ Musk បានពិពណ៌នាពីខ្នាតនិងទំហំរបស់កាំជ្រួច BFR នោះដែលបែងចែកវាជា២ផ្នែក។ ផ្នែកទី១គឺជាផ្នែកខាងក្រោមដែលមានរយៈកម្ពស់ប្រមាណ ៤៧ម៉ែត្រ អមជាមួយនឹងផ្នែកខាងលើរបស់វាដែលមានប្រវែងបន្ថែម៥៨,៧ម៉ែត្រ

បើយើងរួមបញ្ចូលផ្នែកទាំងពីរនៃយានអវកាសនេះវិញ វានឹងមានប្រវែងសរុបប្រមាណ ១០៥ ម៉ែត្រដែលវាខ្ពស់ជាងរូបសំណាកសេរីភាព “Statue of Liberty” ដែលស្ថិតក្នុងទីក្រុងNew York ទៅទៀត។

រោងចក្រដែលសាងសង់សំរាប់ផលិតយានអវកាសBFR

យើងបានដឹងពីរយៈកម្ពស់របស់BFRហើយ ឥឡូវនេះយើងមកស្គាល់ពីទម្ងន់របស់យានអវកាសនេះម្តង នៅពេលដែលប្រេងត្រូវបានចាក់ពេញវាមានទម្ងន់សរុបប្រមាណជិត ៩លានផោន។ វាអាចផ្ទុកទម្ងន់គ្រឿងយន្តនិងរបស់របរផ្សេងៗសរុប១៥០តោន និង មនុស្ស១០០នាក់

គម្រោងសាងសង់យានអវកាសBFRនេះ Elon បានជះលុយរាប់រយលានដុល្លារក្នុងការធ្វើវាឲ្យចេញជាផ្លែផ្កាតាមការគិតប្រាថ្នារបស់គាត់ដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់។ Elon Musk បានចំណាយលុយជាច្រើនទៅលើថ្លៃឈ្នួលនៃតម្លៃពលកម្មរបស់បុគ្គលិកគាត់ប្រមាណ ៦០០០នាក់ដែលពួកគេបាននិងកំពុងចូលរួមក្នុងការសាងសង់រោងចក្រនិងយានអវកាសBVRនេះ។

យោងទៅតាមគម្រាងរបស់ SpaceX ផ្ទាល់បានឲ្យដឹងថា នៅពេលដែលយានអវកាសBFRនេះមានដំណើរការរួចរាល់១០០% ពួកគេនឹងបង្ហោះវាទៅក្នុងគន្លងជុំវិញផែនដី ក្រោយពួកវិស្វករជំនាញផ្សេងៗរបស់ SpaceX  ធ្វើការត្រួតពិនិត្យវាឲ្យបានដិតដល់រួចរាល់។

ចូលមកកាន់កម្លាំងម៉ាស៊ីនខាងក្នុងរបស់BFRវិញម្តង យានអវកាសនេះត្រូវបានបំពាក់ដោយម៉ាស៊ីនមេយ៉ាងធំនៅបរិវេណខាងក្នុងរបស់វា។ បើចង់ប្រៀបធៀបវិញ មានតែម៉ាស៊ីនមេរបស់យន្តហោះ Boeing's 787 ទេទើបអាចប្រៀបធៀបជាមួយវាកើត បើនិយាយពីទំហំរបស់ម៉ាស៊ីនមេទាំងពីរតែម្តងគឺវាប្រហាក់ប្រហែលគ្នាតែបើគិតពីទម្ងន់វិញគឺ វាខុសគ្នាពាក់កណ្ដាលរវាងម៉ាស៊ីនមេរបស់យន្តហោះ Boeing's 787 និងម៉ាស៊ីនមេរបស់កាំជ្រួចយក្ស BFRនេះ។

វាពិតជាអស្ចារ្យណាស់បើទទួលជោគជ័យក្នុងការបង្កើតយានអវកាសនេះ។ វានឹងធ្វើឲ្យបច្ចេកវិទ្យារបស់មនុស្សរីកលូតលាស់កាន់តែលឿនមួយកម្រិតទៀតនៅថ្ងៃអនាគត៕

នេះជាបរិវេណខាងក្នុងរបស់យានអវកាសBFRនេះ
ម៉ាស៊ីនមេដែលធំជាងគេនិងធ្ងន់ជាងគេរបស់BFR
រូបភាពនិងផ្នែកផ្សេងៗរបស់កាំជ្រួចដ៏លឿនធំមួយនេះ
អ្វីដែលMuskប្រាថ្នាគឺគាត់ចង់សាងសង់រោងចក្រនៅភពអង្គារ
គួរបញ្ជាក់ថាភពអង្គារមានចម្ងាយ១៤០លានម៉ែត្រពីផែនដី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]