ក្រៅពីថ្នាំដុសធ្មេញ និងទឹកខ្ពុរមាត់ ដែលគេប្រើប្រាស់ក្នុងការសម្អាតមាត់ធ្មេញនោះ អ្នកដឹងទេថាការប្រើប្រាស់អំបិលសម្រាប់ដុសសម្អាតធ្មេញ ក៏មានប្រសិទ្ធភាពនិងផលប្រយោជន៍មិនចាញ់ផលិតផលថ្នាំដុសធ្មេញដែរ។  អំបិលសំបូរទៅដោយសារធាតុរ៉ែសំខាន់ៗរាប់តាំងពីសូដ្យូម កាល់ស្យូម ម៉ាញេស្យូម ផូស្វាត ជាដើម ដែលសុទ្ធតែជាធាតុចាំបាច់សម្រាប់កោសិកាធ្មេញ។

បើចង់ទទួលបានអត្ថប្រយោជន៍ទាំង៣ខាងក្រោមនេះ សាកល្បងដុសធ្មេញបន្ថែមជាមួយនឹងអំបិលទៅមើល៍៖

១. ប្រឆាំងនឹងបញ្ហាពុកធ្មេញ

បញ្ហាពុកធ្មេញច្រើនបង្កឡើងដោយសារបាក់តេរីធ្វើមេតាបូលីសបង្កើតបានជាអាស៊ីត បណ្តាលឲ្យមាត់ ក្លាយជាមជ្ឈដ្ឋានអាស៊ីតដ៏ល្អបំផុតសម្រាប់បាក់តេរីលូតលាស់ និង ធ្វើសកម្មភាពបំផ្លាញកោសិកាធ្មេញ។

បើទោះបីជាយ៉ាងណាក៏ដោយ អំបិលក៏មិនខុសគ្នាពីថ្នាំដុសធ្មេញឡើយ វាមានឥទ្ធិពលវិជ្ជមានរក្សាលំនឹងមជ្ឈដ្ឋានឲ្យមកនៅធម្មតាវិញ និងបញ្ឈប់ការបញ្ចេញអាស៊ីតរបស់បាក់តេរីដែលធ្វើឲ្យធ្មេញពុក។

រូបតំណាង

២. ពង្រឹងសុខភាពអញ្ចាញ

អញ្ចាញធ្មេញជាជាលិកាទ្រទ្រង់ធ្មេញឲ្យនៅនឹងមួយកន្លែង ហើយបើសុខភាពអញ្ចាញធ្មេញមិនសូវល្អទេនោះ វាអាចធ្វើឲ្យធ្មេញរង្គើ ជាប្រភពនៃមេរោគជ្រកនិងធ្វើការលូតលាស់ ដែលបង្កនូវបញ្ហារាក់ស៊ីធ្មេញ (មានចេញឈាមតាមជើងធ្មេញ) និងជាពិសេសយូរៗទៅបង្កជាជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរថែមទៀត។

ដូច្នេះការប្រើប្រាស់អំបិលក្នុងការដុសធ្មេញ មានលក្ខណៈពិសេសដែលថ្នាំដុសធ្មេញធ្វើមិនបាន។  សារធាតុនៃអំបិលមិនត្រឹមអាចធ្វើឲ្យមុខរបួសអញ្ចាញឆាប់ជាសះស្បើយហាប់ណែនធម្មតា និងបំបាត់បញ្ហាចេញឈាមប៉ុណ្ណោះទេ វាថែមទាំងពង្រឹងសុខភាពអញ្ចាញធ្មេញ ដោយកាត់បន្ថយបញ្ហារលាកទៀតផង។ ជាក់ស្តែង មនុស្សភាគច្រើន ប្រហែលធ្លាប់ទទួលការណែនាំពីទន្តបណ្ឌិត ក្នុងការប្រើប្រាស់ទឹកអំបិលនៅពេលដកធ្មេញរួច ព្រោះអំបិលជួយពន្លឿនមុខរបួស។

រូបតំណាង

៣. ដោះស្រាយបញ្ហាក្លិនមាត់

បញ្ហាក្លិនមាត់អាចបណ្តាលមកពីបញ្ហាក្រពះ ឬក៏មកពីសុខភាពមាត់ធ្មេញផ្ទាល់។ ភាពគ្មានអនាម័យមាត់ធ្មេញ ធ្វើឲ្យធ្មេញពុក ហើយយូរៗទៅបង្កបញ្ហាអញ្ចាញធ្មេញ ដែលជាប្រភពនៃបាក់តេរី និងជាដើមហេតុនៃក្លិនមាត់។

ដូចបានរៀបរាប់ខាងលើ  ការខ្ពុរទឹកអំបិល ឬការដុសធ្មេញជាមួយអំបិលផ្ទាល់ នឹងជួយពង្រឹងសុខភាពធ្មេញ និងអញ្ចាញធ្មេញ ដែលជាកត្តាដ៏ចំបងក្នុងការបំបាត់ប្រភពនៃក្លិនមាត់។

រូបតំណាង

សន្និដ្ឋាន៖

សុខភាពមាត់ធ្មេញក៏សំខាន់ដូចសុខភាពទូទៅដែរ។ ការអនុវត្តអនាម័យមាត់ធ្មេញឲ្យបានខ្ជាប់ខ្ជួនដូចជា ដុសធ្មេញឲ្យបានត្រឹមត្រូវនិងទៀងទាត់ កាត់បន្ថយចំណីអាហារជាតិផ្អែម ឬក៏ខ្ពុរសម្អាតមាត់ក្រោយបរិភោគអាហាររួច។ ជាពិសេសការខ្ពុរមាត់ និង ដុសធ្មេញជាមួយនឹងទឹកអំបិល យ៉ាងហោចណាស់ឲ្យបាន២ ទៅ៣ដងក្នុងមួយសប្តាហ៍ជាការអនុវត្តមួយដ៏ប្រពៃ សម្រាប់សុខភាពអញ្ចាញធ្មេញរបស់លោកអ្នក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]