ស្បែកចាស់ជាងវ័យ ទាំងដែលមានអាយុនៅក្មេងនៅឡើយ និងស្បែកដែលមានខ្មៅស្រអាប់ មានស្នាមជ្រួញៗគ្មានអ្នកណាប្រាថ្នាចង់បាននោះទេ។ ដូច្នេះហើយបច្ចុប្បន្នស្រីៗជាច្រើនតែងតែចំណាយលុយមិនស្ទើរទេ ក្នុងការជ្រើសរើសគ្រឿងសម្អាង និងផលិតផលគីមី ដើម្បីធ្វើឱ្យមុខប្រែជាស្រស់ស្អាតឡើងវិញ។ តែការប្រើប្រាស់ផលិតផលបែបនោះច្រើនពេក អាចនឹងស្អាតបានមួយៗពេលៗ ឬបិទបាំងភាពចាស់បានតែពេលលាបម្សៅប៉ុណ្ណោះ ហើយថែមទាំងអាចប៉ះពាល់ដល់សុខភាពស្បែកមុខផងដែរ។

ដូច្នេះហើយថ្ងៃនេះ យើងសូមណែនាំសុភាពនារីៗទាំងឡាយ ងាកមកប្រើរបស់ធម្មជតិងាយរក និងមានតម្លៃថោកទាំងនេះវិញ ទោះវាមិនមានប្រសិទ្ធភាពភ្លាមៗ តែលទ្ធផលវាមិនអន់ជាងផលិតគីមីប៉ុន្មានទេ សឹងតែថាធ្វើឱ្យស្បែកមុខក្មេងគង់វង្សបានយូរជាងផង។

តោះ! នៅចាំអីទៀតមករៀនគន្លឹះធ្វើម៉ាសឱ្យស្បែកមុខស្អាតបាត់ស្នាមជ្រួញ និងធ្វើឱ្យស្បែកក្មេងជាងវ័យទាំងអស់គ្នាដូចខាងក្រោមនេះ៖

១. រមៀត និងក្រែមពពុះទឹកដោះគោ

រមៀត និងក្រែមពពុះទឹកដោះគោមិនត្រឹមតែធ្វើឱ្យស្បែកមុខភ្លឺរលោងស្រស់ស្អាត និងគ្មានមុនមួយគ្រាប់ទេ តែវាអាចជួយការពារ និងព្យាបាលស្បែកមុខដែលចាស់ជាងវ័យ ថែមទាំងការពារកុំឱ្យស្បែកឆាប់ចាស់ទៅតាមវ័យផងដែរ។

ការអនុវត្ត

- ជាដំបូងយកម្សៅរមៀត ១ស្លាបព្រា (ម្សៅរមៀតអាចរកទិញតាមផ្សារ ឬចិតរមៀតស្តើងៗហាលថ្ងៃឱ្យស្ងួតបុកជាម្សៅក៏បាន) លាយជាមួយនឹងក្រែមពពុះទឹកដោះគោ១ស្លាបព្រាកូរចូលគ្នាឱ្យសព្វ (ក្រែមទឹកដោះគោ ឬ Curd អាចរកទិញបាននៅផ្សារទំនើប)

- លុបលាងផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ហៗ រួចជូតឱ្យស្ងួត សឹមយកម៉ាសដែលលាយរួច លាបឱ្យសព្វផ្ទៃមុខទុកចោលរយៈពេល ១០នាទី

- ជាចុងក្រោយលុបលាងមុខចេះជាមួយនឹងទឹកត្រជាក់ជាការស្រេច។

អនុវត្តជាប្រចាំមួយអាទិត្យឱ្យបាន ២ ទៅ៣ដងដើម្បីទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។

រមៀត និងក្រែមពពុះទឹកដោះគោ

២. គ្រីមទឹកដោះគោ និងទឹកក្រូចឆ្មារ

គ្រីមទឹកដោះគោ អាចជួយប្រឆាំងនឹងស្បែកមុខចាស់ជ្រីវជ្រួញ ថែមទាំងធ្វើឱ្យស្បែកភ្លឺរលោងស្រស់ស្អាតផងដែរ។

ការអនុវត្ត

- លាយគ្រីមទឹកដោះគោ (Milk Cream រកបាននៅផ្សារទំនើប) ១ស្លាបព្រា ជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រា ហើយកូរចូលគ្នាឱ្យសព្វ

- លុបលាងសម្អាតផ្ទៃមុខជាមួយនឹងទឹកក្រៅឧណ្ហៗ រួចជូឱ្យស្ងួតសឹមយកល្បាយខាងលើមកលាបឱ្យសព្វផ្ទៃមុខ ឬុកចោល ១០នាទី ទៅ៥នាទី

- ជាចុងក្រោយលុបលាងផ្ទៃមុខជាមួយនឹងត្រជាក់ជាការស្រេច។

អ្នកអាចអនុចវត្តជាប្រចាំ ៣ ទៅ៤ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អ។

គ្រីមទឹកដោះគោ និងទឹកក្រូចឆ្មា

៣. សណ្តែកក្រហម និងទឹកឃ្មុំ

សណ្តែកក្រហម អាចជួយធ្វើឱ្យស្បែកមានសភាពស្រស់ស្អាតទន់រលោង ថែមទាំងអស់បញ្ហាមុខជ្រួញ និងចាស់ជាងវ័យផងដែរ។

ការអនុវត្ត

- យកម្សៅសណ្តែកក្រហម ៣ស្លាបព្រា (Red lentils ឬ masoor dal រកទិញបាននៅផ្សារទំនើប) លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រា កូរចូលគ្នាឱ្យសព្វ

- លុបលាងផ្ទៃមុខជាមួយនឹងក្តៅឧណ្ហៗ រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលឱ្យបាន ២០នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់

- ជាចុងក្រោយជូតមុខឱ្យស្ងួត ហើយលាបក្រែមផ្តល់សំណើមផង។

អ្នកអាចអនុវត្តវិធីបែបនេះឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អ។

សណ្តែកក្រហម និងទឹកឃ្មុំ

៤. ផ្លែប៉ោម ទឹកឃ្មុំ និងទឹកដោះគោ

ធាតុផ្សំពីផ្លែប៉ោមអាចជួយកាត់បន្ថយស្នាមជ្រួញ និងស្បែកដែលចាស់ជាងវ័យបាន ជាពិសេសគឺជួយឱ្យស្បែកមុខមានសុខភាពល្អភ្លឺថ្លាទៀតផង។

ការអនុវត្ត

- យកផ្លែប៉ោម ១ចំហៀង កាត់ជាដុំៗតូច រួចយកទៅក្រឡុកឱ្យហ្មត់ ចាំលាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រា និងទឹកដោះគោ១ស្លាបព្រា ហើយកូរចូលគ្នាឱ្យសព្វ

- លុបលាងផ្ទៃមុខជាមួយនឹងទឹកឱ្យស្អាត ចាំយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោល ១៥នាទី ទៅ២០នាទី

- ជាចុងក្រោយលាងផ្ទៃមុខចេញជាមួយទឹកត្រជាក់ជាការស្រេច។

អ្នកអាចអនុវត្តវិធីនេះឱ្យបាន ២ ទៅ៣ដងក្នងសប្តាហ៍ដើម្បីទទួលបានលទ្ធផលខ្ពស់។     

ផ្លែប៉ោម ទឹកឃ្មុំ និងទឹកដោះគោ

៥. ស៊ុត និងក្រូចឆ្មារ

ស៊ុតផ្នែកពណ៌ស អាចជួយបង្រួមរន្ធញើស ធ្វើឱ្យស្បែកតឹងណែនក្មេងខ្ចីជាងមុន ថែមទាំងកាត់បន្ថយស្នាមជ្រួញ និងស្បែកចាស់ជាងវ័យផងដែរ។

ការអនុវត្ត

- យកស៊ុតផ្នែកពណ៌ស ២គ្រាប់ លាយជាមួយនឹងទឹកក្រូចឆ្មារ ១ស្លាបព្រា និងប្រេងអូលីវ ១ស្លាបព្រា កូរចូលគ្នាឱ្យសព្វ

- បន្ទាប់មកលុបលាងផ្ទៃមុខនឹងទឹកស្អាត រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោល ២០នាទី

- ជាចុងក្រោយលុបលាងមុខចេញជាមួយនឹងទឹកត្រជាក់ជាការស្រេច។ ប្រសិនជាចាំបាច់ ឬស្បែកមុខរាងស្ងួតអាចលាបក្រែមផ្តល់សំណើមបន្ថែម។

អ្នកអាចអនុវត្តវិធីបែបនេះឱ្យបានម្តងក្នុងមួយសប្តាហ៍៕

ស៊ុត និងក្រូចឆ្មារ

យ៉ាងម៉េចដែរ ស្រីៗគ្នាយើង? គួរតែសាកមើល៍ទើបដឹងថាល្អ និងមានប្រសិទ្ធភាពបែបណានោះ! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]