ភ្នំពេញ៖ លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានចេញមុខអរគុណដល់ប្រជាជនកម្ពុជាទាំងអស់ ដែលបានមកគាំទ្រក្រុមជម្រើសជាតិទាំងភ្លៀងនៅក្នុងពហុកីឡដ្ឋានជាតិ។

Keisuke Honda

បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាបានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងលទ្ធផល ១ ទល់នឹង ៣ នៃការប្រកួតមិត្តភាពកម្តៅសាច់ដុំកាលពីថ្ងៃ ច័ន្ទ កន្លងទៅ អតីតខ្សែបម្រើរបស់ក្លិប AC Milan នេះធ្លាប់បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយពីបញ្ចប់ការប្រកួតម្តងរួចមកហើយអំពីការចាញ់របស់ក្រុមកីឡាករកម្ពុជា ក៏ដូចជាចំណុចដែលកីឡាករគួរកែតម្រូវនិងចំណុចវិជ្ជមានដែលកីឡាករបានប្រកួតកន្លងទៅ។

ជាក់ស្តែង អតីតខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិជប៉ុននេះ បានសរសេរនៅបណ្តាញសង្គមហេ្វសប៊ុករបស់លោកកាលពីម្សិញមិញនេះថា៖ «ខ្ញុំសូមអរគុណដល់ប្រជាជនកម្ពុជាដែលបានមកគាំទ្រកីឡាករម្ពុជាទាំងភ្លៀងនៅក្នុងពហុកីឡដ្ឋានជាតិ។ យើងពិតជាមានការកើនឡើងនូវសមត្ថភាពបន្តិចម្តងៗហើយ តាមរយៈការកែប្រែទម្លាប់ល្អនៅក្រុមរបស់យើង។ ក្រុមជម្រើសជាតិមួយដែលខ្លាំង គឺមិនអាចប្រើពេលត្រឹមតែ ១ថ្ងៃដើម្បីបង្កើតវាឡើងនោះទេ»។ 

បណ្តាញសង្គមហេ្វសប៊ុករបស់ Keisuke Honda
Keisuke Honda

លោក Keisuke Honda ក៏ធ្លាប់លើកឡើងម្តងដែរ ដោយលោកបាននិយាយថាលទ្ធផលចាញ់ឬឈ្នះមិនមែនជារឿងដែលយើងត្រូវគិតនូវពេលនេះទេ ប៉ុន្តែអ្វីដែលលោកត្រូវខ្វល់គឺការកែប្រែទម្រង់លេងរបស់កីឡាករកម្ពុជាដែលជាអ្វីដែលលោកត្រូវគិតជាបញ្ហាចម្បង មិនតែប៉ុណ្ណោះលោកក៏បានសំណូមពរឲ្យអ្នកគាំទ្រកម្ពុជាអត់ធ្មត់បន្តិចសិនផងដែរ ព្រោះនេះគ្រាន់តែជាការចាប់ផ្តើមនោះទេ៕

អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាទាំងភ្លៀង
អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាទាំងភ្លៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]