មនុស្សបានបង្កើតអបិយជំនឿជាយូរមកហើយ រហូតបានក្លាយទៅជាផ្នែកមួយនៃជីវិតមនុស្សតាំងពីសម័យបុរាណដើមរៀងមក ។ ដោយសារមនុស្សទាំងអស់នោះបានបង្កើតការយល់ឃើញ និងជំនឿដោយខ្លួនឯងរាល់ពេលមានបាតុភូតកើតឡើងម្តងៗ ដោយមិនមានការស្រាយបំភ្លឺច្បាស់លាស់ ហើយបែរជាដាក់បន្ទុកទៅលើជំនឿអរូបិយទៅវិញ។ បើទោះបីជាបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកាន់តែរីកចម្រើន ហើយមានការបកស្រាយតាមភាពជាក់ស្តែងក៏ពិតមែន តែមានមនុស្សមួយចំនួននៅតែបដិសេធរាល់ការបកស្រាយទាំងនោះ ថែមទាំងប្រកាន់ភ្ជាប់ជំនឿ ប្រពៃណី និងទំនៀមទំលាប់អស់នោះរហូតដល់បច្ចុប្បន្នផងដែរដោយមិនសាបរលាបទៅណា។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកដើមកំណើត និងជំនឿអរូបិយមួយចំនួនដែលមនុស្សជាច្រើនជឿថាសុទ្ធតែនាំមករឿងស៊យ ឬអពមង្គលជាដើមដូចជា៖

# ថ្ងៃសុក្រទី ១៣

មានការយល់ឃើញជាច្រើនក្នុងប្រទេសមួយចំនួនធំ ជាពិសេសប្រទេសដែលកាន់សាសនាគ្រិស្ត តែងតែចាត់ទុកលេខ១៣ជាលេខមិនល្អ ឬជាលេខអថ័ន។ មូលហេតុគឺដោយសារក្នុងអំឡុងអាហារពេលយប់ចុងក្រោយដែលព្រះយេស៊ូគ្រិស្តទទួលទានមានភ្ញៀវចូលរួម ១២នាក់ តែភ្ញៀវដែលមិនបានអញ្ជើញទី១៣ (ជាព្រះនៃការបោកបញ្ឆោត ឬសាវ័កដែលក្បត់ព្រះយេស៊ូ) ស្រាប់តែបានចូលរួមទទួលអាហារមួយពេលនេះដែរ។ បន្ទាប់ពីយប់នោះ ព្រះយេស៊ូក៏ត្រូវបានគេចងឈើឆ្កាង ហើយទ្រង់ក៏បានសុគតចំថ្ងៃសុក្រតែម្តង។ ក្រោយពីពេលនោះមកអ្នកដែលកាន់សាសនាគ្រិស្តតែងតែខ្លាចរអារលេខ ១៣ ឬថ្ងៃសុក្រទី១៣នេះតែម្តង ដោយពួកគេយល់ថាជាលេខចង្រៃ និងថ្ងៃអពមង្គល។

ថ្ងៃសុក្រទី ១៣

# ដើរក្រោមជណ្តើរ

ការបកស្រាយដ៏សមរម្យពីតថភាពពិតមួយ ក្នុងការហាមប្រាមមិនឱ្យដើរក្រោមជណ្តើរ គឺដោយសារតែខ្លាចរងគ្រោះដោយសារតែជណ្តើរធ្លាក់/រលំពីលើ ឬរបស់របរពីលើធ្លាក់ត្រូវរបួសជាយថាហេតុ។ តែសម្រាប់អ្នកដែលកាន់សាសនាគ្រិស្តវិញបែរជាយល់ថា ការដើរក្រោមជណ្តើរគឺជាប្រផ្នូលមិនល្អ និងអាចនាំមកនូវសំណាងអាក្រក់ផងដែរ ដោយសារតែរូបរាងនៃការដាក់ជណ្តើរទៅលើជញ្ជាំង វាក្លាយទៅជារាងត្រីកោណតំណាងឱ្យព្រះមួយព្រះអង្គព្រះនាម Holy Trinity។ ដូច្នេះការដើរក្រោមជណ្តើរគេជឿថាជាអំពើប្រឆាំងនឹងព្រះជាម្ចាស់មួយអង្គនោះ និងជាហេតុនាំឱ្យអ្នកដែលដើរក្រោមជណ្តើរជួបតែរឿងមិនល្អ។

ដើរក្រោមជណ្តើរ

# កញ្ចក់បែក

នៅក្នុងកំណត់ត្រារបស់វប្បធម៌រ៉ូម៉ាំង រូបរាងដែលបង្ហាញនៅក្នុងកញ្ចក់ រាល់ពេលអ្នកឆ្លុះកញ្ចក់ម្តងៗគេជឿថាតំណាងឱ្យវិញ្ញាណមួយរួប។ ដូច្នេះហើយនៅពេលដែលមានកញ្ចក់បែក ឬមានអ្នកឆ្លុះកញ្ចក់ដែលបែក ឬស្រាំ គេជឿថាអាចនាំមកនូវអពមង្គល ឬសំណាងអាក្រក់ដល់ទៅ ៧ឆ្នាំឯណោះ។

មិនខុសពីប្រពៃណីវប្បធម៌ខ្មែរទេ ចាស់ៗតែងតែណែនាំកូនចៅមិនឱ្យរក្សាកញ្ចក់ ឬប្រើប្រាស់កញ្ចក់ដែលបែក ឬប្រេះស្រាំឡើយ ព្រោះជឿថានាំមកនូវសំណាងមិនល្អ ឬរឿងស៊យ។

កញ្ចក់បែក

# ឆ្មាខ្មៅ

ការពិត Bast គឺជាឈ្មោះព្រះដ៏ស័ក្ដិសិទ្ធមានរូបរាងជាសត្វឆ្មានៅក្នុងសម័យអេហ្ស៊ីបបុរាណ ដែលប្រជាជនគ្រប់គ្នាតែងតែគោរពបូជា។ ប៉ុន្តែក្រុមបរិស័ទនៃសាសនាគ្រិស្ត មិនចង់ឱ្យសាសនាដទៃមានឥទ្ធិពលជាងសាសនារបស់ខ្លួនទេ ដូច្នេះហើយពួកគេបាននាំគ្នាធ្វើការផ្សព្វផ្សាយថា ឆ្មាខ្មៅគឺជាសញ្ញាតំណាងឱ្យអពមង្គលទៅវិញ។ ជាពិសេសស្ត្រីណាដែលចិញ្ចឹម ឬថែរក្សាឆ្មាខ្មៅគេនឹងហៅស្ត្រីនោះថាជាមេធ្មប់។ ជំនឿមួយនេះបានចាប់ផ្តើមរាលដាលដំបូង និងល្បីសុះសាយនៅក្នុងយុគ្គសម័យម្ចាស់ក្សត្រីអេលីហ្សបេត (Elizabethan Era) រហូតដល់បច្ចុប្បន្ន។

មិនខុសពីប្រទេសប៉ែកអឺរ៉ុបទេ នៅខ្មែរយើងតែងតែយល់ថាឆ្មាខ្មៅចង្រៃនាំមកនូវសំណាងមិនល្អ ឬតំណាងឱ្យព្រលឹងខ្មោចកាចសាហាវជាដើម ដែលជាហេតុធ្វើឱ្យប្រជាជនខ្មែរមិនដែលចិញ្ចឹមឆ្មាខ្មៅនៅក្នុងផ្ទះនោះទេ។ ហើយឆ្មាខ្មៅមាននៅក្នុងវត្តអារាមតែប៉ុណ្ណោះ ជាពិសេសរាល់ពេលមានពិធីបុណ្យសពម្តងៗ គេតែងតែការពារតឹងរ៉ឹងណាស់មិនឱ្យឆ្មាខ្មៅនៅក្បែរសពនោះទេ ព្រោះមានជំនឿថាធ្វើឱ្យសពក្លាយជាព្រលឹងកាចសាហាវ។

ឆ្មាខ្មៅ

# កំពប់អំបិល

មានមនុស្សមួយចំនួនជឿថា ការកំពប់ ឬខ្ចាយអំបិលជាប្រផ្នូលមិនល្អ និងនាំមកនូវសំណាងអាក្រក់។ ដូច្នេះដើម្បីបញ្ចៀសអពមង្គលទាំងនេះ គេនឹងរោយអំបិលលើស្មារបន្តិចដើម្បីការងារមិនឱ្យព្រលឹងកំណាចតាមមកយាយី។

ប៉ុន្តែការពិតទៅជំនឿមួយនេះត្រូវបានបង្កើតឡើងដោយមនុស្សទៅវិញទេ នោះក៏ដោយសារតែកាលពីសម័យមុនអំបិលគឺជារូបធាតុផ្សំដ៏មានតម្លៃ និងពិបាកនឹងរកបានណាស់ ហើយវាក៏ជាគ្រឿងផ្សំសម្រាប់ផលិតឱសថដែរ។ ដូច្នេះហើយបានជាមនុស្សមួយក្រុមបានបង្កើតជំនឿនេះឡើង ដើម្បីការពារកុំឱ្យមនុស្សទូទៅខ្ជះខ្ជាយអំបិល ហើយត្រូវតែថែរក្សា និងកាពារអំបិលកុំឱ្យជ្រុះ ឬខ្ចាយផ្តេសផ្តាស។

កំពប់អំបិល

# ប្រើឆត្រនៅក្នុងផ្ទះ ឬកន្លែងជ្រក

ដូចដែលអ្នកបានដឹងហើយថា ឆត្រទុកសម្រាប់ប្រើប្រាស់ការពារកម្តៅថ្ងៃ និងភ្លៀង ដូច្នេះវាមិនមានហេតុផលអ្វីដែលត្រូវបើកឆត្រប្រើនៅក្នុងផ្ទះ ឬទីតាំងដែលមានដំបូលជ្រកផ្សេងៗទៀតដែរ។ សម្រាប់ជំនឿមួយចំនួនបានយល់ឃើញថា ការប្រើឆត្រនៅក្នុងផ្ទះ ឬទីដែលមានដំបូលជ្រកទាំងដែលមិនមានថ្ងៃក្តៅផងនោះ អាចនាំមកនូវសំណាងមិនល្អ និងនាំមកនូវអពមង្គលផងដែរ ។ ហេតុផលគឺដោយសារតែកាលពីសម័យមុនគេប្រើឆត្រសម្រាប់ទុកការពារ ឬបាំងថ្ងៃតែប៉ុណ្ណោះ ហើយការប្រើឆត្រទាំងមិនមានថ្ងៃផង ត្រូវគេចាត់ទុកថាជាអំពើប្រឆាំង និងមិនគោរពដល់ដល់ព្រះអទិទេពមួយអង្គតំណាងឱ្យព្រះអាទិត្យ។

ប្រើឆត្រនៅក្នុងផ្ទះ ឬកន្លែងជ្រក

# ដាក់ស្បែកជើងថ្មីទើបតែទិញលើតុ

មានជំនឿជាច្រើនដែលទាក់ទងនឹងស្បែកជើងកាលពីសម័យបុរាណ។ នៅក្នុងនោះការដាក់ស្បែកជើងថ្មី ឬទើបតែទិញនៅលើតុត្រូវបានគេចាត់ទុកថាជាប្រផ្នូលមិនល្អ ឬអពមង្គលជាដើម។ ទាំងនោះយោងទៅតាមប្រពៃណីបុរាណរបស់កម្មករជីករ៉ែមួយបានឱ្យដឹងថា រាល់ពេលដែលមានកម្មករជីករ៉ែណាម្នាក់ស្លាប់ គេនឹងយកស្បែកជើងអ្នកស្លាប់ត្រលប់ទៅផ្ទះ និងដាក់លើតុក្នុងផ្ទះរបស់បុគ្គលដែលស្លាប់នោះ។ ប្រពៃណីនេះធ្វើឱ្យប្រជាជនគ្រប់គ្នាដក់ជាប់នូវអារម្មណ៍ភិតភ័យ និងខ្លាចរអាររហូតដល់បច្ចុប្បន្ន។

ដាក់ស្បែកជើងថ្មីទើបតែទិញលើតុ

# ដាក់មួកនៅលើគ្រែ

ការដាក់មួកនៅលើគ្រែគេង ត្រូវបានគេជឿថាជារឿងអពមង្គល និងនាំមកនូវសំណាងមិនល្អ។ នោះក៏ដោយសារតែនៅសម័យបុរាណ មនុស្សជាច្រើនជឿថា ព្រលឹងកំណាចដូចជាបិសាចជាដើមរស់នៅលើក្បាលរបស់មនុស្សម្នាក់ៗ។ ដូច្នេះហើយការដែលយកមួកដែលពាក់នៅលើក្បាលមកដាក់លើគ្រែគេង ប្រៀបបីដូចជាការអញ្ជើញដួងវិញ្ញាណកំណាចឱ្យចេញមកយាយីម្ចាស់គ្រែនេះអីចឹង។

ដាក់មួកនៅលើគ្រែ

# ប្រពៃណី និងជំនឿផ្សេងៗទៀត

ក្រៅពីជំនឿដែលបានរៀបរាប់ខាងលើ មានជំនឿជាច្រើនដែលសុទ្ធតែត្រូវបានប្រជាជនភូមិ ស្រុក តំបន់ និងប្រទេសមួយចំនួនទៀតជឿថាសុទ្ធតែអាចនាំមកនូវអពមង្គល ឬនាំមកសំណាងអាក្រក់ដូចជា៖

- ការដើរចេញទៅក្រៅវិញ ខុសពីទ្វារដែលអ្នកបានចូលពីដំបូង មានគេជឿថាធ្វើឱ្យអពមង្គលតាមយាយី

- ប្រសិនជាអ្នកបានឃើញ សត្វទីទុយនៅពេលថ្ងៃ ជាប្រផ្នូលថាជិតដល់វេលាដែលអ្នកអស់ជីវិត

- ប្រើកាំបិតម្តង ២ ខ្វែងគ្នាដោយចៃដន្យ នឹងនាំមកនូវសំណាងមិនល្អ

- ហាមអង្គុយលើតុ ប្រសិនជាជើងរបស់អ្នកមិនអាចប៉ះជាប់ផ្ទាល់នឹងដីនោះទេ ព្រោះអាចនាំមកនូវសំណាងមិនល្អ

- អ្នកនឹងជួបរឿងមិនល្អ ប្រសិនជាបានជួបនឹងនារីដែលមានសក់ក្រហម នៅពេលព្រឹកព្រលឹម

- ភ្លើងទៀនដែលមានអណ្តាតភ្លើងពណ៌ខៀវ ជាប្រផ្នូលថាមានមនុស្សស្លាប់នៅក្នុងផ្ទះ         

- បើកៅអីសុខៗស្រាប់តែដួលភ្លាមៗពេលដែលមនុស្សក្រោកឡើងនោះ ជាប្រផ្នូលថាមនុស្សម្នាក់នោះមានរឿងអពមង្គលកើតឡើង

- ប្រសិនជាសត្វគោស្រាប់តែរោទ៍មិនឈប់សោះ ឬរោទ៍ជាញយច្រើនដង នោះបានន័យថាម្ចាស់របស់សត្វគោនោះអាចនឹងមានគ្រោះថ្នាក់ទាក់ទងនឹងសុខភាព

- ប្រសិនជាអ្នកកំពុងតែធ្វើដំណើរសុខៗស្រាប់តែជួបនឹងពិធីបុណ្យសព អ្នកត្រូវតែដើរត្រលប់ក្រោយ៣ជំហានជាមុនសិនមុននឹងបន្តដំណើរទៅមុខ បើមិនធ្វើដូច្នោះទេអ្នកអាចនឹងជួបរឿងស៊យជាមិនខាន។

- បើរូបថតស្រាប់តែធ្លាក់ពីជញ្ជាំងបែកនោះ មានប្រផ្នូលថាមនុស្សនៅក្នុងរូបថតនោះនឹងមានគ្រោះថ្នាក់ដល់ជីវិត។

ជំនឿដែលជឿថានាំស៊យប្រពៃណី និងជំនឿផ្សេងៗទៀត

ចុះមិត្តអ្នកអានដឹងពីជំនឿទាក់ទងនឹងរឿងដែលនាំមកនូវអពមង្គលអ្វីខ្លះទៀត? តោះ! ចែករំលែកជាមួយគ្នា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]