រាជធានីភ្នំពេញ ៖ សិស្សជាបេក្ខជនប្រឡងធ្លាក់សញ្ញបត្របាក់ឌុបប្រមាណ៥០នាក់បាននាំគ្នាមកកាន់ក្រសួងអប់រំនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នេះបន្តប្រមូលផ្តុំនៅមុខក្រសួងអប់រំយុវជន និងកីឡា ស្ថិតក្នុងរាជធានីភ្នំពេញ ដើម្បីតវ៉ាទទូចដល់លោក ហង់ ជូនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំធ្វើយ៉ាងមេត្តាសើរើលើវិញ្ញាសារគណិតវិទ្យា រូបវិទ្យា ដែលពួកគេជឿថា ធ្វើត្រូវតែបែរជាធ្លាក់វិញមិនសុខចិត្តទេ ។
បេក្ខជនម្នាក់ឈ្មោះ វ៉ា នីកា ភេទស្រី អាយុ១៨ឆ្នាំ មកពីវិទ្យាល័យ ច្បារអំពៅ បានសរសេរក្នុងលិខិតដាក់ជូនលោករដ្ឋមន្ត្រីថា «សូមគោរពជូនលោករដ្ឋមន្ត្រីក្រសួងអប់រំ សូមស្នើសុំឲ្យក្រសួងអប់រំរៀបចំការប្រឡងលើកទី២ចំពោះអ្នកប្រឡងធ្លាក់ទូទាំងប្រទេសដូចឆ្នាំ២០១៤ ។ សូមឯឧត្តមរដ្ឋមន្ត្រីមេត្តាពិនិត្យ និងយោគយល់ដល់ពួកយើងខ្ញុំផង» ។
បេក្ខជនរូបនេះបានលើកឡើងថា «វិញ្ញាសារ ភាសាខ្មែរ និងគណិតវិទ្យា ខ្ញុំធ្វើបានស្ទើរគ្រប់ចំណុចទាំងអស់អ្វីដែលសំខាន់ដូចលទ្ធផលចេញមកមិនអាច ភាសាខ្មែរ និងគណិតវិទ្យា របស់ខ្ញុំដូចអ្វីដែលក្រសួងអប់រំបោះពុម្ពផ្សាយឡើយ» ។
បេក្ខជនរូបនេះបានលើកឡើងថា នាងស្នើសុំឲ្យក្រសួងអប់រំពិនិត្យមើលសន្លឹកកិច្ចការងារឡើងវិញលើមុខវិជ្ជា ភាសាខ្មែរ និងគណិតវិទ្យា ឡើងវិញក្រែងមានការស្រង់ពិន្ទុរបស់នាងមានការភាន់ច្រឡំលើការដាក់ពិន្ទុលើកិច្ចការងាររបស់នាងដោយក្តីអនុគ្រោះ ។
បេក្ខជនឈ្មោះ សុខ ច័ន្ទយុទ្ធពុល ភេទប្រុស មកពីខេត្តបាត់ដំបងបាននិយាយថា រូបគេបានធ្វើវិញ្ញាសារគណិតវិទ្យាបានល្អបំផុតនៅពេលប្រឡងផ្ទៀងចម្លើយត្រូវស្ទើរ១០០%តែនៅពេលចេញលទ្ធផលបាននិន្ទេសF(ធ្លាក់)ទៅវិញ ។
គេបាននិយាយថា«ខ្ញុំមកតវ៉ានេះដើម្បីសូមស្នើឲ្យក្រសួងអប់រំសើរើមុខវិជ្ជាគណិតវិទ្យានេះតែម្តង ។ ករណីនេះមិនមែនកើតឡើងចំពោះតែខ្ញុំម្នាក់ទេ វាបានកើតឡើងចំពោះសិស្សច្រើនដែរ ។ ករណីនេះប៉ះពាល់ដល់ទឹកចិត្តសិស្សដែលបានខិតខំប្រឹងប្រែង» ។
ចំណែកបេក្ខជនឈ្មោះ ឆាយ៉ា ភេទប្រុស មកពីវិទ្យាល័យ ហ៊ុន សែន ឈូកខេត្តកំពត ធ្លាប់បានទទួលមេដាយមាសគណិតវិទ្យាបែរធ្លាក់មុខវិជ្ជាគណិតនេះទៅវិញមិនសុខចិត្តមកតវ៉ាឲ្យសើរើឡើងវិញលើសន្លឹកកិច្ចការងារប្រឡងនេះ ។
បេក្ខជនដែលជាសិស្សពូកែរូបនេះបាននិយាយថា«ខ្ញុំមកដល់ក្រសួងដើម្បីដាក់ពាក្យតវ៉ាព្រោះមុខវិជ្ជាគណិតនេះខ្ញុំចេះពូកែបែរជាលទ្ធផលបាននិទ្ទេសF(ធ្លាក់)ទៅវិញមិនសមទេ ។ គេថាមានសិស្សពូកែច្រើនផ្នែកគណិតតែបែរធ្លាកមុខវិជ្ជានេះ និងសូមឲ្យក្រសួងធ្វើចំណាត់ការឲ្យបានលឿនតាមតែអាចធ្វើទៅបាន ព្រោះការចូលរៀននៅមហាវិទ្យាល័យជិតមកដល់ហើយ ។
ក្រសួងអប់រំយុវជន និងកីឡា នឹងបើកសន្លឹកកិច្ចការមុខវិជ្ជា គណិតវិទ្យា របស់បេក្ខមួយចំនួនដែលប្តឹងតវ៉ាមិនសុខចិត្តចំពោះពិន្ទុដែលប្រកាសដោយក្រសួង ។ នេះបើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់អ្នកសារព័ត៌មាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា «ក្រសួងនឹងពិនិត្យសន្លឹកកិច្ចការសិស្សដោយធ្វើកោសល្យវិច្ច័យលើសន្លឹកកិច្ចការគណិតវិទ្យារបស់បេក្ខជនតវ៉ាមួយចំនួន» ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]