កម្ពុជា៖ អាជីវកម្មលក់សាច់ឆ្កែកំពុងកើនឡើងនៅកម្ពុជា ដោយភោជនីយដ្ឋានកាន់តែច្រើនចាប់ផ្តើមបើកបម្រើមុខម្ហូបដ៏មានភាពចម្រូងចម្រាសមួយនេះ ទៅតាមតម្រូវការដែលកំពុងកើនឡើង ថ្វីបើឧស្សាហកម្មដូចគ្នានេះកំពុងបិទទ្វារបណ្តើរៗនៅផ្នែកផ្សេងៗទៀតក្នុងទ្វីបអាស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia របស់សិង្ហបុរី។ 

ឆ្កែដែលឈ្មួញយកមកលក់

គួរកត់សម្គាល់ថាកំណើននេះមានពេញក្រុងភ្នំពេញ ជាពិសេសនៅតំបន់ជាយក្រុង រហូតដល់មជ្ឍមណ្ឌលទេសចរណ៍នៃខេត្តសៀមរាប និងខេត្តដាច់ស្រយាលនានាទូទាំងប្រទេស ដើម្បីបំពេញតាមតម្រូវការរបស់អ្នកស្រេកឃ្លានសាច់សត្វចិញ្ចឹមមួយនេះ។ 

ម្ហូបសាច់ឆ្កែ

ទោះជាមុខរបរនេះចាប់ផ្តើមដំណើរការដោយចំហក៏ដោយ ក៏នៅពេលអ្នកសារព័ត៌មានព្យាយាមសម្ភាស ឬថតជាឯកសារ ម្ចាស់ហាងភាគច្រើនបញ្ចេញអារម្មណ៍ខឹងសម្បា និងមិនពេញចិត្តនឹងផ្តល់ចម្លើយដែរ។ បើតាមអ្នកនិយមសាច់ឆ្កែម្នាក់បានឱ្យដឹងថា “សាច់ឆ្កែប្រៀបដូចជាឱសថ។ រសជាតិវាក្តៅហឹរៗប៉ុន្តែធ្វើឱ្យស្រួលខ្លួន។ វាឆ្ងាញ់ជាងសាច់ជ្រូកទៅទៀត”។

អាហារដ្ឋានមួយកន្លែងនៅក្រុងភ្នំពេញ

ចំណែកឈ្មួញទិញលក់សត្វឆ្កែម្នាក់ដែលប្រកបរបរនេះ ២ ឆ្នាំមកហើយ សុំនិយាយដោយមិនបញ្ចេញឈ្មោះថា គាត់ទិញសត្វឆ្កែពីផ្ទះប្រជាជនដែលនៅខេត្តឆ្ងាយៗ និងជួនកាលត្រូវបង្ខំចិត្តទៅកាន់តែឆ្ងាយជាងនេះដើម្បីផ្គត់ផ្គត់ឱ្យគេជាទៀងទាត់។ ប្តីរបស់គាត់ដើររកទិញឆ្កែរស់ទូទាំងប្រទេសក្នុងតម្លៃ ២.២៥ ដុល្លារ ឬ ៩,០០០ រៀលក្នុងមួយគីឡូក្រាម និងលក់បន្តម្តងៗបានច្រើនជាងមុនពី ២០-៣០ ទៅ ៥០-៦០ គីឡូក្រាម ហើយជារឿយៗគឺទៅកៀកទល់ដែនវៀតណាម ព្រមទាំងបដិសេធដែរថាឆ្កែទាំងនោះបានពីការលួច និងទាក់មក ខណៈគ្មានកសិដ្ឋានចិញ្ចឹមសុនខជាផ្លូវការក្នុងស្រុកក៏ដោយ។ 

ការសំពងសម្លាប់ឆ្កែ

ទោះយ៉ាងណា ម្ចាស់ហាងលក់ម្ហូបដែលគេច្រើនហៅថា “សាច់ពិសេស” ម្នាក់ឈ្មោះភាព បានសារភាពថា គាត់ចាប់ផ្តើមស្ទាក់ស្ទើរនឹងបន្តមុខរបរនេះ ព្រោះកាន់តែជឿលើអបិយជំនឿថារាសីដាក់ តាំងពីរកទទួលទានដោយអាជីវកម្មនេះហើយ។ គាត់បានលើកឡើងថា “ខ្ញុំមានគម្រោងឈប់លក់ឆាប់ៗនេះ។ មិនថាខ្ញុំព្យាយាមធ្វើអ្វីក៏ដោយដើម្បីឱ្យគ្រួសារមានសុភមង្គល ក៏លទ្ធផលខុសការរំពឹងទុករហូត។ និយាយទៅ ខ្ញុំរកស៊ីខាងហ្នឹងបានកាក់កបល្អ ប៉ុន្តែដូចជាគ្មានសុភមង្គលសោះ ព្រោះចិត្តខ្ញុំចេះតែនៅមិនស្ងប់។” 

គាត់បានបន្ថែមថា គាត់លក់មួយថ្ងៃអស់ ៤០ គីឡូក្រាម ហើយភ្ញៀវភាគច្រើនជាជនជាតិខ្មែរ និងវៀតណាម ប៉ុន្តែមានភ្ញៀវចិនមួយៗ។ ក្រៅពីនេះ ក៏មានអ្នកធំខ្លះដែរ ប៉ុន្តែគាត់ប្រើអង្គរក្សមកទិញជំនួស។ 

ការសម្លាប់សត្វឆ្កែមុនធ្វើម្ហូប

ទោះយ៉ាងណា ម្ចាស់ហាងខ្លះបានសម្រេចចិត្តប្តូរមុខរបររួចទៅហើយ តួយ៉ាងដូចជាលោក ឌីម៉ុង និងភរិយា បានប្តូរមកបើកអាហារដ្ឋានម្ហូបបួសវិញដោយមានការគាំទ្រពីអង្គការមួយ ថ្វីបើមិនសូវកាក់កបដូចមុខរបរចាស់ក៏ដោយ។ គាត់បានលើកឡើងថា “ខ្ញុំសប្បាយចិត្តជាងពីមុន ព្រោះយើងគិតថាមុខរបរនេះនឹងដំណើរការនៅថ្ងៃអនាគត។” 

លើសពីនេះ គាត់ចិញ្ចឹមឆ្កែមួយក្បាលឈ្មោះ ជីជី ដែលតែងចេញទៅទទួលភ្ញៀវនៅមុខហាងផងដែរ។ គាត់បានបញ្ជាក់ចុងក្រោយថា “ខ្ញុំគិតថាយើងមិនគួរញ៉ាំសាច់សត្វនេះទេ ព្រោះវាឆ្លាតដូចមនុស្សអីចឹង គ្រាន់តែវាមិនចេះនិយាយប៉ុណ្ណោះ។”

អតីតអ្នកលក់សាច់ឆ្កែ ដែលប្តូរមកលក់ម្ហូបបួស

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]