រាជធានីភ្នំពេញ ៖ ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ដឹកនំប៉ាវលក់ជិះទៅបុកម៉ូតូគុបជ្រុង៥០ ពណ៌ស្លែ ជិះគ្នា២នាក់ជាស្ត្រី បណ្តាលឱ្យដួលរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ។ គ្រោះថ្នាក់នេះកើតឡើងនៅចំណុចខាងត្បូងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត តាមផ្លូវលេខ២៧១ មុខផ្ទះលេខ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២ មករា ២០១៣។

សាក្សីបានឱ្យដឹងថា ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ដឹកនំប៉ាវដើរលក់ក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូគុបជ្រុង៥០ ពណ៌ស្លែ ជិះគ្នា២នាក់ជាស្ត្រីធ្វើដំណើរពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចខាងលើបានបត់ឆ្វេង បណ្តាលឱ្យម៉ូតូលក់នំប៉ាវបុកចំពាក់កណ្តាលតួម៉ូតូ ហើយអ្នកបើកម៉ូតូទាំង២គ្រឿងដួលរងរបួសធ្ងន់ ចំណែកអ្នកជិះពីក្រោយរងរបួសស្រាល ។ ក្នុងហេតុការណ៍នោះធ្វើឱ្យម៉ូតូលក់នំប៉ាវកំពប់របស់របរខ្ចាតខ្ចាយរាយពេញផ្លូវ ។

ក្រោយពេលកើតហេតុជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ចយក ទៅរក្សាទុកនៅខណ្ឌចំការមន រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]