រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនជាតិ​កូរ៉េ​២​នាក់ ឪពុក និង​កូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី ឆបោក និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​មួយ​អស់​ទឹកប្រាក់​ជិត​៨​លាន​ដុល្លារ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ចូ ស៊ូ​ពិន Cho So In ភេទ​ប្រុស អាយុ​២៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ M36107313 (​កូន​) និង​ម្នាក់​ឈ្មោះ ចូ សាម​ហ្សុ​ង Cho Samsung ភេទ​ប្រុស អាយុ​៦០​ឆ្នាំ (​ជា​ឱ​ពុក​) ជនជាតិ​កូរ៉េ​ខាងត្បូង ស្នាក់​នៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៥ ផ្លូវ​១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ចំណែក​ដើមបណ្តឹង​ក្នុង​សំណុំរឿង​នេះ​ឈ្មោះ ជិន ជី​ហុង Jin Zhehong ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជាតិចិន និង​ជា​ពាណិជ្ជករ តំណាង​ឲ្យ​ក្រុមហ៊ុន Shenyang Aiweiou Healfh Products Co ltd ដែល​ចូល​មក​ដាក់​ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ម៉ាំង សុខ​លុ​ច នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ឪពុក​កូន​កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ចំណុច​ភូមិ​កោះអណ្ដែត ផ្លូវ​ឧកញ៉ា ម៉ុង រិ​ទ្ធី សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ គឺ​ឃាត់​តាម​ដីការ​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​អយ្យការ​សាលាតំបូង​រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ដើមបណ្តឹង​ដូច​មានឈ្មោះ​ខាងលើ​បាន​ប្តឹង​ឪពុក និង​កូន​ពី​បទ «​ឆបោក​» ដែល​មាន​ទឹកប្រាក់​ប្រមាណ​២៩២០៤៥​ដុល្លារ​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​កាល​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​បទ​លួច​មាន​ទឹកប្រាក់​ចំនួន​៧២០៥៨៨២​ដុល្លារ​ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០១៧ និង​បទ​ក្លែង​ឯកសារ​សាធារណៈ ៕

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]