បាត់ដំបងៈ កម្លាំងនគរបាលស្រុកសំឡូត ធ្វើការឃាត់ខ្លួនបុរសម្នាក់ ពីបទមនុស្សឃាត ដោយអចេតនា កាលពីវេលាម៉ោង២២និង៣០នាទី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ នៅចំណុចភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត នាំយកមកអធិការស្រុក ធ្វើការសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការខេត្ត ដើម្បីចាត់បន្តតាមច្បាប់។

លោក លី បួយ អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ គក សុភ័ក្រ្តភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត។ ចំណែកជនរងគ្រោះ មានឈ្មោះ សុខ គឹមសាន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិឃុំជាមួយគ្នា (ផ្ទះនៅជិតគ្នា)។

 លោក លី បួយ បន្តថា មុនពេលកើតហេតុ នៅវេម៉ោងប្រហែល ២០យប់ ជនរងគ្រោះបានដើរទៅទិញបារីជក់ នៅក្នុងភូមិជាមួយគ្នា ហើយបានជួបជាមួយជនសង្ស័យ ក៏បបួលគ្នាផឹកស្រាសជជែកគ្នាលេង មួយសន្ទុះក្រោយមក ជនសង្ស័យបានដើរទៅផ្ទះមុន ឯជនរងគ្រោះក៏នៅផឹកបន្តម្នាក់ឯង។ លុះពេលជនសង្ស័យ ដើរមកដល់ ផ្ទះបាត់ទូរស័ព្ទដៃ ត្រឡប់ទៅរកកន្លែងផឹកវិញ ជួបជនរងគ្រោះ ក៏បានសួរដេញដោលគ្នាថា ជនរងគ្រោះលួចទូរស័ព្ទខ្លួន រហូតដល់មានការប្រកែកគ្នា រុញច្រានគ្នាទៅ មក ធ្វើឲ្យជនរងគ្រោះដួលបោកក្បាលទៅនិងថ្ម បណ្តាលឲ្យបែកក្បាល ផ្នែកខាងក្រោយ។ ភ្លាមៗនោះជនសង្ស័យ បានជួយគ្រាជនរងគ្រោះ ដើរទៅដល់ផ្ទះវិញ ហើយ ជនរងគ្រោះបានធាក់ជនសង្ស័យមួយជើង ធ្លាក់ពីលើកាំជណ្តើរផ្ទះរបស់ខ្លួន ពេលនោះប្រពន្ធកូនជនរងគ្រោះ បានមកជួយជូតឈាម ហើយបានដាក់ឲ្យសម្រាក ជនសង្ស័យក៏បានដើរត្រឡប់មកផ្ទះវិញ។ មួយសន្ទុះក្រោយមក ប្រពន្ធជនរងគ្រោះ បានឮសូរប្តីដកចង្កាមាន់ ហើយនាំគ្នាផ្អើលទាំងយប់ ដោយជនសង្ស័យបាន ជួយ ដឹកទៅសង្រ្គោះ នៅមណ្ឌលសុខភាព តាសាញ តែពេលដឹកទៅដល់ គ្រូពេទ្យបាននិយាយថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយបានពិនិត្យ និងធ្វើ កោសល្យវិច្ច័យ លទ្ធផលឃើញថា ដាច់សរសៃឈាមក្នុងខួរក្បាល ក្រោយពីជនរងគ្រោះបានស្លាប់ហើយ សមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកអធិការ ស្រុកដើម្បីសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលជនរងគ្រោះស្លាប់ ខ្លួនពិតជាបាននាំគ្នាផឹកស្រា នៅតូបចាប់ហួយ ក្នុងភូមិ និងមានការប្រកែកគ្នា ពីរឿងខ្លួនបាត់ទូរស័ព្ទ ហើយក៏បានរុញច្រានគ្នាទៅមក ធ្វើឲ្យគាត់ដួលបោកក្បាលនិងថ្ម ហើយខ្លួនក៏បានជួយគ្រាគាត់មកផ្ទះ និងជួយនាំយកមន្ទីរពេទ្យទៀត ខ្លួនក៏គ្មានចេតនា ធ្វើឲ្យគាត់ ស្លាប់ដូច្នេះដែរ។ ក្រោយពីដឹងថាគាត់ស្លាប់ ហើយសមត្កិច្ចក៏បានមកនាំខ្លួន ទៅអធិការស្រុកតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាលស្រុក បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី១៥ ខែមីនានេះ ដើម្បីចាត់ការតាមច្បាប់៕  

ដោយ ៖ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]