ខេត្តកណ្តាលៈ ឧប្បតិ្តហេតុគ្រោះថ្នាក់ ចរាចរមួយបានកើតឡើង រវាងរថយន្តដឹកកម្មករ និងរថយន្តដឹកថ្ម បុកគ្នាបានបណ្តាលឲ្យ រងរបួសធ្ងន់ស្រាលជិត១០ ត្រូវដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯកជនថ្នល់ទទឹង ។ គ្រោះថ្នាក់ចរាចរនេះ កើតឡើងគឺដោយ សារតែរថយន្ត ដឹកកម្មករ វ៉ាកជាមួយនិងម៉ូតូ មួយគ្រឿងបុកជាមួយ នឹងកង់ហើយ រថយន្ត ដឹកកម្មករប្រឹងបើក គេចក៏ជ្រុលទៅបុករថយន្តដឹកថ្ម តែម្តងទៅ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ប្រភេទ១តោន ដឹកកម្មករប្រហែល ជាង៦០នាក់ អ្នកបើកបរ មានឈ្មោះ នុល រ៉េត ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរបើកបរ រថយន្ត រស់នៅក្នុង ភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ រីឯរថយន្តរងគ្រោះ ម៉ាកហ៊ីយ៉ាន់ដាយ យីឌុប ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣បេ ៦០៣៩ អ្នកបើកបរពុំត្រូវបានគេ ស្គាល់ឈ្មោះនោះទេ បន្ទាប់ពីកើតហេតុបានចុះចេញ ពីរថយន្តគេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ រថយន្តដឹកថ្ម បើកបរក្នុង ទិសដៅ ពីត្បូងជើងក្នុងទិសដៅច្រាស់ ទិសគ្នា។  

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុរថយន្តដឹកកម្មករបើកបរ ក្នុងទិសដៅពី ជើងទៅត្បូង លុះដល់ចំណុច កើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង បុកជាមួយ នឹងកង់មួយគ្រឿង ផ្សេងទៀត ពេលនោះរថយន្តដឹកកម្មករ ក៏ប្រឹងបួងចង្កូត គេចម៉ូតូនិងកង់នោះ ទើបហួសទៅដល់ពាក់កណ្តាលផ្លូវ ហើយស្របពេលនោះ ក៏មានរថយន្ត ដឹកថ្មមកដល់ ក៏ជ្រុលចង្កូតទៅបុក រថយន្តដឹកកម្មករ បុកយ៉ាងពេញទំហឹងបណ្តាល អ្នកជិះនៅលើរថយន្ត ដឹកកម្មករ រងរបួសធ្ងន់ស្រាល ប្រហែលជិត១០នាក់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅ គ្លីនិក ឯកជន ថ្នល់ទទឹងជាបន្ទាន់រីឯរថយន្ត វិញរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំដូចគ្នា  ។ ភ្លាមៗនោះអ្នក បើកបររថយន្តដឹកថ្ម ក៏បានចាកចេញពីរថយន្ត គេចខ្លួនបាត់បន្សល់ទុកតែ រថយន្តនៅនឹងកន្លែង កើតហេតុ។ ប៉ុន្តែបន្ទាប់ពីកើតហេតុ គេឃើញក្រុមមនុស្ស ស្លៀកពាក់របៀបជាអង្គរក្ស ចុះមកដល់កន្លែង កើតហេតុ ក្នុងគោលបំណង មកអន្តរាគមន៍ ខាងរថយន្តដឹកថ្ម។

សាក្សីបានបន្តថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ ពិតជាសំណាងណាស់ដែលមិនប៉ះពាល់ ដល់អាយុជីវិត ណាមួយរថយន្តដឹកកម្មករ បានបន្ថយល្បឿន ផងដែរ ខណៈចៀសម៉ូតូនិងកង់បុកគ្នា ហើយប្រសិនបើ រថយន្តដឹកថ្មនោះបើកគេច គ្នាវិញ ទំនងជាពុំមានគ្រោះថ្នាក់ ចរាចរបែបនេះកើតឡើងបានទេ ។ ភ្លាមៗនោះ នគរបាលចរាចរ ស្រុកអង្គស្នួល បានចុះទៅដល់កន្លែងកើតហេតុ រួចហើយធ្វើការវាស់វែង និងធ្វើកំណត់ ហេតុនិង អូសយករថយន្ត ទាំងពីរគ្រឿងយកមករក្សាទុក នៅអធិការដ្ឋានដើម្បីរង់ចាំ ដោះស្រាយគ្នាជាក្រោយ ឯកម្មករដែលរងរបួស ធ្ងន់នៅ សម្រាកព្យាបាលបន្ត និងអ្នករងរបួសស្រាលៗ បានត្រឡប់ទៅសម្រាកព្យាបាល នៅផ្ទះមួយចំនួន ខ្លះហើយ ៕

www.dap-news.com

ប្រែសម្រួលៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]