ភ្នំពេញៈ បុរសសម្បូរមន្ដស្នេហ៍ មានជាតិដូចប៊ីចេងសញ្ញាខ្ទះទ្រវែក មានប្រពន្ធដល់ទៅ៣ នាក់ ទំនងជាកម្លាំងទប់ទល់ មិនដល់ កើតរោគប្រចណ្ឌប្រពន្ធទី២ ចាប់ប្រពន្ធចងស្លាបសេក វាយនិងដំបងឈើ បណ្ដាលឱ្យបាក់កដៃស្ដាំ និងរងរបួស ពេញខ្លួន។  ក្រោយបង្កហិង្សាអ្នកជិតខាង បានរាយការណ៍ពីអំពើហិង្សា មួយនេះ ទើបត្រូវនគរបាលប៉ុស្ដិ៍ ឃាត់ខ្លួនបាន លោកប្ដីកំណាចនេះ យកទៅញាត់ទ្រុង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដាក់ទោស តាមច្បាប់ កំណត់។

ហេតុការណ៍អំពើហិង្សា លើគ្រួសាររហូតដល់ចងប្រពន្ធវាយធ្វើទារុណកម្មនេះ នគរបាល មូលដ្ឋានបានឱ្យដឹងថា បានកើត ឡើងកាលពីវេលាម៉ោង០៤និង៣០នាទី រសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួល ស្ថិតក្នុងក្រុមទី១៣ ភូមិ រោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលជាប្រពន្ធទី២ មានឈ្មោះ សំ ស៊ីថា អាយុ ៣៣ឆ្នាំ មានកូន ៤នាក់ ក្នុងបន្ទុក មុខរបរធ្វើការបម្រើហាងបារាំង ស្នាក់នៅផ្ទះកើត ហេតុ។ ចំណែកលោកប្ដីសម្បូរស្នេហ៍* ដែលបានវាយធ្វើទារុណកម្មលើប្រពន្ធមាន ឈ្មោះ ឌឿន យ៉ត អាយុ ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានប្រពន្ធ៣ មានកូន ៥នាក់។

លោក ហែម វទ្ធី នាយរងប៉ុស្ដិ៍នគរបាលសង្កាត់ភ្នំពេញថ្មី បានឱ្យដឹងថា មុនកើតហេតុ ជនដៃដល់ជាប្ដីបានទៅដល់ផ្ទះ ប្រពន្ធ ទី២ ទាំងកំហឹងដោយសារសេចក្ដីប្រចណ្ឌ ព្រោះ មានគេប្រាប់ថា ប្រពន្ធទី២ របស់ខ្លួនមានប្រុសថ្មី ក៍ទាញយកកាំបិតប៉័ងតោ ដេញគំរាមកាប់ រួចចាប់ប្រពន្ធបាន ក៏យកក្រមាចងស្លាបសេកទៅក្រោយ ហើយវាយសំពងយកតែម្ដង បណ្ដាលឱ្យបាក់កដៃ របួសជើងឆ្វេង ហើមជាំលើភ្លៅនិងស្នាមជាំស្ទើរពេញខ្លួន។

នគរបាលបានបញ្ជាក់ទៀតថា ក្រោយមានសេចក្ដីរាយការណ៍ ពីអ្នកជិតខាង ទើបសមត្ថកិច្ច ទៅអន្ដរាគមន៍ ចាប់បានជនដៃ ដល់ បញ្ជូនមកកាន់អធិការដ្ឋាន ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមសេចក្ដីរាយការណ៍ បញ្ជាក់ថា បុរសឈ្មោះ ឌឿន យ៉ត នេះមានចរិតកោងកាចណាស់ ហើយមិនមែនជាលើកទី១ទេ ដែលបានប្រើហិង្សាលើប្រពន្ធ មិនថាតែប្រពន្ធទី១ ឬទី២ ទេ លើកលែងតែប្រពន្ធទី៣ប៉ុណ្ណោះ ដែលគាត់ថ្នាក់ថ្នម ព្រោះនាងនៅក្មេងជាងគេ។

ប្រពន្ធទី១ របស់គាត់ ឈ្មោះ លី សាវ៉ិត អាយុ៣៥ឆ្នាំ មានកូនម្នាក់ជាមួយ លោកប្ដីរូបនេះ ហើយធ្លាប់ត្រូវថ្មោងគាត់ មិនតិច លើកដែរ រហូតដល់សុំចែកផ្លូវគ្នា ចំណែក ប្រពន្ធទី២ គឺជនរងគ្រោះឈ្មោះ សំ ស៊ីថា អាយុ ៣៣ឆ្នាំ មានកូន ៤នាក់ ដោយ ឡែកប្រពន្ធទី៣ ឈ្មោះ វ៉ា រី អាយុ ២៣ឆ្នាំ នៅក្មេងខ្ចី និងជាអ្នកមានសំណាងជាងគេ ក្នុងចំណោមប្រពន្ធទាំងបីនាក់ របស់ លោក ឌឿន យ៉ត ហៅបុរសសម្បូរស្នេហ៍។

ទីបញ្ចប់ សម្រស់មិនបានជួយខ្លួន ព្រោះតែអំពើហិង្សាវាយធ្វើទារុណកម្ម លទ្ធផលដេកគុក ព្រោះប្រពន្ធមិនមែន ជាកម្មសិទ្ធិ ផ្ដាច់មុខរបស់ប្ដីទេ គេមានសិទ្ធិ រាល់អំពើ ហិង្សាលើប្រពន្ធ ច្បាប់កំណត់ថា ជាទោសព្រហ្មទណ្ឌ៕

www.dap-news.com

www.dap-news.com

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]