ប្រេស៊ីល៖ បុរសជាឪពុកវ័យក្មេងសញ្ជាតិប្រេស៊ីលម្នាក់ ត្រូវបានរងការចោទប្រកាន់ពីបទមនុស្សឃាត បាញ់សម្លាប់កូនប្រុសខ្លួនឯង អាយុទើបតែ ៦ខែ ក្រោយខឹងនឹងប្រពន្ធបដិសេធមិនព្រមឡើងឋានសួគ៌ជាមួយ។

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៨ បានរាយការណ៍ឲ្យដឹងថា លោក Maycon Salustiano Silva អាយុ ២៥ឆ្នាំ ត្រូវបានរងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ក្រោយបាញ់សម្លាប់កូនប្រុសខ្លួនឯង នាព្រឹកព្រលឹមថ្ងៃពុធ កន្លងទៅនេះ ក្រោយផ្ទុះកំហឹងនឹងប្រពន្ធវ័យក្មេង នាង Jeniffer អាយុ ២០ឆ្នាំ បដិសេធមិនព្រមរួមភេទជាមួយនៅក្នុងផ្ទះរបស់ពួកគេ ស្ថិតក្នុងទីក្រុង Luziania ប្រទេសប្រេស៊ីល។

លោក Silva និងនាង Jeniffer

ទារករងគ្រោះដែលត្រូវបានឪពុកចិត្តខ្មៅបាញ់ប្រហារ ឈ្មោះ Michel មានអាយុទើបតែ ៦ខែតែប៉ុណ្ណោះ។ ភ្លាមៗក្រោយកើតហេតុ ទារករងគ្រោះក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ប៉ុន្តែជាអកុសលត្រូវបានខាងក្រុមគ្រូពេទ្យប្រកាសថា ស្លាប់បាត់ទៅហើយ។

ទារករងគ្រោះ

ប្រភពដដែលបានឲ្យដឹងថា កាំភ្លើងខ្លីមួយដើម ដែលបុរសដៃដល់ជាឪពុក បានប្រើបាញ់សម្លាប់កូនប្រុសខ្លួនឯងនេះ ត្រូវបានខាងប៉ូលិសរកឃើញ នៅខាងក្រោយសាឡុង ក្នុងបន្ទប់ទទួលភ្ញៀវ ជាមួយនឹងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ដែលរូបគេបានព្យាយាមលាក់ទុក។

បន្ទាប់ពីកើតមានករណីហិង្សាបាញ់សម្លាប់ដ៏ឃោរឃៅនេះ ក្រោយកើតហេតុជនដៃដល់ជាឪពុក ពោលគឺលោក Silva ក៏បានអះអាងសារភាពប្រាប់ថា មកពីខ្លួនបានស្រវឹងស្រា និងជាមនុស្សដែលញៀនថ្នាំ (ជក់កញ្ឆា) ហើយខ្លួនពិតជាមិនបានចងចាំ នូវអ្វីដែលបានកើតឡើងនៅថ្ងៃកើតហេតុនោះឡើយ។

ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកស៊ើបអង្កេត លោក Dnaile Martins Ferreira បានលើកឡើងថា ប៉ូលិសមានការជឿជាក់យ៉ាងមុតមាំ អមជាមួយនឹងវត្ថុតាងយ៉ាងជាក់លាក់ថា លោក Silva ពិតជាបានបាញ់សម្លាប់កូនប្រុសខ្លួនឯង ខណៈដែលបច្ចុប្បន្នក្រុមអ្នកជំនាញ ក៏កំពុងតែបន្តបើកការស៊ើបអង្កេតបន្ថែមលើករណីមួយនេះផងដែរ។

លោក Silva

បន្ថែមលើនេះ អ្វីដែលពុំអាចប្រកែកបាន ក្នុងនោះក៏មានការរាយការណ៍បញ្ជាក់ ពាក់ព័ន្ធទៅនឹងករណីនេះ ពីនារីរងគ្រោះជាប្រពន្ធ ដោយបានលើកឡើងថា នៅក្នុងថ្ងៃកើតហេតុនោះ ប្តីរបស់នាងបានភ្ញាក់ពីព្រលឹម ហើយបានសុំនាងរួមភេទជាមួយគាត់ ប៉ុន្តែនាងបានប្រាប់វិញថា នាងពិតជាហត់នឿយ គ្មានកម្លាំង និងមិនចង់រួមភេទឡើយ ដែលជាហេតុធ្វើឲ្យប្តីរបស់នាង ហាក់សម្ដែងអាការខឹងសម្បាយ៉ាងខ្លាំង។

បន្ទាប់មកប្តីរបស់នាង ក៏បានចេញរកទឹកញ៉ាំ ប៉ុន្តែស្រាប់តែត្រលប់មកវិញជាមួយនឹងកាំភ្លើងខ្លីមួយដើម យកមកភ្ជង់គំរាមនាងតែម្តង។

ដំបូងឡើយប្តីរបស់នាង គំរាមថានឹងសម្លាប់នាងចោល ប៉ុន្តែនាងបានព្យាយាមអង្វរប្តីឲ្យធ្វើចិត្តឲ្យត្រជាក់ តែផ្ទុយទៅវិញ ប្តីរបស់នាងក្នុងចិត្តនៅតែពេញដោយកំហឹង។ ក្រោយមក ប្តីរបស់នាងក៏បានដកកាំភ្លើងចេញពីនាង យកទៅភ្ជង់ដើមទ្រូង Michel (កូនប្រុស) វិញម្តង និងថែមទាំងបាននិយាយដាក់នាងថា ជឿទេថាគាត់ហ៊ានបាញ់សម្លាប់កូននេះចោល ហើយភ្លាមៗនោះ ប្តីកំណាចរូបនេះ ក៏ស្រាប់តែបាញ់សម្លាប់ Michel តែម្តង។

គួរឲ្យដឹងផងដែរថា ប្តីប្រពន្ធវ័យក្មេងមួយគូនេះ បានសាងគ្រួសាររស់នៅជាមួយគ្នា ជាង៤ឆ្នាំមកហើយ ដោយទទួលបាន Michel ជាចំណងដៃកូនប្រុសដំបូងបំផុតសម្រាប់ពួកគេ។

យ៉ាងណាមិញ ជុំវិញនឹងករណីនេះ ជនដៃដល់លោក Silva ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាត និងបទកាន់កាប់អាវុធខុសច្បាប់។ បន្ថែមលើនេះ លោកក៏ត្រូវបានរងការចោទប្រកាន់ ពីបទប្រើអំពីហិង្សាក្នុងគ្រួសារផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

លោក Silva និងនាង Jeniffer
លោក Silva និងនាង Jeniffer
លោក Silva និងនាង Jeniffer
ទារករងគ្រោះ
កាំភ្លើង
កាំភ្លើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]