ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ៥០នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយ ក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ នាដើមសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីតៃតុងឡានធ្វេសប្រហែស បាត់បង់ស្មារតីកំឡុងពេលបើកបរ បណ្តាលឲ្យបើករថយន្តធ្លាក់ផ្លូវ។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ រថយន្តក្រុងរងគ្រោះមួយគ្រឿងខាងលើនេះ ផ្ទុកអ្នកដំណើរ ៨០នាក់ បានធ្វើដំណើរវិលត្រលប់ពីប្រាសាទហិណ្ឌូដ៏ល្បីឈ្មោះ Kondagattu Anjaneya Swamy Temple ដែលមានទីតាំងនៅលើកូនភ្នំតូចមួយ ស្ថិតនៅតំបន់ភាគខាងត្បូង រដ្ឋ Telangana ប្រទេសឥណ្ឌា លុះដល់ចំណុចកើតហេតុ រថយន្តក្រុងខាងលើនេះ ក៏ស្រាប់តែរេចង្កូតចេញពីផ្លូវ ធ្លាក់ចូលជ្រលងភ្នំតែម្តង។

រូបភាពក្នុងថ្ងៃកើតហេតុ គេឃើញរថយន្តបានបែកកញ្ចក់ខ្ទេចខ្ទី ស្បែកជើង រួមនឹងអីវ៉ាន់ជាច្រើនរាយប៉ាយពេញទី ខណៈដែលសាកសពអ្នកស្លាប់ និងអ្នកនៅរស់រានមានជីវិត ក៏ត្រូវបានគេទាញចេញសង្គ្រោះពីក្នុងឡាន ដាក់តម្រៀបគ្នារដូករណែល យ៉ាងអាណោចអាធ័ម មានទាំងក្មេងទាំងចាស់ រួមនឹងកុមារតូចៗ។

តាមការស្រង់សម្ដីពីសាក្សី បាននិយាយថា តៃកុងឡានបានបើកបរក្នុងល្បឿនលឿន រហូតដល់ចំណុចកើតហេតុ ក៏ស្រាប់តែភាំងស្មារតី ទើបបង្កឲ្យកើតមានសោកនាដកម្មដ៏រន្ធត់បែបនេះ។

បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ សមត្ថកិច្ចជំនាញក៏កំពុងតែបន្តធ្វើការស៊ើបអង្កេតផងដែរ។

សាកសពអ្នកស្លាប់

ជាមួយគ្នានេះ នាយរដ្ឋមន្រ្តី រដ្ឋ Telangana លោក K. Chandrashekhar Rao ក៏បានសម្ដែងការតក់ស្លុតចំពោះឧបទ្ទវហេតុមួយនេះ និងបានប្រកាសផ្តល់ប្រាក់ ៥០០ ០០០រូពី (ប្រហែលជា ៧ ០០០ដុល្លារអាមេរិក) ក្នុងមួយសព ដល់ក្រុមគ្រួសារនៃសពផងដែរ។

គួរឲ្យដឹងផងដែរថា គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សជាង ១៥០ ០០០នាក់ ក្នុងមួយឆ្នាំៗ ដែលគ្រោះថ្នាក់ទាំងនេះ ភាគច្រើនត្រូវបានគេចោទជាបញ្ហាធំ ឬស្តីបន្ទោសទៅលើផ្លូវថ្នល់ ដោយសារតែ គ្មានបថដ្ឋានត្រឹមត្រូវ និងរងការខូចខាត និងដោយឡែកមួយវិញទៀតនោះ អ្នកបើកបរខ្វះភាពប្រុងប្រយ័ត្នផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]