រាជធានី​ភ្នំពេញ​ ៖ ខណៈ​លទ្ធផល​ផ្លូវការ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី ២០-២១ ខែសីហា ឆ្នាំ​២០១៨ កន្លង​ទៅ​នឹង​ត្រូវ​ប្រកាស​លទ្ធផល​​នៅ​ថ្ងៃ​ទី ១០ កញ្ញា​នេះ ។

ក៏​ស្រាប់តែ​មាន​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី ០៩ កញ្ញា របស់​ក្រសួង​អប់រំបញ្ជាក់​ឲ្យ​ដឹង​ថា អង្គប្រជុំ​ក្រុមប្រឹក្សាវិន័យ​របស់​ក្រសួង​អប់រំ ដោយ​មានការ​ចូលរួម​ពី​តំណាង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ «​បាន​សម្រេច​​ដាក់​វិន័យ​ចំពោះ​បេក្ខជន​ដែល​​បាន​ប្រព្រឹត្ត​ខុសឆ្គង ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ ហើយ​ត្រូវ​បាន​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័​យ​ប្រ​វិត្ត ចំនួន ១៧ នាក់​» ។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ​បេក្ខជន​ទាំង ១៧ រូប​នោះ​គឺ​មាន ករណី​ប្រើប្រាស់​ទូរស័ព្ទ ៣ នាក់ ករណី​យក​សំណៅ​ឯកសារ​ និង​ទូរស័ព្ទ​ចូល​ក្នុង​បន្ទប់​ប្រឡង ៦ នាក់ ករណី​យក​នាឡិកាដៃ Smart Watch ចូល​ក្នុង​បន្ទប់​ប្រឡង ១ នាក់ និង​ករណី​រក​ឃើញ​​មាន​សញ្ញា​សម្គាល់​អាគតដ្ឋាន​នៅ​លើ​សន្លឹក​កិច្ចការ​បេក្ខជន ៧ នាក់។​

សម្រាប់​ករណី​បេក្ខជន​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​ខាងលើ បាន​កើតឡើង​នៅ​តាម​មណ្ឌល​​សំ​ណេ​រ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​១​នាក់ ខេត្តក្រចេះ​១​នាក់ ខេត្តស្វាយ​រៀង ១​នាក់ ខេត្តសៀមរាប​១​នាក់ ខេត្តកណ្តាល​១​នាក់ ខេត្តរតនគិរី ១​នាក់ ខេត្ត​ព្រះ​សីហនុ​​១​នាក់ ខេត្តកំពង់ចាម​១​នាក់ ខេត្តបន្ទាយមានជ័យ​៣​នាក់ និង​រាជធានី​ភ្នំពេញ​៦ នាក់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]