មនុស្សមួយចំនួនយល់ឃើញថា ការលាបយ៉ាអួរនឹងជួយឲ្យស្បែកស្រស់ស្អាតម៉ត់រលោង និងបំបាត់ស្នាមជ្រីវជ្រួញមួយចំនួន។  ការគិតបែបនេះក៏មិនខុសដែរតែអ្វីដែលកាន់តែប្រសើរជាងនេះទៅទៀត គឺការបរិភោគយ៉ាអួរជាប្រចាំ។

អ្នកដឹងទេថា យ៉ាអួរ ផលិតតាមរយៈការផ្អាប់គ្រឿងផ្សំជាច្រើនមុខ លាយជាមួយនឹងពពួកបាក់តេរីល្អៗដែលពុំបង្កបញ្ហាដល់សុខភាព ប៉ុន្តែថែមទាំងនាំនូវអត្ថប្រយោជន៍ទៀតផង។ កត្តាទាំងនេះធ្វើឲ្យអាហារមួយប្រភេទនេះ ជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើនប្រភេទ រាប់តាំងពីវីតាមីនគ្រប់ប្រភេទ សារធាតុរ៉ែ ប្រូតេអ៊ីន សារធាតុខ្លាញ់សំខាន់ៗ និងសារធាតុប្រឆាំងនឹងជាតិពុល។

ដូច្នេះខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង៤ នៃការទទួលទានយ៉ាអួរជារៀងរាល់ថ្ងៃ៖

១. ជំរុញសុខភាពប្រព័ន្ធរំលាយអាហារ

ពពួកបាក់តេរីល្អៗដែលមាននៅក្នុងយ៉ាអួរជាភ្នាក់ងារយ៉ាងសំខាន់ជួយរក្សាលំនឹងនៃប្រព័ន្ធរំលាយអាហាររបស់យើង។  ពពួកបាក់តេរីទាំងនេះមិនត្រឹមជាខ្សែការពារសរីរាង្គពោះវៀនទេ ថែមទាំងជួយដល់ការរំលាយអាហារទៀតផង ដោយបំបែក ស្រូប និងផ្តល់ឲ្យនូវសារធាតុចិញ្ចឹមសំខាន់ៗតាមចរន្តឈាមដែលជ្រាបតាមកោសិកានៃពោះវៀន។

ដូច្នេះយ៉ាអួរគឺជាអាហារដ៏ល្អក្នុងការជំរុញដល់ការរំលាយអាហារ និងលំនឹងនៃសុខភាពប្រព័ន្ធរំលាយអាហារទាំងមូល។

រូបតំណាង

២. ល្អសម្រាប់សុខភាពឆ្អឹង

អ្នកដឹងទេថាក្រៅពីទឹកដោះគោ យ៉ាអួរក៏ជាប្រភពនៃសារធាតុកាល់ស្យូម និងវីតាមីន D ដែលសុទ្ធតែជាសារធាតុចិញ្ចឹមសំខាន់ដែលសរីរាង្គឆ្អឹងយើងត្រូវការជាចាំបាច់ សម្រាប់ការលូតលាស់ និងភាពរឹងមាំ។  សារធាតុចិញ្ចឹមប៉ុន្មានមុខនេះ ជួយទៅដល់ការលូតកម្ពស់របស់វ័យកុមារ និងវ័យជំទង់  ជាពិសេសការពារពីបញ្ហាពុកឆ្អឹងចំពោះបុគ្គលឈានចូលដល់វ័យកណ្តាល និងវ័យជរាដែលឆ្អឹងចាប់ផ្តើមចុះខ្សោយ និង ងាយពុកផុយ។

ដូច្នេះការទទួលទានយ៉ាអួរបន្ថែមជាមួយនឹងទឹកដោះគោ ជារបបអាហារមួយដ៏ល្អ សម្រាប់សុខភាពឆ្អឹងឲ្យគង់វង្សនិងយូរអង្វែង។

រូបតំណាង

៣. កាត់បន្ថយសម្ពាធឈាម

យ៉ាអួរជាប្រភពនៃសារធាតុរ៉ែ ប៉ូតាស្យូម ដែលជាសារធាតុដ៏សំខាន់ខ្លាំងក្នុងការរក្សានូវសម្ពាធឈាមឲ្យធ្លាក់ក្នុងកម្រិតមួយធម្មតា។ ការសិក្សាជាច្រើនបានបង្ហាញនូវទំនាក់ទំនងនៃអាហារសំបូរជាតិប៉ូតាស្យូមជាមួយនឹងការធ្លាក់ចុះនៃសម្ពាធឈាម។

ក្នុងការសិក្សាស្រាវជ្រាវទៅលើចំណីអាហារមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Harvard បានប្រាប់ឲ្យដឹងថា ការទទួលទានយ៉ាអួរ ២ ទៅ ៣ដងក្នុងមួយថ្ងៃ បានចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃបញ្ហាលើសឈាមបានរហូតដល់ ៥០% ឯណោះ។ នេះជាអត្រាមួយដ៏ច្រើនខ្លាំងមែនទែន។

ដូច្នេះការទទួលយ៉ាអួរប្រចាំថ្ងៃជាកត្តាយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ដែលអាចមាននូវឥទ្ធិពលអវិជ្ជមានចំពោះសុខភាពបេះដូងទៀតផង។

រូបតំណាង

៤. កាត់បន្ថយកូលេស្តេរ៉ុលមិនល្អ

ពពួកបាក់តេរីល្អមានក្នុងយ៉ាអួរត្រូវបានគេសិក្សាឃើញថា វាបានចូលរួមចំណែកក្នុងការកាត់បន្ថយនូវសារធាតុកូលេស្តេរ៉ុលដែលមាននៅតាមជញ្ជាំងសរសៃឈាមគួរឲ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងការសិក្សាមួយ ការទទួលទានយ៉ាអួរចំណុះត្រឹមតែ ២០០មីលីលីត្រក្នុងមួយថ្ងៃប៉ុណ្ណោះ អាចកាត់បន្ថយសារធាតុកូលេស្តេរ៉ុលបានរហូតដល់២,៤%ឯណោះ។

ដូច្នេះការពិសាយ៉ាអួរយ៉ាងតិច១កែវក្នុងមួយថ្ងៃ នឹងជួយរក្សានូវលំនឹងកូលេស្តេរ៉ុល ដែលជាកត្តាដ៏សំខាន់ក្នុងការកាត់បន្ថយនូវហានិភ័យនៃជំងឺបេះដូងទៀតផង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]