បរទេស៖ ដូចជាប្រិយមិត្តទាំងអស់គ្នាបានដឹងច្បាស់រួចមកហើយថា ធ្វើជាតារាល្បីតែងតែមានការងារមមាញឹកយ៉ាងខ្លាំងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនជានិច្ច។ ជាក់ស្តែងតារាហូលីវូតល្បីៗឈ្មោះទាំងនេះវរល់នឹងការងារខ្លាំង រហូតដល់ជួលអ្នកធ្វើការជំនិតម្នាក់ យកមកជាប់តាមខ្លួនមិនឱ្យរបេះនោះទេ។ ហើយការងារទាំងនោះ ក៏សុទ្ធតែមើលទៅដូចជាចម្លែកៗ និងកម្រមាននរណាធ្វើណាស់។

តោះចង់ដឹងថាតារាហូលីវូតល្បីៗរូបណាខ្លះ ដែលបានជួលមនុស្សយកមកធ្វើការងារចម្លែកៗឱ្យខ្លួន យើងមកតាមដានទាំងអស់គ្នាដូចខាងក្រោម៖

១) តារាចម្រៀង Lady Gaga ជួលមនុស្សឱ្យមកគេងកំដរ៖ កាលពីឆ្នាំ ២០១៣ តារាចម្រៀងស្រីរូបនេះត្រូវបានអ្នកចាត់ការផ្ទាល់ខ្លួនរបស់នាង ដាក់ពាក្យប្តឹងថាមិនព្រមបង់លុយថ្លៃកម្លាំងពលកម្ម ដែលនាងខំធ្វើការឱ្យទាំងយប់ទាំងថ្ងៃស្ទើរតែរកពេលវេលាសម្រាកផ្ទាល់ខ្លួនមិនចង់បានផង ដោយអ្នកចាត់រូបនេះបានប្រាប់ថា Lady Gaga បានជួលនាងឱ្យទៅគេងកំដរនៅក្នុងបន្ទប់ជារៀងរាល់រាត្រីព្រោះ Lady Gaga ជាមនុស្សដែលខ្លាចការគេងម្នាក់ឯងជាទីបំផុត។ 

Lady Gaga

២) តារាចម្រៀង Ludacris ជួលអ្នកប្តូរថ្មសម្រាប់ពេលលេងហ្គេម៖ កាលពីសម័យមុនតារាចម្រៀងរូបនេះជាមនុស្សញៀននឹងហ្គេម (Game Boy )ខ្លាំងជាទីបំផុត រហូតដល់ថ្នាក់លោកបានជួលមនុស្សម្នាក់ឱ្យក្លាយជាអ្នកតាមដានប្រចាំការ និងជាអ្នកចាំដាក់ថ្មថ្មីឱ្យលោក នៅពេលដែលលោកកំពុងជក់លេងហ្គេមនេះខ្លាំងម្តងៗ។  

Ludacris

៣) តារាសម្តែង Mark Wahlberg ជួលមនុស្សដាស់ឱ្យភ្ញាក់ពីដំណេក៖ លោកគឺជាមនុស្សម្នាក់ដែលគោរពពេលវេលាជាទីបំផុត រហូតស្ទើរតែគ្មានប្រវត្តិទៅយឺតទាល់តែសោះសម្រាប់ការណាត់ជួប និងការថតកម្មវិធីផ្សេងៗ ព្រោះតែលោកមានជឿជាក់ថាការគោរពពេលវេលាគឺជារឿងសំខាន់ជាទីបំផុត។ ដូច្នេះ Mark Wahlberg ក៏សម្រេចចិត្តជួលមនុស្សមកដាស់លោកឱ្យភ្ញាក់ពីគេងនៅពេលព្រឹក ដើម្បីឱ្យខ្លួនអាចទៅតាមការណាត់បានទាន់ពេលវេលារាល់លើក។ 

Mark Wahlberg

៤) តារាចម្រៀង Cee Lo Green ជួលមនុស្សជូតញើសឱ្យ៖ តារារូបនេះមានភាពមមាញឹកយ៉ាងខ្លាំង ទាំងការច្រៀង ការតែងនិពន្ធ និងក៏ធ្លាប់ធ្វើជាគណៈកម្មាការក្នុងកម្មវិធី The Voice ផងដែរ។ ដោយសារតែការងារមមាញឹករកពេលសម្រាកគ្មានបែបនេះ ទើបលោកសម្រេចចិត្តជួលអ្នកបម្រើម្នាក់ឱ្យតាមជូតញើសឱ្យខ្លួន និងឮគេនិយាយថាមានទាំងអ្នកចាំបកស្ករកៅស៊ូ ឱ្យលោកទំពារជាប់ជានិច្ចទៀតផង។

Cee Lo Green

៥) កីឡាករ Nick Young ជួលអ្នកយាមស្បែកជើង៖ ជាអ្នកលេងកីឡាបាល់បោះដ៏ល្បីឈ្មោះលោកបានជួលអ្នកយាមស្បែកជើងម្នាក់ ឱ្យនៅប្រចាំការរហូតពេលលោកចូលរួមក្នុងការប្រកួតនានា ព្រោះកន្លងមកលោកតែងតែត្រូវគេលួចយកស្បែកជើងអស់ជាច្រើនគូណាស់មកហើយ។ 

Nick Young

៦) តារាចម្រៀង Mariah Carey ជួលអ្នកកាន់ភេសជ្ជៈ៖ តារាស្រីរូបនេះមមាញឹកយ៉ាងខ្លាំងនៅក្នុងការចេញច្រៀងតាមការប្រគំតន្រ្តីដ៏ធំៗ ហេតុដូច្នេះទឹកគឺជារឿងសំខាន់ចាំបាច់ណាស់សម្រាប់នាង ដើម្បីញ៉ាំផ្សើមបំពង់ ក ។ ហេតុដូច្នេះហើយទើបបានជា Mariah Carey បានជួលមនុស្សម្នាក់ដើម្បីកាន់ទឹកឱ្យនាង រួមមានដូចជាភេសជ្ជៈផ្សេងៗជាដើមដើម្បីឱ្យនាងបានញ៉ាំគ្រប់ពេលដែលនាងត្រូវការ។  

Mariah Carey

៧) ពិធីការិនី Oprah Winfrey ជួលអ្នកណែនាំរើសឈុតក្នុង៖ ដូចដឹងស្រាប់មកហើយថា តារាស្រីរូបនេះគឺជាពិធីការិនីដ៏ល្បីល្បាញមួយរូបនៅក្នុងកម្មវិធីស្រ្តី «The Oprah Winfrey Show» ដែលនៅពេលនាងចេញតាមកម្មវិធីម្តងៗ ត្រូវមានការតុបតែងខ្លួនឱ្យបានសមរម្យ ដើម្បីកុំឱ្យខ្មាសអ្នកទស្សនា ពិសេសនាងក៏ជាអ្នកណែនាំឱ្យនារីទូទៅជ្រើសរើសពាក់ឈុតក្នុងឱ្យបានសាកសមដែរ ដូច្នេះ Oprah Winfrey ក៏បានជួលអ្នកជំនាញម្នាក់ដើម្បីមកធ្វើការណែនាំ និងជ្រើសរើសខោអាវក្នុងឱ្យនាងឱ្យបានស៊ីនឹងខ្លួន ជាគំរូសម្រាប់អ្នកទស្សនាទាំងអស់។

Oprah Winfrey

៨) តារាចម្រៀង Nelly ជួលអ្នកមើលថែគ្រឿងពេជ្រ៖ ដណ្តើមបានឈ្មោះជាអ្នកដែលមានស្ទាយ៍ SWAG ឡូយជាងគេ និងជាអ្នកមានទ្រព្យសម្បត្តិម្នាក់ផងដែរ នៅក្នុងវិស័យសិល្បៈ ហើយមានពេលមួយនោះសំណាងអាក្រក់ពេលទៅស្នាក់នៅសណ្ឋាគារ លោកត្រូវបានចោរប៉ងលួចយកគ្រឿងពេជ្រតម្លៃរាប់លានដុល្លារដែលលោកបានពាក់នៅនឹងខ្លួន។ ដូច្នេះហើយ Nelly ក៏បានសម្រេចចិត្តជួលអ្នកមើលថែគ្រឿងពេជ្រប្រចាំខ្លួនរបស់លោកដើម្បីឱ្យមានចោរមកលួចយកទៅបាន។ 

តារាចម្រៀង Nelly

៩) តារាចម្រៀង Justin Bieber ជួលអ្នកកាន់អាហារ៖ តារាប្រុសរូបនេះមានការងារក្នុងតារាងជាប់គ្នារដឹករាល់ៗឆ្នាំ ដូច្នេះលោកមិនសូវជាពេលវេលាទំនេរច្រើនឡើយ សូម្បីតែពេលញ៉ាំអាហារក៏មិនបានទៀងទាត់ដូចគេដែរ។ ដូច្នេះហើយ Justin Bieber ក៏បានជួលមនុស្សឱ្យមកជួយយួរអាហារ និងភេសជ្ជៈតាមលោកគ្រប់ទីកន្លែង ដើម្បីងាយស្រួលដល់ការបរិភោគប្រចាំថ្ងៃ និងគ្រប់ទីកន្លែង។ 

Justin Bieber

១០) តារាចម្រៀង Sean Combs ជួលអ្នកបាំងឆត្រឱ្យ៖ ជាស្តេច Hip Hop ជំនាន់សិល្បៈរៀមច្បង និងជាអ្នកមានទ្រព្យសម្បត្តិដ៏មហាសាលផងដែរ តែលោក Sean Combs គឺជាមនុស្សម្នាក់ដែលខ្លាចទទឹកទឹកភ្លៀង និងខ្ជិលកាន់ឆត្រខ្លាំងណាស់ ដូច្នេះដោយភាពជាមហាសេដ្ឋីរបស់ខ្លួន លោកក៏ជួលគេឱ្យមកបាំងឆត្រឱ្យពេលមានមេឃភ្លៀងធ្លាក់មកម្តងៗ។ 

Sean Combs

ដែលនេះគឺជាការងារមួយដ៏ចម្លែក ដែលគេកម្រឃើញមានណាស់នៅក្នុងសង្គម និងប្រហែលជាមានតែលោក Sean Combs ដែលចំណាយលុយមនុស្សមកធ្វើការងារមួយនេះឱ្យលោក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]