ភ្នំពេញ៖ ក្នុងគោលបំណងបំផុសគំនិត និងលើកទឹកចិត្តប្រជាជនកម្ពុជាពាក់ព័ន្ធនឹងការសម្អាតបរិស្ថាន ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានចូលរួមសហការជាមួយក្រុមចលនាស្ម័គ្រចិត្ត Go Green Cambodia ដើម្បីប្រារព្ធទិវាសម្អាតពិភពលោកឆ្នាំ ២០១៨។

ការចូលរួមក្នុងចលនាសម្អាតបរិស្ថាននេះ គឺជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌របស់ធនាគារឯកទេស វីង សម្រាប់ឆ្នាំ ២០១៨ ក៏ដូចជាសកម្មភាពមួយដើម្បីប្រារព្ធខួប ១០ ឆ្នាំ ដែលធនាគារបានផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាផងដែរ។

ចូលរួមចលនាសម្អាតបរិស្ថានជាមួយ វីង

នៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ បុគ្គលិកធនាគារឯកទេសវីងប្រចាំនៅរាជធានីភ្នំពេញ នឹងចូលរួមសម្អាតបរិស្ថានក្រោមពាក្យស្លោក «ធ្វើការរួមគ្នា ដើម្បីកម្ពុជា» ដោយជ្រើសយកចំនុចគោលដៅមួយ ក្នុងចំនោមចំនុចគោលដៅទាំង ១១ នៅរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីស្ពានព្រះមុន្នីវង្ស និងបន្តតាមបណ្តោយផ្លូវជាតិលេខ១ រហូតដល់វត្តនិរោធន៍។

ធនាគារឯកទេស វីង ក៏បានលើកទឹកចិត្តអតិថិជនរបស់ខ្លួនឲ្យចូលរួមក្នុងចលនាសម្អាតបរិស្ថានមួយនេះ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ធនាគារ។ អតិថិជន ៣០០ នាក់ដំបូង ដែលចុះឈ្មោះចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថាននៅថ្ងៃសៅរ៍ខាងមុខនេះ នឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតពីធនាគារឯកទេស វីង រួមជាមួយនឹងអាហារពេលព្រឹក និងការដឹកជញ្ជូនទៅកាន់ និងត្រឡប់មកពីទីតាំងសម្អាតវិញផងដែរ។

អាវយឺត វីង

ដើម្បីចុះឈ្មោះចូលរួមជាមួយ វីង អតិថិជនគ្រាន់តែចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ វីង ឬតំណភ្ជាប់៖ https://bit.ly/2Qnp2Za និងបំពេញព័ត៌មានមួយចំនួន ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការជួបជុំគ្នា នៅខាងក្រោយទីស្នាក់ការធនាគារឯកទេស វីងនៅវេលាម៉ោង ៦ ព្រឹក នៅថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០១៨។

នៅក្នុងថ្ងៃតែមួយនេះដែរ ភ្នាក់ងារវីងជាង ៥០០០ កន្លែងទូទាំងប្រទេសកម្ពុជា ក៏នឹងចូលរួមក្នុងចលនាសម្អាតបរិស្ថាននេះផងដែរ ដោយពួកគាត់នឹងចូលរួមសម្អាតបរិស្ថាននៅជុំវិញផ្ទះ និងទីតាំងភ្នាក់ងាររបស់ពួកគាត់ឲ្យបានស្អាតតាមដែលអាចធ្វើបាន។

គួរបញ្ជាក់ផងដែរ ទិវាសម្អាតពិភពលោក ២០១៨ នឹងប្រារព្ធធ្វើឡើងក្នុងថ្ងៃតែមួយ នៅទូទាំងពិភពលោក ដែលប្រជាជនរស់នៅជាង ១៥០ ប្រទេស នឹងចូលរួមក្នុងទិវានេះតាមរយៈសកម្មភាពខុសៗគ្នា។ 

សម្រាប់ប្រទេសកម្ពុជា ការចូលរួមសម្អាតបរិស្ថាននឹងប្រព្រឹត្តទៅទូទាំងប្រទេស ដែលអ្នកចូលរួមដូចជាអង្គការសង្គមស៊ីវិល ក្រសួងបរិស្ថាន ក្រុមចលនាស្ម័គ្រចិត្រ Go Green Cambodia និងប្រជាជនកម្ពុជា នឹងធ្វើការជួបជុំគ្នានៅតាមទីតាំងផ្សេងៗគ្នានៅតាមបណ្តាខេត្ត ក៏ដូចជាទីតាំងក្រសួងបរិស្ថានសម្រាប់អ្នកនៅរាជធានីភ្នំពេញ មុនធ្វើសកម្មភាពសម្អាតបរិស្ថានតាមរយៈការរើសសំរាម នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងបណ្តាផ្លូវជាតិសំខាន់ៗរួមមាន៖ ផ្លូវជាតិលេខ ០១ ០២ ០៣ ០៤ ០៥ និង លេខ០៦ ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

អ៊ីម៉ែល៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]