អាមេរិក៖ Tesla ជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅក្រុង ផាឡូអាល់តូ រដ្ឋកាលីហ្វរញ៉ា ដែលមានឯកទេសខាងរថយន្តអគ្គិសនីដើរដោយថាមពលលីចូម-អ៊ីយ៉ុង និងការផលិតបន្ទះថាមពលព្រះអាទិត្យ។ 

ក្រុមហ៊ុន Tesla

ប្រវត្តិត្រួសៗនៃក្រុមហ៊ុន

សហស្ថាបនាដោយលោក Martin Eberhard, Marc Tarpenning, Ian Wright និង J.B. Straubel នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០០៣ ក្រុមហ៊ុននេះបានដាក់ឈ្មោះតាមរូបវិទូ និងវិស្វករអគ្គិសនីដែលបានត្រួសត្រាយផ្លូវមុនគេគឺលោក Nikola Tesla (១០ កក្កដា ១៨៥៦ ដល់ ៧ មករា ១៩៤៣)។

រីឯលោក Elon Musk ទើបតែចូលរួមក្រោយមកទៀតនៅខែកុម្ភៈ ឆ្នាំ ២០០៤ ក្នុងនាមជាវិនិយោគិនដ៏សំខាន់មួយរូប ហើយមិនយូរប៉ុន្មានក៏ចូលជាក្រុមប្រឹក្សានាយកក្នុងនាមប្រធាន និងមានតួនាទីក្នុងប្រតិបត្តិការសំខាន់ៗផ្សេងទៀត រួមទាំងការឡើងកាន់តំណែងជានាយកប្រតិបត្តិនៅខែតុលា ឆ្នាំ ២០០៨។

ក្រុមហ៊ុននេះបានបញ្ចេញរថយន្តស៊េរី Tesla Roadster ក្នុងឆ្នាំ ២០០៨ ដែលក្លាយជារថយន្តដំបូងគេបង្អស់ដែលប្រើអាគុយលីចូម-អ៊ីយ៉ុង ហើយក្រោយមកបានបញ្ចេញម៉ូដែលដ៏ល្បីល្បាញបន្តបន្ទាប់ដូចជា Tesla Model S នៅខែមិថុនា ២០១២, Model X នៅខែកញ្ញា ២០១៥ និង Tesla Model 3 នៅខែកក្កដា ២០១៧ ដែលគ្រប់ស៊េរីទាំងនេះប្រើបច្ចេកវិទ្យាអគ្គិសនីសុទ្ធសាធ។

បន្ថែមពីនេះ ក្រុមហ៊ុនគ្រោងផលិតរថយន្ត Model Y និងរថយន្តអគ្គិសនីធុនមធ្យម Tesla Semi នៅដើមឆ្នាំ ២០១៩ ខណៈគម្រោងផលិតម៉ូតថ្មីនៃរថយន្ត Tesla Roadster ក៏ត្រូវបានប្រកាសកាលពីខែវិច្ឆិកា ២០១៧ ដែលមិនទាន់ច្បាស់ថាអាចចាបផ្តើមលក់នៅឆ្នាំ ២០២០ ឬអត់។  

រថយន្តរបស់ក្រុមហ៊ុន Tesla
Tesla Roadster
Tesla Model S
Model X
Tesla Model 3

ដើមទុនសរុបរបស់ក្រុមហ៊ុន

យោងតាមវិបសាយ GoBankingRates តម្លៃដើមទុនសរុបរបស់ក្រុមហ៊ុន Tesla ប្រមាណជា ២.២ ពាន់លានដុល្លារ។ ចាប់ពីថ្ងៃទី ១០ ខែកញ្ញា ២០១៨ តម្លៃក្នុងមួយហ៊ុនរបស់ក្រុមហ៊ុនយក្សមួយនេះត្រូវបានគេជឿថាស្មើនឹង ២៦៣.២៤ ដុល្លារ។ ទោះយ៉ាងណា ការបង្ហាញខ្លួនក្នុងកម្មវិធីមួយរបស់លោក Musk ដែលគេឃើញគាត់ជក់ថ្នាំញៀនមួយប្រភេទ បានបង្កឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះអស់ ៦.៣% ដែលគិតជាទឹកប្រាក់ប្រមាណ ៣.១ ពាន់លានដុល្លារ៕ 

លោក Elon Musk ដែលជក់ថ្នាំញៀនមួយប្រភេទ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]