បន្លៃបៃតងជាប្រភេទអាហារដ៏សំខាន់ ដែលសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនបែបរាប់តាំងពីវីតាមីន សារធាតុរ៉ែ សារធាតុសរសៃ ជាដើម ដែលខ្លួនប្រាណយើងត្រូវការជារៀងរាល់ថ្ងៃមិនអាចខ្វះបានឡើយសម្រាប់ការលូតលាស់ ការការពារ និង ដំណើរការធម្មតារបស់កោសិកា។  ស្ពៃតឿ (បុកឆូយ/ស្ពៃជើងទា) ក៏ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។

ដូច្នេះ ខាងក្រោមនេះ ជាអត្ថប្រយោជន៍សុខភាពទាំង៥ ទទួលបានពីការបរិភោគស្ពៃតឿជាប្រចាំ៖

១. ប្រឆាំងនឹងកោសិកាមហារីក

ស្ពៃតឿមានផ្ទុកសារធាតុពិសេសមួយចំនួន (ធ្វើឲ្យបន្លែនេះមានរសជាតិល្វីង) ហើយក្នុងអំឡុងពេលរំលាយអាហារ សារធាតុទាំងនោះត្រូវបានបំបែកជាសារធាតុផ្សេងៗដែលមាននូវឥទ្ធិពលយ៉ាងសកម្មក្នុងការប្រឆាំងនឹងការវិវឌ្ឍន៍នៃកោសិកាមហារីក ដោយវាការពារនូវណ្វៃយ៉ូ (ផ្ទុកនូវDNA) និងរចនាសម្ព័ន្ធរបស់កោសិកាពីកត្តាខាងក្រៅ។

ក្នុងការសិក្សាមួយចំនួនបានបង្ហាញឲ្យឃើញថា ការបរិភោគស្ពៃតឿត្រឹមតែ ២ទៅ៣ ដងក្នុងមួយសប្តាហ៍ បានកាត់បន្ថយនូវហានិភ័យគួរឲ្យកត់សម្គាល់នៃជំងឺមហារីកប្រូស្តាត ពោះវៀនធំ ថ្លើម និងសុដន់ទៀតផង។

រូបតំណាង

២. ជំរុញដល់សុខភាពភ្នែក

គេតែងនិយាយថា ការ៉ុតជាបន្លែជំនួយភ្នែកយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែអ្នកដឹងទេថា ស្ពៃតឿក៏ជាប្រភពនៃវីតាមីនA និងសារធាតុពិសេសម៉្យាង ដែលជាសារធាតុដ៏សំខាន់សម្រាប់កោសិកាភ្នែកចាប់យកពន្លឺ និងបញ្ចូលទៅឲ្យប្រព័ន្ធប្រសាទដើម្បីធ្វើការបកប្រែជារូបភាពយើងឃើញសព្វថ្ងៃនេះ។

ក្រៅពីអត្ថប្រយោជន៍របស់វាក្នុងការប្រឆាំងនឹងសារធាតុពុល  វីតាមីនA ត្រូវបានគេសិក្សាឃើញថាវាជាសារធាតុចិញ្ចឹមមួយដ៏សំខាន់ ក្នុងការការពារពីជំងឺឡើងបាយក្នុងភ្នែក បញ្ហាស្ងួតភ្នែក និងជំងឺទាក់ទងនឹងភ្នែកមួយចំនួនទៀត។

រូបតំណាង

៣. រក្សាសម្ពាធឈាម និងជំរុញសុខភាពបេះដូង

សារធាតុប៉ូតាស្យូមទទួលបានពីស្ពៃតឿ ជាសារធាតុរ៉ែដ៏សំខាន់ដែលខ្លួនប្រាណយើងមិនអាចខ្វះបានឡើយ ព្រោះវាដើរតួនាទីយ៉ាងចំបងក្នុងការរក្សាសម្ពាធឈាមឲ្យនៅកម្រិតមួយធម្មតា។

ក្រៅពីនេះវីតាមីន B6 និងសារធាតុហ្វូលាត ក៏ជាសារធាតុចិញ្ចឹមមួយដ៏ចាំបាច់ ដើម្បីប្រឆាំងនឹងការប្រមូលផ្តុំនៃសារធាតុម៉្យាង (អូម៉ូស៊ីស្តែន) ដែលសារធាតុនេះ នៅពេលមានច្រើនអាចបង្កនូវផលប៉ះពាល់ទៅដល់សរសៃឈាម។

ដូច្នេះកត្តានៃសារធាតុសំខាន់ៗទាំងអស់នេះហើយ ដែលធ្វើឲ្យស្ពៃតឿជាអាហារដ៏សំខាន់ក្នុងការកាត់បន្ថយនូវហានិភ័យនៃជំងឺទាំងឡាយទាក់ទងនឹងបេះដូង ដូចជាជំងឺលើសឈាម ជាដើម។

រូបតំណាង

៤. ជម្រុញប្រព័ន្ធភាពស៊ាំ

វីតាមីន C ជាសារធាតុដ៏ចាំបាច់ សម្រាប់កោសិកាឈាមសមួយចំនួននៃប្រព័ន្ធភាពស៊ាំ ដើម្បីប្រើប្រាស់ក្នុងការបំពេញតួនាទីចំបងរបស់វា គឺជាភា្នក់ងារការពាររាងកាយពីមេរោគបៀតបៀនទាំងឡាយ។ ដូច្នេះកង្វះនៃសារធាតុនេះអាចធ្វើឲ្យឥទ្ធិពលនៃប្រព័ន្ធភាពស៊ាំចុះខ្សោយផងដែរ។

ក្រៅពីនេះសារធាតុពិសេសម៉្យាង (សេលេល្យូម) ដែលជាសារធាតុរ៉ែទទួលបានពីស្ពៃតឿ បានជំរុញដល់ការផលិតកោសិកាឈាមសប្រភេទ T ដែលជាកោសិកាដ៏សំខាន់និងមានឥទ្ធិពលខ្លាំងបំផុតក្នុងរាងកាយយើង ព្រោះវាជាកោសិកាប្រឆាំងនឹងជំងឺមហារីក និងជំងឺធ្ងន់ៗផ្សេងទៀត។

រូបតំណាង

៥. ពង្រឹងសុខភាពឆ្អឹង

មិនមែនទឹកដោះគោមួយមុខទេដែលជាប្រភពនៃសារធាតុកាល់ស្យូមសម្រាប់ភាពរឹងមាំនៃឆ្អឹងនោះ  ប៉ុន្តែស្ពៃតឿក៏ជាប្រភពនៃសារធាតុរ៉ែយ៉ាងសំខាន់សម្រាប់ការលូតលាស់និងភាពរឹងមាំនៃឆ្អឹងផងដែរ ដូចជា ផូស្វាត ម៉ាញេស្យូម វីតាមីនK និង ជាពិសេសកាល់ស្យូមនេះឯង។

ផូស្វាត ម៉ាញេស្យូម និង កាល់ស្យូម ជាធាតុបង្កដ៏ច្រើនបំផុតនៃកោសិកាឆ្អឹង។ រីឯ វីតាមីនK ជាសារធាតុជំរុញដល់ដង់ស៊ីតេនៃឆ្អឹង។ ដូច្នេះនៅពេលធាតុទាំងនេះ រួមបញ្ចូលគ្នាដោយទទួលបានពីការបរិភោគស្ពៃតឿ  វាជាអាហារមួយដ៏សំខាន់ខ្លាំង ក្នុងការការពារពីបញ្ហាពុកឆ្អឹង និងធ្វើឲ្យឆ្អឹងកាន់តែរឹងមាំ។

ជាពិសេស សម្រាប់កុមារ ឬវ័យជំទង់ដែលកំពុងស្ថិតក្នុងវ័យលូតលាស់ ត្រូវការជាចាំបាច់នូវសារធាតុសំខាន់ៗទាំងនេះដើម្បីការលូតកម្ពស់៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]