ហ្វីលីពីន៖ ជីវិតគឺជាការតស៊ូ ពាក្យនេះពិតជាមិនខុសនោះទេ។ ថ្ងៃនេះយើងសូមណែនាំអ្នករាល់គ្នាមកស្គាល់រឿងពិតរបស់សិស្សម្នាក់ ព្យាយាមតស៊ូសិក្សា បើទោះបីជាគេគ្មានភ្លើងអគ្គិសនីនៅផ្ទះក៏ដោយ។ គេឈ្មោះ Jeric Reyes ជាសិស្សថ្នាក់ទី ១១ នៅវិទ្យាល័យជាតិ Malusak ខេត្ត Quezon ប្រទេសហ្វីលីពីន។ 

យោងតាមគ្រូបង្រៀនម្នាក់ឈ្មោះ Mark Pee Ortil Pornasdoro បាននិយាយថា ប្រហែលជាម៉ោង ៧:៣០ យប់ នៅក្នុងថ្នាក់រៀន គាត់បានឃើញសិស្សម្នាក់អង្គុយនៅក្នុងថ្នាក់តែម្នាក់ឯង។ 

Jeric Reyes

គាត់ក៏បានសួរសិស្សម្នាក់នោះថា “កំពុងធ្វើអ្វី?”

សិស្សនោះក៏បានឆ្លើយថា “ខ្ញុំកំពុងធ្វើកិច្ចការសាលា ហើយជាធម្មតាខ្ញុំតែងតែរៀនរហូតដល់យប់នៅទីនេះ។”

ហើយគ្រូក៏បានបន្តនិយាយថា “ហេតុអ្វីមិនយកវាទៅធ្វើនៅផ្ទះ?”

សិស្សនោះក៏ឆ្លើយថា “ផ្ទះខ្ញុំគ្មានអគ្គិសនីទេ ដូច្នេះខ្ញុំត្រូវតែបញ្ចប់កិច្ចការសាលានៅទីនេះសិន។”

គ្រូក៏សួរទៀតថា “យប់ហើយ ចុះឯងមិនឃ្លានទេ?”

សិស្សក៏ឆ្លើយថា “ខ្ញុំនឹងញុំានៅពេលក្រោយ ភាពស្រែកឃ្លានគឺជាមិត្តរបស់ខ្ញុំហើយ ខ្ញុំទម្លាប់នឹងវាហើយ។”

គួរបញ្ជាក់ផងដែរថា សិស្សម្នាក់នេះរស់នៅភូមិ Barangay ហើយគេគ្មានអគ្គិសនីប្រើនៅតំបន់នោះទេ។ មនុស្សម្នានៅទីនោះប្រើតែចង្កៀងប្រេងកាតប៉ុណ្ណោះ។

ដូច្នេះ អ្នករាល់គ្នាពុំគួរបោះបង់ចោលការសិក្សាជាដាច់ខាត បើទោះបីជាគេលំបាក ឃ្លានយ៉ាងណា ក៏គេខិតខំប្រឹងប្រែងតស៊ូសិក្សាដើម្បីអនាគតគេដែរ។

លោកគ្រូ Pornasdoro ក៏បានបង្ហោះសាច់រឿងសិស្សម្នាក់នេះនៅលើគណនី Facebook របស់គាត់ ដោយទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមជាខ្លាំង ធ្វើការបញ្ចេញមតិ Like Share យ៉ាងច្រើនផងដែរ។ 

អ្នកលេងបណ្តាញសង្គមមួយចំនួន បាននិយាយថា “ខ្ញុំស្ទើរតែស្រក់ទឹកភ្នែកនៅពេលដឹងសាច់រឿងតស៊ូរបស់សិស្សម្នាក់នេះ។”

អ្នកខ្លះក៏និយាយថា “គេអាចនឹងឃ្លាននៅពេលនេះ ប៉ុន្តែគេនឹងសម្រេចក្តីស្រមៃរបស់គេនាពេលអនាគត ខ្ញុំនឹងអធិស្ឋានជូនគាត់៕” 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]