ជាការពិត មនុស្សភាគច្រើនពុំសូវយកចិត្តទុកដាក់ទៅលើសុខភាពមាត់ធ្មេញឡើយ។ មនុស្សប៉ុន្មានអ្នកដែលចំណាយពេលរៀងរាល់ខែម្តងដើម្បីធ្វើការត្រួតពិនិត្យមាត់ធ្មេញ ឬក៏រៀងរាល់៣ខែម្តងដើម្បីធ្វើការសម្អាតមាត់ធ្មេញ។

អ្នកដឹងទេថាសុខភាពមាត់ធ្មេញក៏សំខាន់ដូចសុខភាពផ្សេងៗទៀតដែរ ព្រោះថាជំងឺទូទៅមួយចំនួនក៏អាចបណ្តាលមកពីជំងឺមាត់ធ្មេញដែរ។

ការអនុវត្តនូវអនាម័យមាត់ធ្មេញឲ្យបានខ្ជាប់ខ្ជួនដូចជា ការដុសធ្មេញរាល់ពេលព្រឹក ថ្ងៃ ល្ងាច ឬ ក្រោយពេលបរិភោគអាហាររួច ជាទម្លាប់មួយដ៏ល្អក្នុងការថែរក្សាសុខភាពមាត់ធ្មេញ។ ជាពិសេសការខ្ពុលមាត់ជាមួយនឹងទឹកអំបិល យ៉ាងតិច២ទៅ៣ដងក្នុងមួយសប្តាហ៍កាន់តែជំរុញសោភ័ណភាព និងសុខភាពមាត់ធ្មេញអ្នកកាន់តែប្រសើរ។

ខាងក្រោមជាអត្ថប្រយោជន៍មួយចំនួនទទួលបានពីការខ្ពុរមាត់ជាមួយនឹងទឹកអំបិល៖

១. ប្រឆាំងនឹងមេរោគ

សារធាតុអំបិលលាយជាមួយទឹកជាភ្នាក់ងារធម្មជាតិដ៏សកម្មមួយ ក្នុងការទប់ស្កាត់ការលូតលាស់របស់ពពួកបាក់តេរីរាប់រយប្រភេទដែលមានជម្រកនៅក្នុងមាត់។ នេះ ក៏ដោយសារអំបិលអាចបង្កើតមជ្ឈដ្ឋានមួយដែលមានលក្ខណៈបាស ដែលផ្ទុយស្រឡះជាមួយនឹងបរិយាកាសដែលពពួកមេរោគចូលចិត្តរស់នៅដែលជាមជ្ឈដ្ឋានអាស៊ីត។

មជ្ឈដ្ឋានបាសនៅក្នុងមាត់ទទួលបានពីការប្រើប្រាស់ទឹកអំបិលនេះឯង ដែលធ្វើឲ្យឥទ្ធិពលរបស់មេរោគត្រូវបានបញ្ឈប់មួយរយៈមុននឹងវាត្រឡប់មកក្នុងកម្រិតមជ្ឈដ្ឋានមួយធម្មតាវិញ។

រូបតំណាង

២. ព្យាបាលបញ្ហាអញ្ចាញ

រាល់ពេលដុសធ្មេញ តែងតែមានចេញឈាម ហើយអញ្ចាញឡើងហើមពេលខ្លះ។ ទាំងនេះសុទ្ធតែជារោគសញ្ញានៃជំងឺអញ្ចាញ ដែលបង្កឡើងដោយពពួកបាក់តេរី។

ដូច្នេះការប្រើប្រាស់ទឹកអំបិល ជារៀងរាល់ព្រឹកនិងយប់ នឹងជួយកំចាត់ចោលនូវពពួកបាក់តេរីទាំងនោះ និងកាត់បន្ថយបញ្ហារលាកអញ្ចាញ។ បើអាចដោះស្រាយឬសគោលនៃបញ្ហា នោះបញ្ហាចេញឈាមតាមអញ្ចាញក៏លែងមានដែរ។

រូបតំណាង

៣. បំបាត់បញ្ហាក្លិនមាត់

បញ្ហាក្លិនមាត់អាចបណ្តាលមកពីបញ្ហាក្រពះផ្ទាល់ ឬ ក៏បណ្តាលមកពីបញ្ហាសុខភាពមាត់ធ្មេញផងដែរ។ ដូច្នេះការរក្សាអនាម័យមាត់ធ្មេញ ក៏ជាចំណែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយបញ្ហាក្លិនមាត់ដែរ។

ការដុសធ្មេញមិនគ្រប់គ្រាន់នឹងបំបាត់នូវឬសគោលនៃបញ្ហានេះទេ (ដូចជា បាក់តេរី បញ្ហាចេញឈាមតាមអញ្ចាញជាដើម) ប៉ុន្តែការព្យាយាមអនុវត្តទម្លាប់ខ្ពុរមាត់ជាមួយទឹកអំបិល នឹងចូលរួមចំណែកយ៉ាងសំខាន់ដោះស្រាយបញ្ហាក្លិនមាត់នេះ។

រូបតំណាង

៤. កាត់បន្ថយកំទេចកំទីជាប់ធ្មេញ (ផ្លាក)

អ្នកដឹងទេថា ផ្លាក ជាបណ្តុំនៃកំទេចកំទីចំណីអាហារតូចៗប្រមូលគ្នានៅលើផ្ទៃធ្មេញ ដែលជាជម្រកដ៏ស្រណុកមួយរបស់មេរោគរាប់រយប្រភេទ។ នៅពេលវាប្រមូលផ្តុំកាន់តែច្រើនៗទៅ យូរៗទៅវានឹងអាចបង្កបញ្ហាសុខភាពមាត់ធ្មេញកាន់តែច្រើនថែមទៀតដូចជា បញ្ហាពុកធ្មេញ និងជំងឺអញ្ចាញធ្មេញជាពិសេស។

ដូច្នេះការខ្ពុរទឹកអំបិលយ៉ាងតិច ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ នឹងជួយកាត់បន្ថយការប្រមូលផ្តុំនៃពពួកផ្លាកទាំងនេះ។

# របៀបអនុវត្ត៖

ប្រើប្រាស់អំបិលពាក់កណ្តាលស្លាបព្រាបាយ ចាក់លាយជាមួយនឹងទឹកក្តៅអ៊ុនៗ ហើយកូរឲ្យសប់ល្អ។ បន្ទាប់មកខ្ពុរក្នុងមាត់ឲ្យបានសព្វគ្រប់ផ្ទៃទាំងឡាយនៅក្នុងមាត់ ជាមួយផ្ទៃទំពារឲ្យបាន ១ ទៅ ២នាទី។

*** ចៀសវាងការខ្ពុរយូរពេក ដែលអាចនាំឲ្យប៉ះពាល់ដល់ធ្មេញ និងអញ្ចាញ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]