បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ជាកីឡាករបាល់ទាត់កំពូលមួយរូបនៅក្នុងពិភពលោកនេះ ដែលប្រជាជនគ្រប់ប្រទេសមិនអាចភ្លេចឈ្មោះអតីតកីឡាករឆ្នើមរបស់ក្លិប Real Madrid រូបនេះបាន។

ដោយសារតែភាពជោគជ័យច្រើននូវក្នុងអាជីពបាល់ទាត់របស់ខ្លួន ខ្សែប្រយុទ្ធក្លិបសេះបង្កង់ Juventus នេះមានអ្នកគាំទ្រជាច្រើនលាននាក់នៅជុំវិញពិភពលោក ហើយឈ្មោះរបស់កីឡាករនេះតែងមានវត្តមានមិនដាច់នៅលើទំព័រសារព័ត៌មាន និង បណ្ដាញអ៊ីនធឺណិតផ្សេងៗនោះទេ។

យ៉ាងណាមិញនៅតែមានរឿងរ៉ាវអាថ៌កំបាំងចំនួន៥ ដូចខាងក្រោមអំពីអតីតខ្សែប្រយុទ្ធឆ្នើមក្លិបបិសាចក្រហម Manchester United នេះដែលអ្នកគាំទ្រជាច្រើនមិនទាន់បានដឹង៖

១. Cristiano Ronaldo មិនចូលចិត្តអាវលេខ ៧នោះទេ

បច្ចុប្បន្ននេះ CR7 ត្រូវបានគេស្គាល់ថាជារហស្សនាមរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដោយសារនេះជាលេខដែលគេតែងតែប្រើប្រាស់ពេលលេងនៅ Manchester United, Real Madrid និង Juventus ប៉ុន្តែមែនទែនទៅកីឡាកររូបនេះ មិនចូលចិត្តពាក់អាវលេខ ៧នោះទេពេលមកដល់ទឹកដី Old Trafford ដំបូង។ 

ខ្សែប្រយុទ្ធរូបនេះបានសុំពាក់លេខ ២៨ នៅក្រុមបិសាចក្រហមដែលជាលេខរបស់គេពេលពាក់នៅក្លិប Sporting Lisbon តែត្រូវលោក Sir Alex Ferguson មើលឃើញអំពីកីឡាករនេះមានសក្ដានុពល ហើយលោកក៏បានប្រគល់អាវលេខ ៧ឲ្យទៅកីឡាកររូបនេះតែម្តង ខណៈដែលលេខ ៧នេះក្លិបនេះគឺមានតែវីរបុរសល្បីៗរបស់ក្លិបដូចជា George Best, Eric Cantona និង David Beckham ប៉ុណ្ណោះដែលមានសិទ្ធកាន់កាប់អាវលេខ ៧នេះ ហើយចាប់តាំងពីពេលនោះមកធ្វើឲ្យ Ronaldo ចាប់ផ្តើមស្រឡាញ់លេខ ៧តាំងពីពេលនោះមក។

Cristiano Ronaldo

២. Ronaldo ស្ទើរតែឈប់លេងបាល់ទាត់កាលពីអាយុ ១៥ឆ្នាំដោយសារជំងឺ

អំឡុងពេលកីឡាករ Cristiano Ronaldo នៅអាយុ ១៥ឆ្នាំគេមានជំងឺបេះដូងលោតមិនប្រក្រតី ពោលគឺបេះដូងលោតញាប់ខុសពីមនុស្សធម្មតាដែលជាហេតុធ្វើឲ្យគ្រូពេទ្យមានការព្រួយបារម្ភខ្លាចរូបគេមិនអាចលេងបាល់ទាត់បន្តទៀតបាន ប៉ុន្តែគ្រប់យ៉ាងបានវិលទៅរកសភាពល្អប្រសើរឡើងវិញ នៅពេលដែរកុមារនេះបានទទួលការវះកាត់ដោយជោគជ័យ ហើយគេអាចលេងបាល់ទាត់បន្តទៅទៀតបាន។

Cristiano Ronaldo

៣. Cristiano បានបំបែកនូវកំណត់ត្រាលោក Diego Maradona នៅថ្ងៃដំបូងជាមួយ Real Madrid

ក្លិប Real Madrid បានទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ៨០លានផោនពីក្លិបបិសាចក្រហម Manchester United កាលពីឆ្នាំ២០០៩។ 

ក្រោយពីបំបែកកំណត់ត្រាផ្ទេររួចហើយ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានបំបែកនូវកំណត់ត្រាមួយទៀតរបស់លោក Maradona ពោលគឺមានអ្នកគាំទ្រមកស្វាគមន៍ជាង ៨ម៉ឺននាក់នៅថ្ងៃបង្ហាញខ្លួនលើកដំបូងឲ្យក្រុម Real Madrid។ កាលពីឆ្នាំ ១៩៨៤ កន្លងទៅលោក Maradona ក៏បានបង្ហាញខ្លួននៅក្នុងកីឡដ្ឋាន Stadio San Paolo របស់ក្លិប Napoli ដែលមានអ្នកគាំទ្រប្រមាណ ៧៥០០០នាក់ទៅស្វាគមន៍ផងដែរ។

Cristiano Ronaldo

៤. CR7 ត្រូវមិត្តរួមក្រុមរបស់គេដាក់រហស្សនាមថាជា «ក្មេងរំអួយ»

កីឡាករ Ricardo Santos ដែលជាមិត្តភក្តិដ៏ជិតស្និទបំផុតរបស់កីឡាករ Ronaldo បានធំធាត់ជាមួយគ្នានៅលើកោះមួយដែលមានឈ្មោះថា Madeira បានប្រាប់ឲ្យដឹងថាកាលពីលេងឲ្យក្រុមយុវជន CF Andorinha កីឡាកររូបនេះបានហៅ CR7 ថាជា «ក្មេងរំអួយ» ព្រោះចូលចិត្តយំននៀលពេញដី ពេលដែលក្រុមរបស់គេចាញ់ ឬក៏ពេលមិត្តរួមក្រុមមិនប៉ះបាល់ឲ្យលេងម្តងៗ។ ដោយឡែកបើតាមការអះអាងរបស់លោក Santos បានបន្តថា Ronaldo ជាមនុស្សដែលស្រេកឃ្លានជ័យជម្នះតាំងពីតូចមក ទើបធ្វើឲ្យរូបគេក្លាយជាកីឡាករល្អបំផុតនាពេលបច្ចុប្បន្ននេះ។

Cristiano Ronaldo

៥. Ronaldo ស្ទើរតែទៅបានលេងនៅក្លិប Barcelona កាលឆ្នាំ ២០០៣

លោក Joan Laporta ដែលជាប្រធានក្លិបអ្នកមានបុណ្យ FC Barcelona កាលពីឆ្នាំ ២០០៣-២០១០ បានឲ្យដឹងថាខ្លួនធ្លាប់ដាក់សំណើដើម្បីទិញយកកីឡាករ Cristiano Ronaldo នៅក្នុងតម្លៃ ១៧លានផោនកាលពីឆ្នាំ ២០០៣ ប៉ុន្តែគ្រានោះក្លិបរបស់លោកបានទិញយកកីឡាករ Ronaldinho, Marquez និង Quaresma រួចបាត់ទៅហើយ ដែលធ្វើឲ្យលោកមិនអាចទិញយកកីឡាករផ្សេងៗទៀតបាន ទើបធ្វើឲ្យ Ronaldo របូតទៅក្នុងដៃក្លិប Manchester United ហើយចុងក្រោយកីឡាកររូបនេះបានក្លាយជាគូប្រជែងដ៏ធំបំផុតរបស់ក្លិប Barcelona នៅក្លិប Real Madrid៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]