នៅពេលដែលអ្នកមានដំណើរទៅកន្លែងណាមួយ អ្នកប្រាកដជាបានកក់អូតែល ឫសណ្ឋារគារជាមុន។ អ្នកធ្លាប់ដឹងទេថា វត្ថុប្រើប្រាស់មួយចំនួននៅសណ្ឋារគារមានមេរោគដែលយើងមិនបានគិត។

ជាទូទៅសណ្ឋារគារនីមួយៗទទួលភ្ញៀវរាប់រយ ដល់រាប់ពាន់នាក់ក្នុងមួយខែៗ ដូច្នេះហើយមិនប្រាកដថារបស់របរទាំងអស់នោះត្រូវបានសម្អាតដិតដល់ទេ។

ខាងក្រោមជារបស់របរទាំង៥ដែលមានផ្ទុកមេរោគខ្លាំងបំផុតនៅសណ្ឋាគារ៖

រូបតំណាង

១. តេឡេបញ្ជាទូរទស្សន៍

ដូចដែលបានបញ្ជាក់ប្រាប់ពីខាងលើថាក្នុងមួយខែៗអូតែលនីមួយៗបានទទួលស្វាគមន៍ភ្ញៀវរបស់ខ្លួនរាប់ពាន់នាក់  ក្នុងនោះតេឡេទូរទស្សន៍ជារបស់មួយដែលសម្បូរទៅដោយមេរោគបំផុត។ ជាទូទៅភ្ញៀវម្នាក់ៗនៅពេលដែលពួកគេទៅគេងក្នុងបន្ទប់អូតែល ពួកគេច្រើនយកតេឡេមកកាន់បញ្ជាបុស្តិ៍ទូរទស្សន៍។ នេះហើយជាមូលហេតុដែលធ្វើឲ្យវាសម្បូរទៅដោយមេរោគ ហើយវាក៏ជារបស់មួយដែលអ្នកសម្អាតមិនសូវយកចិត្តទុកដាក់ដែរ។

តេឡេទូរទស្សន៏

២. កម្រាលពូក

មានការទទួលស្គាល់ថា អ្នកសម្អាតបន្ទប់អូតែលនីមួយៗតែងតែផ្លាស់ប្តូរកម្រាលពូក មុនពេលនឹងការចូលស្នាក់នៅរបស់ភ្ញៀវថ្មី។ តែបើនៅក្នុងឱកាសថ្ងៃបុណ្យទានវិញមិនប្រាកដថាអ្នកសម្អាតមានពេលគ្រប់គ្រាន់ដើម្បីបោកគក់សម្អាតកម្រាលពូកដ៏ធំៗទាំងនោះទេ។

យោងតាមសារព័ត៌មាន Huffington Post បានឲ្យដឹងថា មនុស្សជាច្រើនតែងតែលាបឡេមុនពួកគេចូលគេង នេះហើយជាហេតុដែលធ្វើឲ្យកម្រាលពូកទាំងអស់នោះផ្ទុកទៅដោយមេរោគដែលយើងមិនសូវចាប់អារម្មណ៍។

បើតាមការសិក្សាស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យ Kelly Reynolds ដែលជាអ្នកជំនាញផ្នែកសុខាភិបាលបានផ្តល់ជាដំបូន្មានដល់មនុស្សទូទៅជុំវិញបញ្ហានេះថា គម្បីត្រឡប់កម្រាលទាំងអស់នោះទៅផ្ទៃខាងក្រោយរបស់វា ឫបើអាចដកវាចេញហើយគេងលើពូកទទេតែម្តង។

កម្រាលពួក

៣. កែវទឹកក្នុងអូតែល

ក្នុងអូតែលជាច្រើនបានដាក់កែវ និងដបទឹកសុទ្ធ ២ ទៅ ៣ដបសម្រាប់ភ្ញៀវដែលអញ្ជើញមកស្នាក់នៅ។  តែបើយើងប្រទះឃើញកែវផ្សេងទៀតពិសេសក្នុងបន្ទប់ទឹកដែលទុកសម្រាប់ឲ្យភ្ញៀវដុសធ្មេញ ឫខ្ពល់មាត់វិញ សូមមេត្តាជូតមាត់កែវជាមុន ឫ បើអាចកុំប្រើវាតែម្តង។ ពីព្រោះយើងមិនអាចមើលឃើញមេរោគដ៏កខ្វក់ដែលមាននៅក្នុងបន្ទប់ទឹកទាំងអស់នោះបានទេ។

កែវទឹកក្នុងអូតែល

៤. ចង្កៀងភ្លើង និងកុងតាក់ភ្លើង

វាដូចទៅនឹងតេឡេទូរទស្សន៍ដែរ។ មេរោគជាច្រើនដែលកាន់លើចង្កៀង និងកុងតាក់ភ្លើង ព្រោះដៃរបស់មនុស្សផ្សេងៗគ្នាដែលបានចុចវារាប់មិនអស់ ហើយអ្នកសំអាតក៏គ្មានពេលគ្រប់គ្រាន់ទៅចាប់អារម្មណ៍ជូតសម្អាតវាឲ្យបានគ្រប់ជ្រុងជ្រោយដែរ ពេលខ្លះគេឃើញចង្កៀងទាំងអស់នោះពោរពេញដោយដី និងធូលីដែលមិនបានសម្អាត។ 

ចង្កៀងភ្លើង និង កុងតាក់ភ្លើង

៥. កន្សែងជូតខ្លួន

សូមប្រយ័ត្នក្នុងចំណុចនេះបន្តិច ការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យបរទេសមួយដែលមានឈ្មោះថា The University of Houston-led បានឲ្យដឹងថា កន្សែងជូតខ្លួនដែលមានក្នុងអូតែលពិតជាមានផ្ទុកមេរោគដ៏សាហាវព្រោះដោយសារកន្សែងទាំងអស់នោះបានប្រើលើមនុស្សផ្សេងៗគ្នា ដែលក្នុងចំណោមមនុស្សទាំងអស់នោះអាចនឹងមានជំងឺប្រចាំកាយដែលជាហេតុធ្វើឲ្យមេរោគកាចសាហាវទុំជាប់លើកន្សែង។ ដើម្បីចៀសវាងការឆ្លងមេរោគ អ្នកគប្បីយកកន្សែងពីផ្ទះទៅដែលវាមានសុវត្ថិភាពនិងអនាម័យគ្រប់គ្រាន់៕

កន្សែងជូតខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]